ពលរដ្ឋស្នើអន្ដរាគមន៍ពីនាយករដ្ឋមន្ដ្រី ករណីក្រុមហ៊ុននាំពលករឆបោកប្រាក់

ពលរដ្ឋដែលចាញ់បោក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញថែទាំកម្ពុជា-ជប៉ុន ដាក់ញត្តិសុំអន្តរាគមន៍ពីខុទ្ធកាល័យនាយករដ្ឋមន្ត្រី ព្រឹកថ្ងៃទី ១១ មិថុនា ២០១៨

ប្រជាពលរដ្ឋប្រមាណ ២០នាក់ មកពីខេត្ត-ក្រុងចំនួន ៧ បានស្នើសុំទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យជួយដល់​ពួកគេ ដោយចោទថា ក្រុមហ៊ុនមួយបានបោកយកប្រាក់ពួកគាត់ ដោយធានានាំទៅធ្វើការនៅក្រៅប្រទេស។

ក្នុងញត្តិមួយដែលដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រី​នៅថ្ងៃចន្ទនេះ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគេបានចាញ់បោកក្រុមហ៊ុននាំពលករទៅក្រៅប្រទេសមួយ ឈ្មោះ «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញថែទាំកម្ពុជា-ជប៉ុន» តាំងពីឆ្នាំ២០១៥ និងចោទថា បុគ្គល ៣នាក់ មានពាក់ព័ន្ធនឹងករណីឆបោកប្រាក់នេះ គឺលោក សុខ ប្រសិទ្ធ អគ្គនាយកមជ្ឈមណ្ឌលនេះ រួមទាំងមនុស្ស ២នាក់ផ្សេងទៀត។

ពលរដ្ឋម្នាក់ដែលចូលរួមដាក់ញត្តិនៅព្រឹកនេះ អ្នកស្រី កា សារីម ដែល​អះអាង​ថា​មកពីខេត្តតាកែវ​នោះ បាន​ប្រាប់​ថា អ្នកស្រីបានបង់ប្រាក់ឲ្យក្រុមហ៊ុនចំនួន ៤ពាន់ដុល្លារ ប៉ុន្ដែបានប្ដឹងទាមទារបានមកវិញខ្លះ។

អ្នកស្រីបាន​ស្នើឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យ​ជួយអន្ដរាគមន៍ករណីនេះ ដោយថាលុយដែលបង់ទៅក្រុមហ៊ុន គឺបានមកពីការខ្ចីបុលធនាគារ និងអ្នកខ្លះទៀត បានយកដីកេរ្តិ៍ទៅដាក់បញ្ចាំនៅធនាគារ។

មុនដំបូង ខ្ញុំជួបឯកឧត្តម គាត់ថា បងអើយ បងឯងទៅៗ រៀនតែ ៣ខែមិនដល់ផង បានចេញទៅហើយ […] លុយ​ខ្ញុំសុទ្ធតែមានដើម​មានចុងពិបាកណាស់ យើងយកគេតែ ៥ពាន់ ឥឡូវឡើងដល់ ៧ពាន់ អ្នកខ្លះម៉ឺនហើយ លុយកើតកូនរហូត ហើយខ្ញុំចង់យកឲ្យអស់

អ្នកស្រី កា សារីម ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន មកពីខេត្តតាកែវ

ពលរដ្ឋម្នាក់ទៀត លោក ងែត សំអឿន មកពីខេត្តកំពត អះអាងថា លោកបានបង់ប្រាក់ឲ្យក្រុមហ៊ុននេះចំនួន ៧ពាន់ដុល្លារអាមេរិក និងប្ដឹងផ្ដល់ក្រុមហ៊ុនជាបន្ដបន្ទាប់ ក្រោយពី​មិនបានទៅធ្វើការនៅប្រទេសជប៉ុន ហើយទទួលបានមកវិញតែ ២៥០០ដុល្លារប៉ុណ្ណោះ។

៧ពាន់ដុល្លារទាំងអស់គ្នាហ្មង ខ្លះមានលើសហ្នឹងទៀត ទាមទារបានខ្លះមកវិញ ១០ភាគរយមកវិញ សល់ពីហ្នឹង ទាមទារឲ្យសម្ដេចជួយកូនចៅឲ្យបានគ្រប់ចំនួនមកវិញ មិនបានចុង បានតែដើមក៏បាន

លោក ងែត សំអឿន ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន មកពីខេត្តកំពត

VOD មិនទាន់អាចស្វែងរកការបំភ្លឺពីលោក សុខ ប្រសិទ្ធ អគ្គនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញថែទាំកម្ពុជា-ជប៉ុន​ បាននៅឡើយទេ។

បើតាមញត្តិដែលដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រី លោក សុខ ប្រសិទ្ធ បានឲ្យក្រុមការងារប្រកាសជ្រើសរើសពលរដ្ឋខ្មែរទាំងពីរភេទ ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន​កាលពី២០១៥ និងតម្រូវឲ្យពួកគេបង់ប្រាក់ជាមុន ៤ពាន់ដុល្លារ និងតម្រូវឲ្យបង់ប្រាក់ ៤ពាន់ដុល្លារបន្ថែមទៀត បើបានជាប់ទៅធ្វើការនៅក្រៅប្រទេស។

ប៉ុន្ដែ ប្រជាពលរដ្ឋអះអាងថា ក្នុងចំណោមនុស្សជាង ៣០នាក់ មានតែ ១០នាក់ប៉ុណ្ណោះ បានទៅធ្វើការនៅប្រទេសជប៉ុន ចំណែក អ្នកមិនបានទៅ បានតវ៉ាសុំដកយកលុយនោះត្រឡប់មកវិញ ប៉ុន្ដែ ក្រុមហ៊ុនមិនព្រមប្រគល់ឲ្យ​មកទល់សព្វថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ