វិភាគ៖ តើ​ការ​ចំ​ណាយ​ថវិ​កា​ជាតិ​លើ​ការបោះឆ្នោតពេលនេះបានលទ្ធផលបែបណា?

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (បូ សាវី)

គ.ជ.ប. បានប្រកាស​កាល​ពីចុង​ខែ​ឧសភាថា ថវិកាជាតិប្រមាណជា ៥៣លានដុល្លារ នឹងត្រូវចំណា​យសម្រា​ប់​រៀ​បចំការបោះ​ឆ្នោត​​ជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។

បើ​ធៀប​ទៅ​នឹង​ទំហំ​ចំណាយ​កាល​ពី​អាណត្តិ​មុនដែល​មាន​ចំនួន​តែ ១៩,៣​លាន​ដុល្លារ​នោះ ទំហំ​ថវិកា​ចំណាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ​នេះ បាន​កើន​ឡើង​ជាង ៣០​លាន​ដុល្លារ។

កំណើន​ទំហំ​នៃ​ការចំណាយថវិកាជាតិនេះ ទំនងមិនមែនជារឿងចៃដន្យ​នោះ​ទេ អាចមកពីសហរដ្ឋអាមេរិក និងសហ​ភាពអឺរ៉ុ​ប​ផ្អាក​​ផ្ត​ល់ជំនួយដល់ គ.ជ.ប. ទៀតហើយ ក្រោយពីតុលាការកំពូលរបស់កម្ពុជារំលាយ​​គ​ណបក្សប្រ​ឆាំងដ៏ធំនៅ​កម្ពុ​ជា​​ តាម​បណ្តឹ​ង​រដ្ឋាភិបាល។

បើគេនិយាយពីកញ្ចប់ថវិកាជាតិ មួយផ្នែកធំជាលុយដែលរដ្ឋាភិបាល​ប្រមូលពន្ធពីពលរដ្ឋជាកោសិកាសង្គម។ ពន្ធនេះ​ពល​រដ្ឋ​បានចូលរួមបង់ទាំងប្រយោល និងដោយ​ផ្ទាល់។

បង់ពន្ធ​ប្រយោល មានន័យថា ពលរដ្ឋម្នាក់​ទិញចំណីអាហារ សម្លៀកបំពាក់ និង​ចាក់សាំង​ចាប់ពី១លីត្រឡើងទៅ​ ពួកគេ​បា​នប​ង់​ពន្ធចូលរដ្ឋរួចទៅហើយ ព្រោះថា អ្នកលក់​តែ​​​ង​​តែ​​បូ​​កបញ្ចូលតម្លៃពន្ធ​ទៅក្នុង​ត​ម្លៃ​ទំ​​និញ​របស់គេ មុនលក់ចេញ​។

ចំណែកពន្ធមួយទៀត ពេលពលរដ្ឋទិញម៉ូតូ ទិញរថយន្ត ផ្ទះសំ​បែង សម្ភារៈផ្សេងៗ ឬសុំបើកក្រុមហ៊ុនដើម្បីធ្វើអាជីវកម្ម គឺជា​ការ​បង់​ពន្ធផ្ទាល់

បើគេពិនិត្យមើលពីជម្លោះនយោបាយ ដែលឈានទៅចាប់ខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រំលាយគណបក្ស​ស​ង្គ្រោះ​​ជាតិ បណ្តេញអង្គការរបស់អាមេរិក NDI បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាង៣០ ទាំងអស់នេះ ជំរុញឲ្យសហគមន៍​អន្ត​​រជា​តិ​​​នៃ​​​​​ប្រ​ទេ​​សលោកសេរីមួយចំនួនរួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង គំរាមពី​លទ្ធភាពដា​ក់ទ​ណ្ឌកម្មកដល់កម្ពុជា។

បើគ្មា​នអ្វីប្រែប្រួលទេ ដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅទាំងគ្មានបក្សប្រឆាំងចូលរួម និងក្រោមការគំរាមដាក់​ទណ្ឌកម្មពីប្រ​ទេ​ស​លោ​កសេរី។

ភាពចម្រូ​ងចម្រាសនេះ សួរថា តើការចំណាយថវិកាជាតិលើការបោះឆ្នោតនៅអាណត្តិនេះបានលទ្ធផលបែបណា?

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិ​បា​លតែងតែយកថវិកាជាតិ​ទៅចំណាយលើដំណើរការបោះឆ្នោត។ ប៉ុន្តែ​ លោ​​​ថា បើការបោះឆ្នោតនោះ ធ្វើឲ្យពល​រដ្ឋជិតពាក់​ក​ណ្តា​​​លប្រទេស គ្មានជម្រើស លុយ​ដែលពលរដ្ឋបង់ពន្ធនោះ នឹងក្លាយជាឧប​ករណ៍បង្កឲ្យ​មានភា​ពចម្រូ​​​​ងចម្រា​សក្នុ​ងសង្គម។

លោកថា៖ «អញ្ចឹងបើឆន្ទះនេះមិនត្រូវបានធានា ហើយការចូលរួមនេះ វាមិនបានពេញលេញ អញ្ចឹង តម្លៃដែលយើងរៀបចំទៅ ​វាអត់​បានគ្រ​ប់​ជ្រុ​ងជ្រោយ​ទៅនឹងអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋទេ»

អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ វិភាគថា បើដំណើរការបោះឆ្នោតមួយ ពល​រដ្ឋ​គ្រប់​​និន្នា​ការចេញទៅ​បោះឆ្នោ​តដោ​យគ្មានការភ័យខ្លាច លោកថា ថវិកាជាតិដែលរដ្ឋប្រើប្រាស់ ជាកត្តាជំរុញយន្ត​ការ​ប្រ​​​ជាធិបតេយ្យ។ ប៉ុន្តែ លោក​ថា បើដំណើ​រការបោះ​ឆ្នោ​តនោះ​ បំពេញឆន្ទៈតែមនុស្សមួយក្រុម ថវិកាជាតិ​ដែលជាញើសឈាម​ពលរ​ដ្ឋ បាន​ក្លាយជា​ឧបការណ៍បំបែកបំបាក់ជាតិ។

ការបោះឆ្នោតហ្នឹងប្រហែលជា​អាចមិនទទួលស្គាល់ដោយប្រជាពលរដ្ឋជាងពាក់កណ្តាលប្រទេសក៏ថាបានដែរ ព្រោះអីបើកាលណាគេអត់ទៅបោះឆ្នោតច្រើន មានន័យថា ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹង គេអត់​ទទួលស្គាល់ការបោះ​ឆ្នោតហ្នឹងទេ ទី១។ ទី២ មានន័យថា បើគេកាត់ជំ​នួយកាត់អី​ហើយ មា​នន័យថា ពួកប្រទេសប្រជាធិប​តេយ្យហ្នឹង គេ​ត្រៀម​មិ​​​នទទួលស្គាល់លទ្ធផលបោះឆ្នោតរួចទៅហើយ។ រឿងនេះរដ្ឋាភិបាល បានអំណាច ប៉ុន្តែ អាចនឹងឈឺក្បាលខ្លាំង

អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ

លោក ហង្ស វិទូ វិភាគទៀតថា បើក្រោយការបោះឆ្នោតបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្ម ពលរដ្ឋដែលជាអ្នកបង់ពន្ធ នឹង​ក្លាយ​​ជាជនរងគ្រោះពីរត្រួត ទី១ លុយដែលពួកគេ​បង់ពន្ធក្លាយជាឧបក​រណ៍គំរាមកំហែងពួកគេ​ និងទី២ ពេលអន្ត​រជាតិដាក់​ទ​ណ្ឌ​ ​ពលរដ្ឋអ្នកក្រីក្រ​ជាអ្នករងគ្រោះមុនគេ។

នៅចុងខែឧសភា ឆ្នាំ២០១៨នេះ ប្រទេសវេណេហ្សូអេឡា បានចំណាយថវិកាជាតិច្រើនលានដុល្លារ ដើម្បីរៀបចំដំណើរកា​របោះ​​​ឆ្នោតមួយ​​ដោយគ្មានការចូលរួមរបស់បក្សប្រឆាំង ហើយការបោះឆ្នោតនោះទៀតសោត ពលរដ្ឋតែជាង ៤៦​ភាគរយប៉ុណ្ណោះ ចេ​ញ​ទៅបោះឆ្នោត។

ប៉ុន្តែ ជាការកត់សម្គាល់ ក្រោយប្រកាសលទ្ធផលបោះឆ្នោត សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរួម​​គ្នាដាក់ទណ្ឌកម្មដល់ម​ន្ត្រី​បក្ស​កាន់អំ​ណាចដែលទើបជាប់ឆ្នោត ចំណែកប្រទេសជប៉ុនដែលធ្លាប់គាំទ្រការបោះឆ្នោតពីដើមរៀងមក ក៏បានប្រកាសមិ​នទ​ទួ​ល​​ស្គាល់លទ្ធ​ផលបោះឆ្នោត​របស់វេណេហ្សូអេឡានេះដែរ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា ការធ្លាក់ចុះប្រជាប្រិយភាពជាបន្តបន្ទាប់​របស់​គ​ណបក្ស​កាន់​អំណាច​នៅឆ្នាំ២០១៣ និងឆ្លាំ២០១៧ ជាសញ្ញាភ័យខ្លាចបា​ត់បង់អំណាចក្រោយការ​បោះឆ្នោតឆ្នាំ​២០​១៨មុខ។ លោ​កបា​ន​​​​ចោទជាសំណួរថា បើំមេដឹកនាំ​មួយបារម្ភបែបនេះ អាចប៉ះពាល់​ដល់តម្លាភាពនៃ​ការប្រើប្រាស់ថវិកាជាតិ​ផងដែ​រ។​

ឥឡូវនេះ យើងឃើញមានទំនាស់ផ្ទៃក្នុងរវាងគ្នាឯង និងគ្នាឯង។ ប្រសិនបើការបោះឆ្នោ​តឆ្នាំ២០១៨ គ្មានការទទួ​លស្គាល់ពីអន្តរជាតិទេ យើងនឹងចាប់ផ្តើមមានភាពចម្រូងចម្រា​សជាមួយសហគមន៍អន្តរជា​តិទៀតរវាងរដ្ឋាភិបាលកម្ពុ​ជា ហើយវិប​ត្តិហ្នឹង វានឹងកើតឡើងរវាងក្នុងស្រុក និងអន្តរជាតិទៀ​ត បើសិនជា​លក្ខខណ្ឌវាមិនបា​នប្រព្រឹត្តទៅតា​មលក្ខ​ខ​ណ្ឌសេ​រី ត្រឹមត្រូវ និងយុត្តិធម៌នោះ

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី

សរុបជារួមមក អ្នកវិភាគថា បើអ្នកនយោបាយខ្មែរប្រើថវិកាជាតិ ដើម្បីតែប្រយោជន៍បក្ខពួក សម្រាប់រៀបចំបោះ​ឆ្នោតនៅ​ពេល​នេះ ពួកគេថា ជម្លោះផ្ទៃក្នុង និងជម្លោះការទូត​ជាមួយ​អន្តរជាតិនៃប្រទេសលោកសេរី អាចនឹងកើតឡើង ហើយថា ផលវិ​បាក​នឹ​ងធ្លា​​​ក់​លើ​​​ពលរដ្ឋ និងរដ្ឋាភិបាលខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ