អ្នកច្បាប់ខ្លះបារម្ភពីសេរីភាពប្រកបវិជ្ជាជីវៈ បន្ទាប់ពីក្រសួងគ្រោងធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈមេធាវី

លោក អង្ស វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ថ្ងៃទី ០៦ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងយុត្តិធម៌)

អ្នកច្បាប់មួយចំនួនបង្ហាញការព្រួយបារម្ភពីការប្រកបវិជ្ជាជីវៈរបស់ខ្លួន ក្រោយពីក្រសួងយុត្តិធម៌គ្រោងធ្វើវិសោធន​កម្ម​​​​​ច្បា​ប់​ស្តីពីលក្ខន្តិកៈមេធាវីនាពេលឆាប់ៗខាងមុខ​នេះ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងយុ​ត្តិធម៌បានចេញផ្សាយ​ កាលពីថ្ងៃទី០៦ ខែមិថុនានេះថា ស្ថាប័ននេះបានបង្កើតក្រុម​លេខាធិការ​នៃ​ក្រុម​ការងាររៀប​ចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដោយថាដើម្បីសិក្សាស្រាវជ្រាវច្បាប់ លិខិត​បទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងលក្ខន្តិកៈមេធាវី ផ្តួចផ្តើមនូវជម្រើសនានា និងរៀប​ចំជា​អត្ថ​បទ​សេចក្តី​ព្រាង​ច្បាប់​​​ស្តីពីវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ដាក់ជូនក្រុមការងារពិនិត្យនិងសម្រេច​​ជាដើម។

មេធាវី ជួង ជូងឺ មានប្រសាសន៍ថា លោកគាំទ្រឲ្យក្រសួងយុត្តិធម៌បង្កើតក្រុមការងារត្រួតពិនិត្យ និងធ្វើវិសោធនកម្ម​ច្បាប់​ស្តីពីលក្ខន្តិកៈមេធាវី ប៉ុន្តែលោកបង្ហាញការព្រួយបារម្ភថា ខ្លាច​ការធ្វើវិសោធនកម្មច្បាប់នោះមានលក្ខណៈ រឹត​ត្បិត​​​​​សិទ្ធិ​សេរី​ភាពមេធាវី ដូចក្នុងក្រមសីលធម៌ដែលកម្រិតការបញ្ចេញមតិរបស់មេធារីនៅទី​សាធារណៈ​។

ប្រសិនបើយើងដាក់កំហិតក្នុងការបញ្ចេញមតិរបស់មេធាវី ធ្វើឲ្យមេធាវីក្រិនចំណេះដឹង​ អត់អាច​យកចំណេះដឹងរបស់ខ្លួនទៅប្រើទូលំទូលាយ​ ក្នុងវិស័យយុត្តិធម៌ទេ ជាការល្អច្បាប់ធ្វើឡើង​គឺអាចឲ្យមេធាវីចូលរួម ទាំង​សកម្មភាពទាំងមតិ ដោយសេរី ហើយគាត់ទទួលខុសត្រូវ​នឹងអំពើ និងសម្តីដែលគាត់និយាយដោយផ្ទាល់​

មេធាវី ជួង ជូងឺ

យ៉ាងណាក៏ដោយ VOD មិនអាច​សុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេនៅថ្ងៃនេះ។

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក សួន វិសាល មានប្រសាសន៍ថា លោកបាន​ទទួល​ព័ត៌​មាន​ពី​ក្រសួង​​​យុត្តិធម៌ជុំវិញគម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនេះដែរ។ ប៉ុន្តែលោកថា គម្រោងវិសោធន​កម្មច្បាប់នោះ គ្រាន់តែធ្វើឲ្យស្របតាមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជួយ​ឲ្យមេធាវីកម្ពុជា​មានសិទ្ធិ​ទៅ​​ប្រកបវិជ្ជាជីវៈនៅ​ប្រទេសដែលបានចុះ (WTO) ឬមេធាវីបរទេសអាចមក​ប្រកបវិជ្ជាជីវៈ​នៅកម្ពុជា​បាន​ដូចគ្នា​ដែរ។

ដោយឡែក ការវិសោធនកម្មពាក់ព័ន្ធច្បាប់នៃមាត្រាផ្សេងៗទៀត ​លោក វិសាល បញ្ជាក់ថា អាចនឹង​បញ្ចូលខ្លឹម​សារ​បន្ថែម ឬកែប្រែផងដែរ​។

លោកមានប្រសាសន៍ថា«ប្រសិនបើយើងមានពេល​ យើងនឹងពិនិត្យទូទៅដែរ ថាតើច្បាប់ហ្នឹង​រយៈពេល២៥ឆ្នាំ​កន្លង​ទៅ​នេះ​ មានប្រកាសអ្វីខ្លះទៀត​ដែលយើងអាចបញ្ចូលបាន​ ប្រសិនបើការធ្វើវិសោធនកម្មហ្នឹងមានលក្ខណៈថ្មី យើង​ពិនិត្យ​ទូទៅដែរ​»។

មេធាវី សេក សោភ័ណ្ឌ មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីល្អ ដោយថា ដើម្បី​ឲ្យ​ស្រប​តាម​​​សម័យ​​កាលទំនើប ជាជាងវិសោធនកម្មរឹតត្បិតសេរីភាពមេធាវី​ក្នុងការប្រកបវិជ្ជាជីវៈ។

ខ្ញុំជឿថា ក្រុមការងារនៅធ្វើវិសោធនកម្ម នឹងប្រឹងប្រែងដើម្បីឲ្យច្បាប់​[ច្បាប់ស្តីពីល​ក្ខន្តិកៈ​មេធាវី]​មិនត្រឹមតែលើកកម្ពស់វិជ្ជាជីវៈមេធាវី ថែមទាំងផ្តល់កិច្ចការពារទៅដល់មេធាវីទាំងអស់ដែលកំពុង​ប្រកបវិជ្ជា​ជីវៈ​​នៅ​ព្រះរា​ជាណាចក្រកម្ពុជាស្របទៅតាមផ្លូវ​ច្បាប់​ ហើយក៏ដូចជាបង្កើន​នូវការទុកចិត្តពីពលរដ្ឋខ្មែរ ក៏ដូច​ជាវិ​និ​យោ​គិន

មេធាវី សេក សោភ័ណ្ឌ

យ៉ាងណាក៏ដោយ ក្រុមមេធាវីទាំងនោះបាន​ផ្តល់ជាអនុសាសន៍ថា ដើម្បីធ្វើវិសោធនកម្មច្បាប់​ស្តីពីលក្ខន្តិកៈមេធាវីឲ្យ​មាន​ស្តង់ដារ ក្រសួងយុត្តិធម៌ត្រូវ​ផ្តល់ឱកាសឲ្យភាគីចម្រុះចូលរួម ដូចជា សង្គមស៊ីវិលជាតិ អន្តរជាតិ តំណាង​​រដ្ឋាភិបាល រដ្ឋសភា និងស្ថាប័នតុលាការជាដើម។

ច្បាប់​ស្តីពីលក្ខន្តិកៈមេធាវីបង្កើតឡើង​ឆ្នាំ១៩៩៥ ដោយក្នុង​នោះ​មាន១០ជំពូក​ និង៩០មាត្រា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ