តៃវ៉ាន់បានធ្វើសមយុទ្ធយោធានៅថ្ងៃនេះ ខណៈដែលមានសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំងទាំងផ្នែកយោធានិងការទូត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ទាហានតៃវ៉ាន់ប្រមាណជាជាង៤០០០នាក់បានចូលរួមធ្វើសមយុទ្ធនេះ។
ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen ដែលធ្វើជាអធិបតីនិងមើលការធ្វើសមយុទ្ធនោះបាននិយាយដោយមោទនភាព ថា កងទ័ពតៃវ៉ាន់ពិតជាមានសមត្ថភាពពិតប្រាកដក្នុងការប្រយុទ្ធតតាំងសត្រូវដែលចង់ឈ្លានពានខ្លួន។
ទំនាក់ទំនងចិននិងតៃវ៉ាន់កាន់តែអាក្រក់ទៅៗ នៅពេលដែលអ្នកស្រី Tsai Ing-wen ឡើងកាន់ដំណែងជាប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០១៦។ ក្រោយឡើងកាន់តំណែងភ្លាមៗ អ្នកស្រីបានប្រកាសបដិសេធថាតៃវ៉ាន់មិនមែនជាខេត្តមួយរបស់ចិនទេ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចិនបានដាក់សម្ពាធយ៉ាងខ្លាំងទៅតៃវ៉ាន់ទាំងផ្នែកយោធានិងការទូត។ ប្រទេសមួយចំនួនដែលធ្លាប់តែមានទំនាក់ទំនងផ្អែមល្ហែមជាមួយតៃវ៉ាន់បានងាកទៅរកចិនហើយកាត់ផ្ដាច់ទំនាក់ទំនងជាមួយ តៃវ៉ាន់។ ជុំវិញរឿងនេះ តៃវ៉ាន់ បានចោទចិនថាបានប្រើប្រាស់ប្រាក់ដើម្បីទាក់ចិត្តប្រទេសទាំងនោះឲ្យរកទៅខ្លួន ហើយបោះបង់ចោលតៃវ៉ាន់។