លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាអ្នកដែលអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតគឺជាអ្នកធ្វើសកម្មភាពប្រឆាំង និងមិនគោរពព្រះមហាក្សត្រ ។
ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជសារ កាលពីថ្ងៃទី១៨ ខែឧសភា ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីម្សិលមិញ ដោយអំពាវនាវពលរដ្ឋឲ្យទៅចូលរួមការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ។
ក្នុងពិធីជួបជុំជាមួយកម្មករនៅខេត្តកំពង់ចាម នៅថ្ងៃនេះលោក ហ៊ុន សែន បានថ្លែងថាព្រះរាជសាររបស់ព្រះមហាក្សត្រនេះជាការទះកំផ្លៀង យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ដោយថាការអំពាវនាវនេះស្មើនឹងទោសបំពានព្រះមហាក្សត្រ។
លោក ហ៊ុន សែន នាយករដ្ឋមន្រីកម្ពុជា
លោក សម រង្ស៊ី កាលពីថ្ងៃ២៣ ឧសភា បានផ្ញើលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រដោយសូម ព្រះអង្គគង់នៅជាអព្យាក្រឹត្យ ដើម្បីបង្រួបបង្រួមជាតិ និងកុំធ្វើតាមការស្នើសុំ របស់បក្សកាន់អំណាច ដែលលោកថា បានដាក់សំពាធឲ្យពលរដ្ឋចេញទៅបោះឆ្នោត។
ក្នុងព្រះរាជសារដែលព្រះមហាក្សត្រឡាយព្រះហស្ថលេខា ព្រះអង្គទ្រង់មានព្រះបន្ទូលថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ ជាសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ព្រះអង្គមានព្រះបន្ទូលបន្ថែមថាសូមកុំមានឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ។
ព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហមុនី
អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការចេញព្រះរាជសារអំពាវនាវរបស់ព្រះមហាក្សត្រនៅពេលនេះគឺជាចេតនាល្អ និងសេចក្តីបំភ្លឺមួយដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តដល់ការបោះឆ្នោតនាពេលខាងមុខ។ លោកបានបន្ថែមថា មកដល់ពេលនេះគណកម្មាធិការជាតិមិនទាន់ឃើញមានបាតុភាពនៃការគំរាមកំហែងណាមួយទៅលើអ្នកបោះឆ្នោតនោះទេ។
លោកថា៖ « ដោយឡែក គ.ជ.ប និងអនុវត្តយន្តការណ៍របស់ខ្លួន ចំពោះជនដែលរារាំងដល់ការបោះឆ្នោត ជនដែលបញ្ច្រាសច្បាប់ និងមានការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែលជាអំពើល្មើសច្បាប់ បំបែកបំបាក់ជាតិ និងធ្វើឲ្យរាំងស្ទះដល់ការរីកចំរើននៃលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាតាមរយៈការបោះឆ្នោតនោះ គឺត្រូវចាត់វិធានការតាមច្បាប់។ ហើយដែលច្បាប់នេះឯងមានចែងក្នុងមាត្រា១៣២នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ » ។
គណបក្សចំនួន ២០ នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ស្របពេលដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្ម និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតខាងមុខឡើយ ប្រសិនបើគ្មានការដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្សប្រឆាំងបានចូលរួមការបោះឆ្នោត។
ករណីនេះទាំងរាជរដ្ឋាភិបាលបច្ចុប្បន្ន និង គ.ជ.ប ថាការទទួលស្គាល់ ឬមិនទទួលស្គាល់ជាសិទ្ធិរបស់ប្រទេសទាំងនោះ តែអ្វីដែលសំខាន់គឺការធានាដល់ការបោះឆ្នោតនាពេលខាងមុខអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕