ផ្ទុះធុងហ្គាសនៅខេត្តព្រះសីហនុបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៨នាក់រងរបួស​

ករណីផ្ទុះហ្គាសដែលកើតឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ (រូបភាព៖ បណ្ដាញសង្គម)

មនុស្សម្នាក់ស្លាប់ និង៨នាក់ទៀត​រងរបួសស្រាល ក្រោយពីមានករណីផ្ទុះធុងហ្គាស​ក្នុងរោង​ជាង​ក្រឡឹង ស្ថិត​​នៅ​ខេត្តព្រះសីហនុ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនគរបាលខេត្តព្រះសីហនុ។

ក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ដកស្រង់សម្តីរបស់ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន ចុះផ្សាយ​កាលពីថ្ងៃទី៧ ខែមិថុនានេះថា តាមរបាយការណ៍បឋម គ្រូបង្រៀនផ្នែកបច្ចកទេសក្រឡឹងនិងផ្សារនៅរោងជាង​ក្រឡឹង​បានស្លាប់ និងកូនសិស្ស​៨នាក់ទៀតរងរបួស​ស្រាល ដោយសារក្បាលមាន់​ផ្សារប៉ះជាមួយ​​ធុងខ្យល់ផ្សារ ធ្វើ​ឲ្យ​ធុង​ខ្យល់រីកមាឌ បណ្តាលឲ្យផ្ទុះ នៅវេលាម៉ោង​​១៣និង៤០នាទី​ ស្ថិតនៅសាលាបច្ចេកទេសដុនបូស្កូ ក្នុង​​ក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

បើតាមលោក ជួន ណារិន ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចបានពិនិត្យសាកសព្វ ហើយបញ្ជូនទៅឲ្យក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​​ប្រពៃណី ខណៈអ្នករងរបួស​៨នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាកព្យាបាលនៅគ្លីនិកសេតេ ក្នុងសង្កាត់២ ក្រុងព្រះសីហនុ។

ទោះ​ជាបែបនេះក្តី VOD មិនអាចសុំការបំភ្លឺពីបន្ថែមពីស្នងការ​ ខេត្តព្រះសីហនុ លោក ជួន ណារិន បានទេនៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ