វិភាគ៖ តើ គីម ជុងអ៊ុន នឹងបោះបង់អាវុធនុយក្លេអ៊ែរដែរឬទេ?

លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ (រូបភាព៖ បណ្ដាញសង្គម)

ជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកំពូលអាមេរិក​ ដូណាល់ ត្រាំ និង​ បុរសខ្លាំងកូរ៉េខាងជើង គីម ជុងអ៊ុន នឹង​កើតមាននៅ​ប្រទេសសឹង្ហបុរីនៅថ្ងៃស្អែកនេះ។​ ជំនួបដែលស្ថិតនៅក្រោមការយកចិត្តទុកដាក់ពី​ក្រសែភ្នែកអន្តរជាតិនេះ  ត្រូវបាន​គេរំពឹង​ថានឹងមានផ្លែផ្កាល្អ ពោលគឺមេដឹកអាមេរិក អាចបញ្ចុះបញ្ចូល​មេដឹក​នាំកូរ៉េខាងជើងឲ្យបោះបង់​ចោលអាវុធ​នុយក្លេអ៊ែទាំងស្រុង។

ទម្រាំមកដល់ដំណាក់កាលនេះ មេដឹកនាំទាំងពីរតែងតែវាយប្រហារគ្នាទៅវិញទៅមកដោយចោទគ្នារៀងៗខ្លួនថា​ គ្មាន​ចេតនា​ក្នុងការដោះស្រាយបញ្ហា។​ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ភាគីកូរ៉េខាងជើងបង្ហាញភាពទន់ភ្លន់ជាងអាមេរិកថា​ ខ្លួនពិតជាចង់ឲ្យមានការ​ចរចានេះកើត​​ឡើង​ បើទោះជាភាគីអាមេរិក​បានប្រកាសកាលពីថ្ងៃទី២៤ខែឧសភាកន្លងទៅ​ថា​ នឹង​គ្មានជំនួបរវាងមេដឹកនាំអាមេរិកនិងកូរ៉េខាងជើងកើតឡើងទេ ដោយ​ដាក់ការ​ស្តី​បន្ទោសទៅលើកូរ៉េខាងជើងថា​ បាន​ចេញ​សេចក្តី​ថ្លែងការដែលថាមានលក្ខណៈខឹងសម្បារនិងបង្ហាញពីភាពជាសត្រូវដោយ​បើក​ចំហ បន្ទាប់ពីអាមេរិក​និង​កូរ៉េ​ខាង​ត្បូង​​បាន​ធ្វើសមយុទ្ធរួមគ្នា។

លោក ត្រាំ ថ្លែង​ទៅ​កាន់​អ្នកកាសែត ក្រោយ​ជួបពិភាក្សា​ជាមួយលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅ​ឯសេតវិមាន ថ្ងៃទី ២២ ឧសភា ២០១៨ (វេបសាយបរទេស)

ទោះជាយ៉ាងណាដ៏ដោយក៏ភាគីកូរ៉េខាងជើងនៅតែរក្សាជំហរចង់ឲ្យមានជំនួបជាមួយ​អាមេរិក​ រហូតបញ្ជូនប្រមុខការទូត របស់ខ្លួនទៅជួបប្រមុខការទូតអាមេរិក ហើយឈានរហូតដល់មានការព្រម​ព្រៀងគ្នា​ ថានឹងមានជំនួបរវាងមេដឹកនាំកូរ៉េ​ខាង​ជើង គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​ ត្រាំ​ នៅសឹង្ហបុរីនាថ្ងៃ​ទី១២​ខែ​មិថុនា​នេះឡើងវិញ។​

ចេតនា និងជំហររបស់កូរ៉េខាងជើងក៏ដូចជាជំនួបរវាង​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និង​មេដឹកនាំអាមេរិកលោក ដូ ណាល់ត្រាំ នាពេលនេះត្រូវបានសហគមន៍អន្តរជាតិស្វាគមន៍យ៉ាងខ្លាំង​ ប៉ុន្តែអ្វីដែល​គេ​ទន្ទឹងរង់ចាំមើលនោះ​ថា​តើលោក ដូណាល់ ត្រាំ អាចលួងលោមកូរ៉េខាងជើងឲ្យបោះបង់​អាវុធនុយក្លេអ៊ែដែរឬទេ?

ក្នុងសន្និសិទសារព័ត៌មានមួយបន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំ​ក្រុមប្រទេស​សេដ្ឋកិច្ចរីកចម្រើនទាំង៧ នៅប្រទេស​កាណា​ដា​ កាលពីថ្ងៃទី៩ខែមិថុនាកន្លងទៅ លោក ដូណាល់ ត្រាំបាន​ថ្លែងថា​លោក គីម ជុងអ៊ុន កំពុងតែធ្វើរឿងដ៏អស្ចារ្យ​សម្រាប់​ប្រជាពលរដ្ឋខ្លួន។ ត្រាំ សង្ឃឹម​ថាលោក គីម ជុងអ៊ុន នឹងបោះបង់​អាវុធនុយក្លេអ៊ែ ដោយលោកបញ្ជាក់ថា​មេដឹកកូរ៉េ​ខាង​ជើង​នឹងគ្មានឱកាសជួបគ្នាបែបនេះទៀតទេ បើមិនយល់ព្រមបោះបង់​អាវុធនុយក្លេអ៊ែនោះទេ។ លោកបញ្ជាក់បន្ថែមថា​ត្រឹម​តែមួយនាទីប៉ុណ្ណោះលោក​អាចដឹង​ថា​លោក គីម ជុងអ៊ុនមានចេតនាចង់បោះបង់ឬមិនបោះបង់​អាវុធនុយក្លេអ៊ែបាត់​ទៅ​ហើយ។ លោកថែមទាំងគំរាមទៀតថាប្រសិន​បើកូរ៉េខាងជើងនៅតែមានចេតនា​ចង់រក្សា​នុយក្លេអ៊ែរ លោកនឹង​ដើរ​ចេញ​ពីកិច្ចប្រជុំនោះភ្លាម។

អាវុធនុយក្លេអ៊ែត្រូវបានគេមើលឃើញថាជាសន្លឹកបៀរមួយដ៏សំខាន់សម្រាប់មេដឹក​នាំកូរ៉េខាងជើងលើកយក​មកជជែក​ជាមួយសហគមន៍អន្តរជាតិជាពិសេសអាមេរិក។

ទី​ភ្នាក់ងារសារព័ត៌មាន​ AFP បានដកស្រង់សម្តីលោក Thae Yong-ho អតីតអនុប្រធានទូត​កូរ៉េខាងជើងប្រចាំ​ចក្រភព​អង់គ្លេស ​​​ដែល​ចុះចូល​ជាមួយ​កូរ៉េខាងត្បូងកាល​ពីឆ្នាំ២០១៦ ថា​កូរ៉េខាងជើងនឹងមិនបោះបង់​អាវុធនុយ​ក្លេអ៊ែទាំងស្រុង​នោះ​​ទេ។ ក្នុងបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីកូរ៉េខាងជើង កាលពីដើមខែឧសភា លោក​Thae Yong-ho បាន​និយាយថាតាំងពីជំនាន់ជីតានិង​ឪពុករបស់​លោក​ គីម ជុងអ៊ុន មកម្ល៉េះសុទ្ធតែចង់ចាប់ដៃក្នុងនាម​ជាមេដឹក​នាំប្រទេស​មួយ​ជាមួយប្រធានាធិបតី​អាមេរិក​។​ លោក​​ហៅ​ជំនួបរបស់​មេដឹក​នាំកូរ៉េខាងជើងជាមួយមេដឹកនាំអាមេរិក​ថា​ជាជោគជ័យផ្នែក​ការទូតមួយដ៏ធំ​​របស់មេដឹកនាំកូរ៉េខាងជើង។

លោក​ Thae Yong-ho សន្និដ្ឋានថា​ជំនួបរវាងលោក ត្រាំ និងលោក គីម គឺគ្រាន់តែធ្វើឲ្យការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងថយចុះតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ទៀតថា​ការលើកឡើងរបស់កូរ៉េជើងពីការ​កម្ទេច​ទីតាំង​​សាក​ល្បង​នុយក្លេអ៊ែរ វាជារឿងអតីតតែប៉ុណ្ណោះ ព្រោះថាពេល​នេះ​កូរ៉េខាងជើងបានសាកល្បងរួចរាល់ហើយ។ ទន្ទឹមនឹងនេះ​លោក​ក៏បានលើកឡើងទៀតដែរថា​រឿងធ្វើ​អាវុធនុយក្លេអ៊ែរឆ្លងទ្វីបជារឿងអនាគត។

ការកម្ទេចទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ Punggyeri ស្ថិត​នៅ​ភាគ​ឥសាន​នៃ​ប្រទេស​ (ប្រភព៖ វេបសាយបរទេស)

និយាយជារួមបើទោះណាជាកូរ៉េខាងជើងសន្យាថា នឹងកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ និងបញ្ឈប់គម្រោង​សាកល្បង​នុយ​ក្លេអ៊ែរឆ្លងទ្វីបយ៉ាងណាក៏ដោយចុះ ក៏ប្រទេសនេះនៅតែមាន​នុយក្លេអ៊ែរដដែល។ នេះបើតាមការបញ្ជាក់ពី​អតីតអនុប្រធាន​ទូត​​កូរ៉េខាងជើងប្រចាំ​ចក្រភព​អង់គ្លេស​​​ដែល​ចុះចូល​ជាមួយ​កូរ៉េខាងត្បូងលោក​ Thae Yong-ho

ស្រដៀងគ្នានេះដែរ មន្ត្រីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA របស់អាមេរិកបានប្រាប់សារព័ត៌មាន NBC ថាកូរ៉េខាងជើងនឹង​មិនបោះបង់អាវុធនុយក្លេអ៊ែរឡើយ ហើយជំនួបរវាងត្រាំនឹងគីមអាចគ្រាន់តែជួយត្រួសត្រាយផ្លូវឲ្យមាន​ការបើក​ការិយាល័យ​​​​តំណាង​ប្រទេសកូរ៉េខាងជើងនៅអាមេរិក ហើយនិងការិយាល័យ​​​តំណាងអាមេរិកនៅកូរ៉េខាងជើង។

យ៉ាងណាមិញសំណួរដែលថាតើកូរ៉េខាងជើងនឹងបោះបង់ចោលទាំងស្រុង​នូវអាវុធនុយក្លេអ៊ែរឬយ៉ាងណានឹងត្រូវ​បាន​លាត​ត្រដាង​ជាសាធារណៈនៅថ្ងៃស្អែកនេះ ក្រោយ​ជំនួបទ្វេរភាគីជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើងលោក គីម ជុងអ៊ុន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ