ដូចការគ្រោងទុកមែន ទីបំផុតទៅមេដឹកនាំអាមេរិក និងកូរ៉េខាងជើង បានចាប់ដៃគ្នា និងជួបជជែកទល់មុខគ្នាជាលើកដំបូងរបស់ពួកគេនៅប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃនេះ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍អាមេរិក CNN និងទូរទស្សន៍សិង្ហបុរី Channel News Asia។
ទូរទស្សន៍ទាំងពីរនេះ បានផ្តិតយកទិដ្ឋភាពនៃការចាប់ដៃគ្នារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចំពោះមុខក្រុមអ្នកសារព័ត៌មានពិភពលោក ខណៈដែលមេដឹកនាំទាំងពីររូបនេះ ជួបជជែកគ្នាដើម្បីបញ្ចប់ជម្លោះរាប់ទសវត្សរ៍នៅលើឧបទ្វីបកូរ៉េ។
បើតាមការផ្សាយរបស់ Channel News Asia មេដឹកនាំទាំងពីរបានជួបចាប់ដៃគ្នានៅម៉ោង ៩ និង ៥នាទីព្រឹកនេះ នៅឯសណ្ឋាគារ Capella ស្ថិតនៅតំបន់ Sentosa និងអមទៅដោយទង់ជាតិនៃប្រទេសទាំងពីរផងដែរ។
រូបភាពនៅលើទូរទស្សន៍ CNN សុទ្ធតែបង្ហាញលោក ត្រាំ និងលោក គីម បញ្ចេញទឹកមុខញញឹមញញែម និងអារម្មណ៍រីករាយជាមួយគ្នា។
ជំនួបនៃមេដឹកនាំទាំងពីរនេះ បានកើតឡើងក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងតែងនៅបរិវេណនៃសណ្ឋាគារស្ថិតនៅក្នុងតំបន់ Sentosa៕
