នាយករដ្ឋ​មន្ត្រី​ប្រកាសផ្អាក​​គម្រោងសង់​ផ្លូវកាត់​​បឹង​ទន្លេសាបពីកំពង់ឆ្នាំង ទៅ​កំពង់ធំ​

រូបភាពផ្លូវពី កំពង់ឆ្នាំង ទៅកំពង់ធំ (រូបភាព៖ សាខាខេត្តកំពង់ឆ្នាំង)

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ផ្អាក​គម្រោង​សាងសង់​ផ្លូវ​​ឆ្លង​បឹង​ទន្លេសាបពី​ខេត្ត​កំពង់​ឆ្នាំង​ ទៅ​ខេត្ត​កំពង់​ធំ ដែល​មាន​តម្លៃ​ជាង​១០០លានដុល្លារ ដោយ​សារខ្លាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទៃ​បឹង​ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក។

​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ នៅ​ខេត្ត​កំពង់​ធំកាល​ពី​ម្សិល​មិញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បានឲ្យដឹង​ ​គម្រោង​ដែល​តភ្ជាប់​ផ្លូវពីខេត្ត​កំពង់​ឆ្នាំ​ងទៅកំពង់ធំ ​គឺ​ត្រូវ​ផ្អាក​សិន​ ដោយ​សារមាន​ផល​ប៉ះ​ពាល់​​ច្រើន​ទៅ​លើបឹង​ទន្លេសាប ​លំហូរ​របស់​ត្រី និងការ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​។

ជួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ក៏​ប៉ុន្តែ​យើង​បែរជា​បិទ នូវ​ចរន្ត​ទឹកទៅ​វិញ​អ្នកធ្វើ​ដំណើរ​តាម​ទឹក នេះ​មិន​ទាន់​គិត​ដល់​បញ្ហា​ចរន្ត​ត្រី ដែលត្រូវ​ឡើង​ត្រូវចុះ​ទៅ​តាម​ច្រក​ហ្នឹង​ដែល​យើង​ត្រូវបិទ​វា។ វា​ប៉ះពាល់​ដល់​បឹង​ទន្លេសាប​ប៉ុណ្ណា ដូច្នេះ​យើង​ត្រូវ​ផ្អាក​សិន ទុក​សិក្សា​នៅពេល​ក្រោយ​នឹងត្រូវ​ធ្វើឲ្យ​ច្បាស់​លាស់ និង​ត្រូវធ្វើ​វិធីយ៉ាង​ណា ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​របស់​យើង​មិន​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

បើ​ទោះ​ជា​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ប្រកាស​ផ្អាក​ក៏​ដោយ ​តែ​លោក​បាន​ឲ្យ​ជា​យោបល់​ពី​ការ​ពិនិត្យ​មើលឡើង​វិញ​ពី​​ការ​សាង​សង់​​​ស្ពាន​ឲ្យ​បាន​ច្រើន​វិញលើ​គម្រោង​មួយនេះ។

អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការលោក នូ វឌ្ឍនៈ មាន​ប្រសាសន៍​ថា​គម្រោង​នេះ​ត្រូវ​បាន​ភាគីចិន​ធ្វើ​ការ​សិក្សា​ជាង៣ឆ្នាំ​មក​ហើយ តែ​​មិន​ទាន់​បាន​បង្ហាញ​គម្រោង​ច្បាស់​លាស់​ដាក់​មក​កាន់ក្រសួង​នៅ​ឡើយទេ។ លោក​បន្ថែម​ថា​ ដោយ​សារ​បឹង​ន្លេសាបមាន​ទំហំ​ធំ ហើយ​ការ​ធ្វើស្ពាន​មាន​តម្លៃ​ថ្លៃ​ទើប​រដ្ឋាភិបាល​នៅពេល​នោះ​ចង់​ឲ្យ​មាន​ការ​សាង​សង់​ផ្លូវ​កាត់​ទទឹង​បឹង​ តែ​ត្រូវផ្អាកវិញ​ដោយសារ​មាន​ផល​ប៉ះពាល់​ដល់​បឹង និង​ការ​ចរាចរណ៍​តាម​ផ្លូវ​ទឹក។

វា​អត់​ទាន់​ចេញ​ជា​ផ្លូវការ​អីយើង​អត់​ទាន់​មាន Draw (គំនូសប្លង់) អីត្រឹម​ត្រូវ​ទេ តែ​គ្រាន់​ថា​កំពង់​ឆ្នាំ​ងគឺ​ចេញពី​ទីរួម​ខេត្ត​ហ្មង ហើយ​ទៅ​កំពង់​ធំ​គឺ​មិន​ដល់​ទី​រួម​ខេត្ត​កំពង់​ធំ​ទេ​ប៉ុន្មាន​គីឡូ​ពី​កំពង់​ធំ​

អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការលោក នូ វឌ្ឍនៈ

បើ​តាម​លោក​នូ វឌ្ឍនៈ ភាគី​ក្រសួង​ និង​ខាង​អ្នក​សាងសង់​នឹង​ពិនិត្យ​មើល​លទ្ធភាព​បន្ត​ទៀត​នៃ​គម្រោង​នេះ។ លោកបន្ថែម​ថា​ប្រសិន​​ជា​គម្រោង​ឆ្លង​កាត់​បឹង​ទន្លេ​សាប​នេះ​ត្រូវ​បាន​សាងសង់​នោះ​វា​ជា​គម្រោង​របស់​កម្ពុជា​ទី​មួយ​ហើយ​ដែល​ធ្វើ​ឆ្លងកាត់​ផ្ទៃ​បឹង​ដែល​ធំ​បែប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ