ទីបំផុតទៅ មេដឹកនាំអាមេរិក និងកូរ៉េខាងជើង បានជួបជជែកទល់មុខគ្នាជាលើកដំបូងដូចការគ្រោងទុកមែន ដែលជំនួបជាប្រវត្តិសាស្ត្រនេះកំពុងកើតឡើងនៅសណ្ឋាគារមួយ ស្ថិតនៅតំបន់សេនតូសា ប្រទេសសិង្ហបុរី នៅម៉ោង ៩:០៥នាទីព្រឹកថ្ងៃនេះ។
ទោះយ៉ាងណា មានរឿងរ៉ាវជាច្រើនបានកើតឡើងទាំងមុន និងអំឡុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ក្រោយពីបានធ្វើដំណើរទៅដល់សិង្ហបុរីកាលពីថ្ងៃម្សិលមិញនោះ លោក គីម ជុងអ៊ុន ត្រូវបានស្វាគមន៍ និងទទួលជួបដោយលោកនាយករដ្ឋមន្ត្រី លី សៀនឡុង និងមេដឹកនាំដទៃទៀតនៃដែនដីកោះដ៏តូចមួយនេះ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN លោក លី សៀនឡុង បានកោតសរសើរលោក គីម ថា ជាមេដឹកនាំវ័យក្មេងប្រកបដោយទំនុកចិត្តខ្ពស់ ដែលចង់ត្រួសត្រាយផ្លូវថ្មីមួយសម្រាប់ប្រទេសរបស់លោក។

កាលពីយប់មិញនេះ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានចំណាយពេលរាត្រីរបស់លោកជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដទៃទៀត ដើម្បីដើរទស្សនាទិដ្ឋភាពពេលរាត្រីនៅសិង្ហបុរី ជាពិសេសដើរមើលមណ្ឌលទេសចរណ៍ Garden by the Bay នៅតំបន់ Marina Bay Sands។ ទូរទស្សន៍នេះ បានបង្ហាញរូបថតស៊ែលហ្វីដ៏កម្ររបស់លោក គីម ជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ដែលបានអមដំណើរលោក គីម ចូលទៅទស្សនាសួនដើមឈើដ៏ធំមួយនោះ។
ទូរទស្សន៍ដដែលនេះ បានដកស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian ដែលបាននិយាយថា សន្តិសុខនៃជំនួបកំពូលលោក ត្រាំ និងលោក គីម ជាគឺជារឿងសំខាន់បំផុតសម្រាប់សិង្ហបុរីនៅពេលនេះ ដោយប្រទេសដែនដីកោះដ៏តូចមួយនេះ បានផ្ដោតទៅលើបញ្ហាភេរវកម្ម និងទង្វើជ្រុលនិយមនានា។
ប៉ុន្តែ ទូរទស្សន៍ Channel News Asia បានចុះផ្សាយនូវព័ត៌មានមួយទៀតថា បើទោះបីជាមានជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម នៅតំបន់សេនតូសាក៏ដោយ ក៏សកម្មភាពអាជីវកម្ម និងពាណិជ្ជកម្មនៅតំបន់ជុំវិញនេះ នៅតែប្រព្រឹត្តទៅតាមធម្មតាដូចសព្វមួយដងដែរ។ ដោយបានដកស្រង់សម្ដីក្រុមអ្នកគ្រប់គ្រងហាងលក់កាហ្វេ Starbucks នៅជិតសណ្ឋាគារ St. Regis ដែលលោក គីម និងប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងកំពុងស្នាក់នៅនោះ សារព័ត៌មានដដែលនេះ ចុះផ្សាយថា តំបន់នេះកាន់តែមមាញឹកថែមទៀត និងកុះករទៅដោយក្រុមអ្នកសារព័ត៌មានមកពីជុំវិញពិភពលោក។
ចំណែកឯទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ឯណោះវិញ បានចុះផ្សាយថា មុនមួយថ្ងៃនៃជំនួបកំពូលនេះ លោក ត្រាំ បានហៅទូរស័ព្ទទៅសម្ព័ន្ធមិត្តកូរ៉េខាងត្បូង លោកប្រធានាធិបតី មូន ជែអ៊ីន ដោយបានជជែកអំពីការរំសាយកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។
យ៉ុនហាប់បានដកស្រង់សម្ដីអ្នកនាំពាក្យលោក មូន ដែលបាននិយាយថា ប្រសិនបើជំនួបលោក ត្រាំ និងលោក គីម ទទួលបានជោគជ័យ វានឹងក្លាយជា«រង្វាន់»សម្រាប់ពិភពលោកទាំងមូល។
ខណៈដែលកំពុងស្ថិតនៅទឹកដីសិង្ហបុរីនោះ ក្រៅពីអាហារដ៏ពិសេសហើយនោះ លោក ត្រាំ ក៏បានទទួលបាននំខួបកំណើតដ៏គួរឲ្យភ្ញាក់ផ្អើលពីនាយករដ្ឋមន្ត្រី លី សៀនឡុង អំឡុងពិសារអាហារថ្ងៃត្រង់រួមការងារកាលពីថ្ងៃម្សិលមិញនេះផងដែរ។ ប៉ុន្តែ វាជាការររៀបចំដ៏ពិសេសសម្រាប់លោក ត្រាំ ដែលនឹងឈានចូលវ័យ ៧២ឆ្នាំ នៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ។
ជាងនេះទៅទៀត លោក ត្រាំ ក៏ទទួលយកការអញ្ចើញរូបលោកមកទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីនៅខែវិច្ឆិកាខាងមុខផងដែរ តបទៅតាមការអញ្ចើញពីសំណាក់ប្រធានាធិបតីសិង្ហបុរី លោកស្រី ហាលីម៉ាហ៍ យ៉ាកូប (Halimah Yacob)។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia នៅក្រោយជំនួបរវាងលោក ត្រាំ និងម្ចាស់ផ្ទះលោក លី សៀនឡុង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺវត្តមានរបស់តារាបាល់បោះអាមេរិកដែលចូលនិវត្តន៍ លោក Dennis Rodman ដែលត្រូវបានគេចាត់ទុកថា វត្តមានរបស់លោកនៅសិង្ហបុរី គឺជាការគាំទ្រដល់ជំនួបកំពូលជាប្រវត្តិសាស្ត្រនេះ។

តារាបាល់បោះអាមេរិកស្បែកខ្មៅរូបនេះ ត្រូវបានគេចាត់ទុកជាស្ពាននៃជំនួបកំពូលនៅថ្ងៃនេះ បន្ទាប់ពីលោកបានបង្កើតចំណងមិត្តភាពដ៏ចម្លែកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គិតចាប់តាំងពីលោក គីម ឡើងកាន់អំណាចនៅក្នុងឆ្នាំ២០១១មក តារាបាល់បោះអាមេរិករូបនេះ បានធ្វើដំណើរទៅលេងមិត្តភក្តិរបស់លោកនៅទីក្រុងព្យុងយ៉ាង ៥លើករួចមកហើយ ខណៈដែលលោក គីម គឺជាអ្នកស្រឡាញ់ចូលចិត្តកីឡាបាល់បោះ។
ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាមួយផ្នែកនៃជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម តែប៉ុណ្ណោះ ខណៈដែលជំនួបនេះកំពុងកើតឡើង ហើយស្ថិតនៅក្រោមការតាមដានពីសារព័ត៌មានជុំវិញពិភពលោកនោះ៕