គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានសម្រេចជ្រើសរើសលោក យ៉ង់ សាំងកុមារ ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការចូលរួមបោះឆ្នោតជាតិនាថ្ងៃទី ២៩ ខែ កក្កដាខាងមុខ។
ការជ្រើសរើសនេះធ្វើឡើងក្នុងសមាជនាថ្ងៃទី ១០ ខែ មិថុនានេះ នៅទីស្នាក់ការបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីជ្រើសរើសដំណែងបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់ ក្នុងចំណោមបេក្ខភាពចំនួន ៣រូប ដែលមានលោក សាម អ៊ីន អគ្គលេខាធិការបក្ស លោក យ៉ង់ សាំងកុមារប្រធានគណៈកម្មាធិការនាយក និង លោក ឃុន សាវឿន។
ក្នុងសមាជនោះលោក យ៉ង់ សាំងកុមារ ត្រូវបានសមាជិកបក្សបោះឆ្នោតគាំទ្រឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សសម្រាប់ការបោះឆ្នោតជាតិខាងមុខ ក្នុងសំលេងនាំមុខដាច់គេ ១២៧ សំលេងលើ ១៤៦ សន្លឹកឆ្នោត។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានសម្រេចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ ដោយសង្ឃឹមថានឹងទទួលបានអាសនៈនៅក្នុងសភា។
ប៉ុន្ដែ ប្រទេសលោកសេរីមួយចំនួនបានចាត់ទុកការបោះឆ្នោតនេះ ថា មិនមានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌ទេ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយត្រូវបានរំលាយចោល ហើយអាសនៈរបស់អតីតបក្សប្រឆាំង ត្រូវបានបែងចែកឲ្យទៅគណបក្សផ្សេង៕
