របាយការណ៍​ថាសន្ទស្សន៍សន្តិ​ភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ​មក​ពី​រំ​លាយ​បក្ស​​ប្រ​ឆាំង​

វិមានឯករាជ្យ

វិទ្យាស្ថានអន្តរជាតិមួយ នៅប្រទេសអូស្ត្រាលី បង្ហាញថា កម្ពុជាមានសន្ទស្សន៍សន្តិភា​ពធ្លាក់ចុះ បើធៀបទៅនឹងឆ្នាំមុន ក្នុងរយៈ​ពេ​​ល​ដូចគ្នា ដោយថាបញ្ហាចំបងមកពីរំលាយគណបក្សសង្គ្រោះជាតិ។

អតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានតុលាការកំពូលប្រកាសរំលាយចោលមុន​បោះឆ្នោ​ត​​​​មក​ដល់ កាលពីចុងឆ្នាំ​២០១៧ តាម​ប​ណ្តឹង របស់រដ្ឋាភិបាល ។

វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលមានទីតាំងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានបង្ហាញរបាយការ​ណ៍កម្រាស់ ៩៦    ទំព័​រ ដែលសិក្សា​ទៅលើប្រទេសចំនួន១៦៣លើពិភពលោក រួមទាំងកម្ពុជាផងដែរ ដោយរកឃើញថា ចំណាត់ថ្នាក់សន្តិភាព រប​ស់កម្ពុ​ជា បា​​​ន​ធ្លា​ក់ចុះ។

របាយការណ៍នេះបង្ហាញថា មូលហេតុចំបងមកពីប្រព័ន្ធដឹកនាំរដ្ឋ បានគាបសង្កា​ត់ ទៅលើ​គ​​ណបក្ស​សង្គ្រោះ​​ជា​តិ​ ដែលជាគណ​ប​ក្សប្រ​ឆាំងដ៏ធំជាងគេនៅកម្ពុជា។

របាយការណ៍ដដែល បង្ហាញទៀតថា នៅឆ្នាំ២០១៨នេះ សន្ទស្សន៍ស​ន្តិភាពរបស់​កម្ពុ​ជា​​ ​ធ្លា​​​​ក់ចុះរហូតដល់ចំណាត់ថ្នាក់លេខ៩៦ ពោលគឺធ្លាក់ចុះ៧លេខ ដែលកាលពីឆ្នាំ២០១៧កន្លងទៅកម្ពុជាជាប់លំដាប់ថ្នាក់៨៩។​

ប៉ុន្តែអ្នកពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានច្រានចោលរបាយការណ៍នេះ និងបានអះអាងថា ចំណា​ត់ការ​នា​​នា​​ទៅ​លើបក្សប្រឆាំង ​ថាជាការ​អនុវត្តច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ខ្ញុំយល់ថារបាយការណ៍ហ្នឹងមានចរឹតកាន់ជើងមជ្ឈដ្ឋានអតីតបក្សប្រឆាំង ដូច្នេះវាមិនបានផ្សារភ្ជា​ប់ទៅនឹងការពិតជាក់​ស្តែ​​​​ង​​នៅក្នុង​ប្រទេសកម្ពុជាទេ។ ការដែលបក្សប្រឆាំងត្រូវរលាយសូន្យនោះគឺមិនមែនដោយសារតែគណបក្សណា​​ ឬអ្នកក្រៅ​ណា​ដែ​​លមករំលាយគាត់ទេ គឺដោយសារអំពើល្មើសច្បាប់របស់គាត់ធ្ងន់ធ្ងរ

អ្នកពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន

យ៉ាងនេះក្តី អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា ការវាយតម្លៃ របស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព នៅប្រ​ទេ​ស​​អូស្ត្រាលីនេះ អាចជឿជាក់​បាន ដោយថារបាយការណ៍ស្រាវជ្រាវនេះ បានវាយតម្លៃតាមស្តង់ដារអន្តរជាតិ ហើយផ្អែកទៅលើ​បញ្ហា​សង្គ្រាម កា​ររំ​លោ​ភសិ​ទ្ធិមនុស្ស និងកត្តាអនុវត្តច្បាប់។

បើតាមលោក ហង្ស វិទូ របត់នយោបាយនៅកម្ពុជា កំពុងប្រឈមនឹងការបែកបាក់ជាតិ និងប្រឈមនឹងជម្លោះការទូតជាមួយ​លោក​សេរី ​បើរដ្ឋាភិបាល នៅតែប្រកាន់ជំហរតឹងរឹង មិនព្រមងាករកមកស្តារស្ថានការណ៍នយោបាយឡើងវិញនោះទេ។

គេថាមនុស្សដែលអាក្រក់ គឺជាមនុស្សដែលរំលោភច្បា​ប់។ប៉ុន្តែមនុស្សដែលអា​ក្រក់ជាងមនុស្សដែ​លរំលោភច្បាប់ទៀ​តហ្នឹ​ង គឺមនុស្សដែលយកច្បាប់មករំលោភលើអ្នកដទៃ នេះជារឿងមួយ ដែលយើងមើលឃើញថា មិនអាចឲ្យកម្ពុ​ជាហ្នឹង​មាន​សុ​ខស​​ន្តិភាពពិតប្រាកដទេ

អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ

ទោះជាយ៉ាងណា របាយការណ៍បង្ហាញថា បើទោះជាកម្ពុជាមានសន្ទស្សន៍សន្តិភាពអាក្រក់ជាងប្រទេសសឹង្ហបូរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឡាវ ក៏ដោយ តែកម្ពុជា ល្អជាងប្រទេសចិន ថៃ មីយ៉ានម៉ា ភីលីពីន និងកូរ៉េខាងជើងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ