បទ​យកការណ៍​៖​ ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​បារម្ភ​ពី​គ្រោះថ្នាក់​បណ្តាល​មក​​ពី​រថភ្លើង​​​​ត​ភ្ជាប់​ទៅ​ព្រលាន​យន្តហោះ​ 

នៅក្នុងរយៈពេលជាងមួយខែ គេឃើញមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថភ្លើងនៅក្នុងប្រទេស​កម្ពុជាជាច្រើនករណី ជា​ពិសេស គឺខ្សែរថភ្លើងពីស្ថានីយ៍កណ្តាលទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ព្រលាន​យន្តហោះ អន្តរជាតិភ្នំពេញ ​​​ដែលទើបដាក់ដំណើរការ​កាលពីថ្ងៃទី១០ ខែមេសា ​​​ឆ្នាំ២០១៨។

តំបន់សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជាឧទាហរណ៏មួយនៃបញ្ហាដែល​​​សាលារាជធានីភ្នំពេញ​កំពុង​តែ​ដោះ​ស្រាយ​​​នៅឡើយ។​​​ ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ និង​អ្នក​ធ្វើ​ដំណើរ​តាមដង​ផ្លូវ​នោះ ​បាន​រិះគន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​​ដោយ​សារមានករណី​គ្រោះថ្នាក់ចរាចរណ៍កើតមាន​ជា​ញឹកញាប់​ ដែល​បង្ក​ដោយ​រថភ្លើង​និង​ផ្លូវដែក​ដែល​ធ្វើ​កណ្តាលផ្លូវនោះដែរ។ ក្រៅពីនេះ ពលរដ្ឋអះអាងថា ​មានការ​រំខានយ៉ាងខ្លាំងពីសំឡេង​ស៊ីផ្លេរថភ្លើង​។

អង្គុយលើរ៉ឺម៉កកង់បី ដោយដៃកំពុងចុចទូរស័ព្ទបណ្តើរ និងកំពុងរងចាំភ្ញៀវផងនោះ លោក ប៊ុន រ៉ាន់ បាន​​​ប្រាប់​អ្នក​សារព័ត៌មា​ន​ថា លោកបានឃើញ​គ្រោះថ្នាក់ដោយផ្ទាល់ជាច្រើនដងមកហើយ ​​​ក្នុងមួយ​ថ្ងៃ​គាត់​ឃើញគ្រោះថ្នាក់ មិនក្រោមប្រាំដងនោះឡើយ ខណៈលោកមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។

ផ្លូវរទេះភ្លើង វាមានបញ្ហាច្រើន ព្រោះដោយសារគេអ្នកពីចម្ងាយមក គេអត់​សូវ​ចាប់​អារម្មណ៍​​រឿងផ្លូវកង់រទេះនេះ ដួលបោក ហើយអ្នកខ្លះដឹងក៏នៅតែមានបញ្ហាដួលដែរ

លោក ប៊ុន រ៉ាន់ អ្នករត់រ៉ឺម៉កកង់បី

ដោយសារតែលោកបានឃើញផ្ទាល់ពីបញ្ហាដួល និងគ្រោះថ្នាក់ជាញឹកញាប់ពីសំណាក់ប្រជាជន និងអ្នកជិះនៅ​តំបន់​នោះផ្ទាល់ លោកចង់ឲ្យមានការធ្វើរនាំងដាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។

ខ្ញុំសំណូមពរថា ប្រសិនជាអាចសូមឲ្យគាត់ដាក់រនាំងមួយប្រលោះរទេះភ្លើង ដាក់រនាំងជួយៗ […] ផ្លូវណាចេញពីក្នុងមក យើងបំបែកទុកឲ្យគេចេញចូលខ្លះទៅ […] បើយើងដាក់វាលស្រលះ។ វាមានបញ្ហាច្រើន ដោយសារគេអត់​ដឹង អត់​ចាប់​អារម្មណ៍

លោក ប៊ុន រ៉ាន់ អ្នករត់រ៉ឺម៉កកង់បី

ងាកមកអាជីវករម្នាក់ដែលកំពុងឆាម្ហូបលក់ជូនភ្ញៀវ លោក បូរី បាននិយាយពីផលវិជ្ជមាន និងអវិជ្ជមាន ក្រោយ​មាន​ផ្លូវរថភ្លើង និង​រថភ្លើងនៅទីនោះ។

ទីមួយ វាប៉ះពាល់ដល់ពេលគេធ្វើដំណើរ​ទៅ វាគ្រោះថ្នាក់ចូលចង្អូរផ្លូវរទេះភ្លើង វា​គ្រោះថ្នាក់ដួលអញ្ចឹងទៅ ជួនកាលឡានមកប៊ិះនឹងកិនទៀត។ ទីពីរ ពេល​ដែលរថភ្លើងមកម្តងៗ ផ្អើលអស់​ហើយ​ម្តុំៗនេះ ស៊ីផ្លេៗដល់ហើយ

អាជីវករម្នាក់ដែលកំពុងឆាម្ហូបលក់ជូនភ្ញៀវ លោក បូរី

លោកបានបន្តថា នៅពេល​រដ្ឋាភិបាល បានពង្រីកផ្លូវរថភ្លើង​រួចមក គឺធ្វើឲ្យការប្រកបមុខរបររបស់​លោក​មាន​លក្ខណៈ​​ងាយ​​ស្រួលជាងមុន ព្រោះ​​​ស្ថានភាពផ្លូវធ្វើដំណើរ ​មាន​ភាព​ងាយ​ស្រួលជាងមុន​។ ​

ទោះបីជាមាន​ភាព​វិជ្ជមាន​ខ្លះ​​ក៏ដោយ ក៏លោក បូរី បារម្ភនិងសំណូមពរប្រហាក់ប្រហែល លោក ប៊ុន រ៉ាន់ ដោយ​លោក​សំណូមពរឲ្យ​​ដាក់​​​រនាំងត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់នានា។

សូមសំណូមពរឲ្យដាក់​របាំង​ដែកតិចៗទៅ លើកលែងតែផ្លូវបំបែកបានហើយ […] វាស្រួល​ការពារ​គ្រោះថ្នាក់ ព្រោះអីអ្នកជិះទៅជិះមក ជួនកាលរទេះភ្លើងជិះមកទៅ គ្នាអត់ដឹងអាចប៉ះពាល់គ្នាដែរ

អាជីវករម្នាក់ដែលកំពុងឆាម្ហូបលក់ជូនភ្ញៀវ លោក បូរី

ខណៈពេលដែលកំពុងបីកូនតូច អ្នកស្រី សេង សុធា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នគឺពុំសូវមានគ្រោះថ្នាក់​​​កើត​ឡើង​​ច្រើនទេ ប៉ុន្តែសំឡេងរបស់រថភ្លើង គឺនៅតែរំខានដដែល។

សំឡេង វា (រថភ្លើង) ទៅមក វាលាន់ផង ហើយសំឡេងស៊ីផ្លេ គឺខ្លាំង យប់​ឡើង​ក៏​នៅ​តែទៅ​មក​ដែរ ម៉ោង១២ ម៉ោង១អី នៅមករហូតហ្នឹង

អ្នកស្រី សេង សុធា ពលរដ្ឋរស់នៅម្ដុំបណ្ដោយផ្លូវរទេះភ្លើង

អ្នកស្រីបានបន្ថែមថា អ្វីដែល​អ្នកស្រីចង់បាននៅពេលនេះ គឺ​សុំឲ្យធ្វើ​រនាំងការពារ​តាមដងផ្លូវរថភ្លើង​ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​​​កើតឡើងទៀត។

ឆ្លើយតបនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនរថភ្លើងរ៉ូយាល់រេលវេយ៍ លោក ចន គែរី (John Guiry) បានឲ្យដឹងតាមសារអេឡិចត្រូនិចថា ក្រុមហ៊ុន​ បានផ្តល់​ដំណឹង​ទុក​ជា​មុន​ដល់​ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់ដែលកើតជាយថាហេតុ ហើយ ក្រុមហ៊ុន ​ក៏​បានចែកចាយជាខិតបណ្ណ សៀវភៅព័ត៌មាន និងផ្សព្វផ្សាយ​តាមទូរទស្សន៍ផងដែរ។

លោក ចន គែរី បន្តថា បើទោះបី​ជាខ្សែឆ្លង​កាត់សំខាន់ៗតែងតែមានឆ្មាំការពារនិងទម្លាក់របាំង​ហាម​ជានិច្ច​យ៉ាង​ណា​ក៏ដោ​យ ប៉ុន្តែ ប្រជាពលរដ្ឋ​នៅតែបើកកាត់មុខ​រថភ្លើង​ដដែល។

ចំណែក អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា  ប្រាប់វីអូឌីតាមទូរសព្ទ​ថា សម្រាប់​​​អ្នក​​ធ្លាប់ជួបគ្រោះថ្នាក់ពីមុន ក្រសួង គ្មានប្រាក់សំណងជូននោះទេ ព្រោះ​ពុំ​មាន​ច្បាប់​ណា ដែល​និយាយ​ថា រថភ្លើង​​បុកហើយ ត្រូវសងគេ​នោះទេ។

លោក វ៉ា ស៊ីមសូរិយា​ លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លំអិត​អំពី​ផែន​ការ​កាត់​បន្ថយការ​គ្រោះថ្នាក់ ដែល​បណ្តាល​​​ម​កពីរថភ្លើង។

គួរឲ្យបញ្ជាក់ថា មានករណីកើតឡើងមួយនៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ដែលបណ្តាលឲ្យ​នារី​ម្នាក់​ស្លាប់​បាត់បង់​ជីវិតភ្លាមៗ ដោយសារត្រូវបានរថភ្លើងកិន នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់​កាកាប់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបន្ទាប់មក មានករណីមួយទៀត​ ​​គឺរថភ្លើង​បុករថយន្ត ចំពេល ដែល​កំពុង​កកស្ទះចរាចរណ៍ខ្លាំង តែពុំបណ្តាលឲ្យនណាម្នាក់របួសនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ