នាយិកា CCHR សង្ឃឹមថា តុលាការរក្សាឯករាជ្យជុំវិញរឿងក្ដីប្រឆាំងលោក កឹម សុខា

អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សង្ឃឹមថា តុលាការនឹងរក្សាជំហរឯករាជ្យជុំវិញសំណុំរឿងប្រឆាំងលោក កឹម សុខា និងសាក្សីផ្សេងទៀត ដែលទទួលបានដីកាកោះហៅពីតុលាការ។

អ្នកស្រីបានថ្លែងបែបនេះក្រោយ ក្រោយចូលខ្លួនឆ្លើយបំភ្លឺជាសាក្សី ក្នុងសំណុំរឿងដែលតុលាការចោទមេដឹកនាំអតីតបក្សប្រឆាំង ថា «ក្បត់ជាតិ»នៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ។

ក្ដីសង្ឃឹមរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឬក្នុងនាមអង្គការសង្គមស៊ីវិល យើងគ្រាន់តែចង់ឃើញថា ដំណើរការនីតីវិធីនេះនឹងធ្វើទៅដោយឯករាជ្យ មិនមានការជះឥទ្ធិពលណាមួយ។ ជាពិសេសធានាដល់សិទ្ធិអ្នកពាក់ព័ន្ធទាំងឡាយ រួមទាំងសាក្សី និងជនជាប់ចោទ ទទួលបាននូវសិទ្ធិនៃការជំនុំជម្រះដោយយុត្ដិធម៌

អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ជុំវិញការចូលខ្លួនឆ្លើយបំភ្លឺជាសាក្សីនៅតុលាការព្រឹកនេះ អ្នកស្រី ចក់ សុភាព ប្រាប់អ្នកសារព័ត៌មានថា តុលាការបានសាកសួរអ្នកស្រីពីរឿងមួយចំនួនទាក់ទិនមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពេលដែល​លោក កឹម សុខា នៅជាប្រធាន និងប្រវត្តិការងារទូទៅរបស់អ្នកស្រី។ ប៉ុន្ដែ អ្នកស្រីសុំមិនបញ្ជាក់លម្អិតអំពីការសាកសួរនេះទេ ដោយថា ដើម្បីគោរពនីតិវិធីតុលាការ។

ក្រៅពីនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រធានសមាគមធាងត្នោត លោក មាស គឹមសេង​ នៅថ្ងៃនេះក៏ត្រូវចូលខ្លួនបំភ្លឺនៅតុលាការក្នុងនាម​ជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា​ នេះដែរ។​

ក្នុងដីកាចំនួន ៨ ផ្សេងគ្នា ចុះថ្ងៃទី ១៧ ឧសភា ចៅក្រមស៊ើបសួរលោក គី ឬទ្ធី បានកោះហៅបុគ្គល ៨ រូប ឲ្យចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងដំណើររឿងប្រធានអតីតបក្សសង្គ្រោះ​ជាតិលោក កឹម សុខា ដែលរងការចោទពីបទ «សន្និដ្ឋិភាពជាមួយបរទេស»។

ក្រៅពីអ្នកស្រី ចក់ សុភាព និងលោក​ មាស​ គឹមសេង​ ក៏មានសាក្សីផ្សេងទៀតត្រូវបានតុលាការកោះហៅផងដែរ គឺប្រធានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ និងប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ