ប.ស.ស ព្រមានចាត់វិធានការច្បាប់​លើអ្នកបំភ្លៃខុស​ពីការពិតជុំវិញការផ្តល់សេវាមិនល្អ​ជូនកម្មករ​

រូបភាព៖ ប.ស.ស

បេឡាជាតិរបបសន្តិសុខ​ ហៅ​កាត់​ថា ប.ស.ស. ព្រមានចាត់វិធានការច្បាប់លើជន​អនាមិកដែលបំភ្លៃខុស​ពីការពិត ដោយថា​ កម្មករ​ប្រើប្រាស់ប័ណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺបានត្រឹមឆ្នាំ២០១៩ និងគ្រូពេទ្យឲ្យថ្នាំមិនល្អ​​ដូចអ្នកបង់លុយ។

ក្នុង​លិខិតបំភ្លឺរបស់​ខ្លួនកាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ប.ស.ស. បានច្រានចោល​ការឃោស​នា​ពី​ជនអគតិមួយចំនួន ដែល​បានបំភ្លៃខុស​ពី​ការពិត ដោយថា កម្មករ​ដែលប្រើប្រាស់​បណ្ណ ប.ស.ស សម្រាប់​​ព្យាបាលជំងឺប្រើបានតែឆ្នាំ២០១៨ ក្នុង​រយៈពេលបោះឆ្នោតដល់ឆ្នាំ២០១៩ ឈប់ទទួលស្គាល់​ និង​គ្រូ​ពេទ្យឲ្យថ្នាំមិនល្អដូចអ្នកបង់លុយជាដើម​។

ក្នុង​លិខិតបំភ្លឺដដែលបានឲ្យដឹង​ទៀត​ថា​ កម្មករ​កម្មការិនី​ដែលប្រើប័ណ្ណ ប.ស.ស ទៅទទួលសេវាដោយ​មិន​បង់លុយ ហើយ​ទទួលបានថ្នាំ និងគុណភាពព្យាបាលដូចអតិថិជនបង់លុយគ្រប់ពេទ្យដៃគូរបស់​ ប.ស.ស ដោយមិនមានការរើសអើងនោះទេ។​ ករណីមានជនណាបំភ្លៃខុសពី​ការពិត កម្មករ និងកម្ម​ការិនីទាំ​ងអស់ត្រូវ​ផ្តល់ព័ត៌មានដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការច្បាប់​លើបុគ្គលនោះ។​

VOD មិនអាច​សុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យ ប.ស.ស លោក ជាវ ប៊ុនរិទ្ធិ បានទេ ដោយលោកថា ជាប់រវល់​ប្រជុំ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា កម្ម​ករភាគច្រើនធ្លាប់រិះគន់លើគ្រូពេទ្យដែលធ្វើការនៅស្ថាប័នដៃគូរបស់ ប.ស.ស ថា ផ្តល់សេវាសុខភាពដល់ពួកគេមានការរើសអើង និង​យឺតយ៉ាវ។

ប៉ុន្តែ ករណីគ្រូពេទ្យឲ្យថ្នាំមិនល្អដូចអតិថិជនបង់លុយ និងថា កម្មករប្រើបណ្ណ ប.ស.ស បាន​ត្រឹមឆ្នាំ២០១៩នោះ លោកមិនបានដឹងនោះទេ។

ទោះជាយ៉ាងណា លោក អាត់ ធន់ ផ្តល់ជាអនុសាសន៍ថា ដើម្បីកុំឲ្យមានការរិះគន់លើការផ្តល់សេវារបស់​ ប.ស.ស​នេះ ស្ថាប័នពាក់ព័ន្ធត្រូវ​យកចិត្តទុកដាក់ផ្តល់សេវាឲ្យកម្មករទទួលបានល្អ និងស្របតាមច្បាប់​​​បានកំណត់។

បើកែទម្រង់បានល្អ សេវាគ្មានការរើសអើង ប្រជាពលរដ្ឋពេញចិត្តនឹងការប្រើ​ ហើយនៅពេលដែលពេញចិត្តនឹងការប្រើវាធ្វើឲ្យការបង់​លុយ​ ហើយជំនឿរបស់​ពលរដ្ឋនិងកម្មករ​ ហើយថៅកែកាន់តែមានជំនឿ ហើយទីបំផុតបរសស ក៏មានចំណូល ហើយមាននិរន្តរភាព​ទៀត​

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់ឲ្យដឹងថា​ គិតរហូតដល់ត្រឹមចុងឆ្នាំ​២០១៦ ស្ថាប័ននេះ បានចុះបញ្ជីរោងចក្រ​សហគ្រាសជាង​ ៨ពាន់ ដែលមានកម្មករនិយោជិតជាង ១លាននាក់ ដើម្បីជួយទំនុកបម្រុងពេលកម្មករមានគ្រោះថ្នាក់ការងារ។​

ប.ស.ស ឲ្យដឹងទៀតថា បុគ្គលិក និយោជិត កម្មករ-កម្មការិនី ទទួលរងគ្រោះថ្នាក់ការងារ​ចំនួន​ ១៣៥ ៩១៤ នាក់ ប.ស.ស បានផ្តល់ថវិកា ថ្លៃព្យាបាល និងឧបត្ថម្ភដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ចំនួន​ ៥៥ ៣៩៩ លានរៀល ប្រហែល​ ១៤លានដុល្លារ។

កម្មករ-កម្មការិនី គ្រោះថ្នាក់ពេលធ្វើដំណើរ ៣៦ ៧២២នាក់ គ្រោះថ្នាក់នៅកន្លែងធ្វើការ ៩៩ ១៥៣នាក់ និងជំងឺវិជ្ជាជីវៈ ៣៩នាក់ ដែលបានទទួលអត្ថប្រយោជន៍ពី ប.ស.ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ