ក្រុមពេទ្យសត្វភូមិដែលទើបរៀនបញ្ចប់វគ្គ «ពេទ្យសត្វឆ្នើម» មានការព្រួយបារម្ភពីតម្លៃសត្វធ្លាក់ចុះ ជាពិសេសសត្វជ្រូក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចំណូល ដោយសារប្រជាជនឈប់ចិញ្ចឹម។
ថ្លែងក្នុងសិក្ខាសាលាបញ្ចប់គម្រោងពេទ្យសត្វឆ្នើម ឬគម្រោងពង្រឹងសមត្ថភាព និងប្រព័ន្ធភ្នាក់ងារសុខភាពសត្វភូមិដើម្បីបង្កើនប្រាក់ចំណូលនៅភ្នំពេញព្រឹកនេះ ប្រធានគម្រោងពេទ្យសត្វឆ្នើម នៃអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF) លោក លី គឹមលាង មានប្រសាសន៍ថា លោកបារម្ភពីការធ្លាក់ចុះនៃតម្លៃជ្រូកដែលធ្វើឲ្យកសិករបោះបង់ការចិញ្ចឹមជ្រូកធ្វើឲ្យប៉ះពាល់ដល់សេវាកម្មពេទ្យសត្វភូមិ។
លោក លី គឹមលាង ប្រធានគម្រោងពេទ្យសត្វឆ្នើម នៃអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF)
លោកបន្ថែមថា បើរដ្ឋាភិបាលមានយន្តការគាំទ្រឲ្យមានតម្លៃជ្រូកថេរ នឹងអាចជំរុញលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមឡើងវិញ ហើយសេវាកម្មនឹងបន្តដើរឡើងវិញ។
ភ្នាក់ងារសុខភាពសត្វភូមិ នៃគម្រោងអង្គការAVSF លោក ជា សម្ផស្ស ឲ្យដឹងថា លោកទទួលបានចំណូលប្រហែល៥០ម៉ឺនរៀលក្នុងមួយខែពីការព្យាបាលសត្វ តែមានការបារម្ភខ្លាចប្រជាជនលែងចិញ្ចឹមជ្រូកបើតម្លៃវាធ្លាក់ចុះ។
លោក ជា សម្ផស្ស «បាទប៉ះពាល់ត្រង់ថាម៉េច ប៉ះពាល់ត្រង់ថាគាត់លក់ជ្រូកអស់ គាត់លែងចិញ្ចឹមតែម្តង។ ដល់តែអញ្ចឹងវាប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង បើគាត់លែងចិញ្ចឹមយើងមានជ្រូកឯណាចាក់? ហើយលក់ចំណីក៏មិនដឹងលក់ធ្វើម៉េចដែរ! បើសិនជាគាត់មានជ្រូកចិញ្ចឹមច្រើន គាត់ទិញចំណីពីយើង ទិញថ្នាំព្យាបាលខ្លួនឯងគាត់អាចទិញពីយើង ហើយសេវាកម្មដែលយើងព្យាបាលក៏គាត់ហៅពីយើងដែរ»។
អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកស្រី អ៊ុក សាវិន មានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំធ្វើផែនការជំហានបន្ទាប់រយៈពេល៥ឆ្នាំ ហើយនឹងដាក់ បញ្ហានេះចូលដើម្បីជំរុញសកម្មភាពផ្សេងទៀតក្នុងបង្កើនចំណូលដល់ពេទ្យសត្វភូមិ។
លោកស្រី អ៊ុក សាវិន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
លោកស្រីបន្ថែមថា អគ្គនាយកដ្ឋាននឹងរើសពេទ្យសត្វដែលមានសមត្ថភាពទៅផ្តល់សេវាកម្មចាក់វ៉ាក់សាំងជំងឺឆ្លងនិងត្រួតពិនិត្យអនាម័យសត្វនៅតាមសត្វឃាតដ្ឋាន។
បើតាមមន្ត្រីគម្រោងឲ្យដឹងថា តម្លៃជ្រូកមានការធ្លាក់ចុះពីរឆ្នាំកន្លងមកហើយ ហើយទើបនឹងងើបឡើងវិញរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
មន្ត្រីដដែលបញ្ជាក់ទៀតថា គម្រោងពេទ្យសត្វឆ្នើមដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប មានរយៈពេល២៣ខែកន្លងមកនេះ ទទួលបានជោគជ័យ ដែលគម្រោងនេះបានចាប់ផ្តើមតាំងពី ខែកក្កដា២០១៦ ដល់ខែមិថុនា២០១៨ បណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិបានជាង២០០០នាក់ ចងក្រងបាន១២សហគមន៍ក្នុង៦ខេត្ត និងគាំទ្រអ្នកចិញ្ចឹមសត្វជាង៩ម៉ឺនគ្រួសារ។