រដ្ឋសភានៅព្រឹកនេះបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលតិចបំផុតសម្រាប់កម្មករនិយោជិត ខណៈ តំណាងរោងចក្រនិងសហជីពបង្ហាញក្តីព្រួយបារម្ភលើចំណុចមួយចំនួននៅក្នុងច្បាប់នេះ។
ថ្លែងក្នុងអង្គប្រជុំសភាព្រឹកនេះរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះមានគោលបំណង លើកកម្ពស់ជីវភាពរស់នៅ បង្កើតឱកាសការងារ និង បង្កើនផលិតភាពរបស់កម្មករនិយោជិត។
សេចក្តីព្រាងច្បាប់ដែលមាន៦ជំពូក និង៣០មាត្រានេះ នឹងគ្រប់ដណ្តប់ទៅលើសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំងបង្កើតឲ្យមានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរិមា មួយ សម្រាប់សិក្សា និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ ដល់អ្នកធ្វើការផងដែរ។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរលោក កាំង ម៉ូលីកា យល់ថាច្បាប់នេះជាការវិវត្តន៍ថ្មី និងជាបន្ទាត់សម្រាប់ការចរចារប្រាក់ឈ្នួលផងដែរ ប៉ុន្តែលោកក៏ស្នើឲ្យសភាពិនិត្យ និងឲ្យរដ្ឋាភិបាលបញ្ជាក់ឲ្យច្បាស់ពីចំនុចមួយចំនួនដែលទាក់ទងនឹងការតម្លើងប្រាក់ខែ និងប្រាក់លើកទឹកចិត្តកម្មករ។
លោក កាំង ម៉ូលីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរ
ប្រធានសហព័ន្ធសហជីពជាតិលោក ហ្វា សាលី បារម្ភថាច្បាប់នេះនឹងធ្វើឲ្យសេរីភាពបញ្ចេញមតិរបស់សហជីពលើរឿងប្រាក់ឈ្នួលកាន់តែរួមតូច ហើយការបង្កើតក្រុមប្រឹក្សាថ្នាក់ជាតិបន្ថែមទៀតនោះ នឹងធ្វើឲ្យយោបល់របស់សហជីពកាន់តែពិបាកដើម្បីលើកឡើងក្នុងការតម្លើងប្រាក់ឈ្មួលសម្រាប់កម្មករ។
ប្រធានសហព័ន្ធសហជីពជាតិលោក ហ្វា សាលី
បើតាមលោកហ្វា សាលី ប្រាក់ឈ្មួលយ៉ាងតិច ២០០ដុល្លារ ទើបអាចទទួលយកបានសម្រាប់កម្មករនាឆ្នាំ២០១៩។
ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៨ នេះ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្មួលអប្បបរិមាដល់កម្មករជាបន្តបន្ទាប់ពោលគឺពី៤០ ដល់១៧០ដុល្លារក្នុងមួយខែ ហើយក៏សន្យាថានឹងមានការពិភាក្សាដំឡើងបន្តទៀតនាឆ្នាំបន្តបន្ទាប់៕









