បទយកការណ៍​៖ ជិតមួយឆ្នាំកន្លះ បន្សល់ទុក្ខភាពឈឺចាប់ដល់ស្រ្តីខ្មែរដែលធ្លាប់ធ្វើការនៅម៉ាឡេស៊ី

ស្រី្ដវ័យកណ្ដាលម្នាក់ សំបុរខ្មៅស្រអែម សក់រួញអង្គាដីបន្ដិច ស្លៀកសម្លៀកបំពាក់គេងយប់ធូររលុង កំពស់​ប្រមាណ​​​​ជាង១ម៉ែត្រកន្លះ ​​​កំពុងតែមមាញឹកនឹងការរៀបចំបត់កម្រាលជាកិច្ចការប្រចាំថ្ងៃរបស់ខ្លួ​​​ន​នៅ​ក្នុង​បន្ទប់​សំរាប់​​ផ្ទុក​សម្ភារៈ​ប្រើប្រាស់នៅក្នុងផ្ទះសំណាក់មួយកន្លែង ដូចជា កម្រាលពូក ភួយ ខ្នើយ និងកន្សែង ហើយ​ក៏​ជា​បន្ទប់​គេងផ្ទាល់ខ្លួនផងដែរ។

ក្រោយពីរៀបចំបន្ទប់របស់ខ្លួនជាមួយឥវ៉ាន់ដែលបានដាក់រប៉ាត់រប៉ាយមួយគំនរធំរួចរាល់ហើយ អ្នកស្រី បានងាក​មក​ផ្ដល់​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​វីអូឌី ​ពីបទពិសោធន៍ ដែល​បាន​ជួបប្រទះ​នៅ​ពេល​ទៅធ្វើការនៅ​ប្រទេសម៉ាឡេស៊ី ដែលមិនអាចបំភ្លេចបាន។

អ្នកស្រី រស់ អាយុ៣៤ ជាស្រ្ដីកំព្រាឪពុកម្ដាយ និង មានប្អូនស្រីបង្កើតអាយុ១៣ឆ្នាំ​រស់នៅជាមួយពូម្នាក់​នៅ​ស្រុក​​កំណើត​ក្នុងភូមិសុបិន្ដ ឃុំព្រៃខ្លា ខេត្តព្រៃវែង ព្រោះឪពុកម្ដាយបានស្លាប់ចោល​​​តាំង​ពី​អ្នក​ស្រី ​អា​យុ​១៤​ឆ្នាំ​មកម្ល៉េះ ដោយសារជំងឺប្រចាំកាយ។

ដោយការរស់នៅជាមួយពូមានជីវភាពលំបាក​​​ ហើយអ្នកស្រីចង់បានចំណូលដើម្បីផ្គត់ផ្គង់ប្អូនទៅរៀន និងសង់ផ្ទះ​ថ្មីមួយ​ខ្នង ទើបអ្នកស្រីសំរេច​ចិត្ត​ទៅ​ធ្វើការ​នៅ​ប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០០៨ ជាមួយប្អូនជីដូន​មួយ​ម្នាក់​និង​ អ្នក​ភូមិម្នាក់​តាមការឃោសនារបស់បុរសម្នាក់ឈ្មោះ ម៉ាប់ ដែលរស់នៅក្នុងភូមិជាមួយគ្នានោះ។

គាត់ថាទៅរកស៊ីនៅទីនោះ ទីស្រួល មានលុយ មានកាក់ចិញ្ចឹមប្អូនអញ្ចឹង គាត់ប្រាក់ខែ១៨០ […] គាត់ថា ២ឆ្នាំមកវិញ ​ហើយខ្ញុំទៅបាន១ឆ្នាំ៤ខែ

អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

នៅប្រទេសម៉ាឡេស៊ី អ្នកស្រីបានធ្វើការនៅផ្ទះមួយ ដែលមានសមាជិក៥​នាក់​ ​និងមានឡាន១០គ្រឿង។ ​រៀង​រាល់​ថ្ងៃ​ អ្នកស្រី ក្រោកពីដំណេកម៉ោង១ឬ២ព្រឹកព្រលឹម ដើម្បីលាងឡាន ជូតផ្ទះ និងដើរមើលតាមបន្ទប់​​​ដើម្បី​រៀប​ចំ អោយមានរបៀបរៀបរយ​​​ ហើយនៅល្ងាចបន្ដិច ក៏ទៅលាងសម្អាតសត្វឆ្កែ​ស្រោច​ផ្កា​ និង​ បោក​សម្លៀក​​​បំពាក់​​របស់ម្ចាស់ផ្ទះ។  ពេលខ្លះអ្នកស្រីថា អ្នកស្រីត្រូវ​រងចាំបើកទ្វារ​ឲ្យម្ចាស់ផ្ទះ​រហូត​ដល់​​​​ម៉ោង​១០យប់ឯណោះ។​​​ អ្នក​ស្រីធ្វើការគ្មានថ្ងៃសៅរ៍ ឬអាទិត្យនោះទេ។

នៅពេល ដែលមកធ្វើការនៅប្រទេសម៉ាឡេស៊ី អ្នកស្រី រស់ សង្ឃឹមថា បានប្រាក់ជួយផ្គត់ផ្គង់គ្រួសារ​​​ និងសង់ផ្ទះ​ថ្មី ​តែ​ក្តីស្រមៃ​របស់អ្នកស្រី មិនបានក្លាយជាការពិតនោះទេ។​​ ផ្ទុយទៅវិញ វាធ្វើឲ្យអ្នកស្រី ជួប​ការលំបាកជាង​មុន​ទៅ​​ទៀត ព្រោះថៅកែ បានវាយធ្វើបាប ហើយ​ក្នុង​រយៈពេល១ឆ្នាំ៤ខែ​ថៅកែ​មិនបាន​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ឲ្យ​គាត់នោះទេ។ រឿងរ៉ាវរបស់អ្នកស្រី រស់ ជាឧទាហរណ៍មួយក្នុងចំណោមរឿងជាច្រើនទៀត​ដែលបាន​កើតឡើង​ចំពោះស្រ្តីខ្មែរ ដែល​ធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។​​​

អ្នកស្រីបាននិយាយរៀបរាប់ទាំងទឹកមុខងើយឆ្ងល់ថា៖​

គេមិនអោយយើងកាន់ទេ ទាល់តែយើងត្រលប់​មកផ្ទះ​បាន​គេឲ្យ ព្រោះអីគេខ្លាចយើងមានលុយ សូម្បីតែផាសស្ប៉តក៏មិនអោយយើងកាន់ផង ព្រោះអីម្ចាស់គេអត់នៅ​ខ្លាចយើង​លួចរត់ ថៅកែពិបាកអញ្ចឹងណា […] តែមិនដឹងបានទេខ្ញុំមកអត់ដឹងដែរ

អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

ក្នុងរយៈពេលធ្វើការ១ឆ្នំាដំបូង អ្នកស្រីមិនបានជួបបញ្ហាលំបាកខ្លាំងនោះទេ ទោះកិច្ចការទាំងនោះហត់ខ្លាំង​​​ក៏ដោយ ក៏អ្នកស្រីអាចស៊ូទ្រាំរស់នៅទីនោះតទៅទៀត។ តែក្នុងរយៈពេលបួនខែចុងក្រោយអ្នកស្រីបានជួបបញ្ហាជាច្រើនដោយមានទាំងការធ្វើបាបលើរាងកាយ និងបៀតបៀនផ្លូវភេទលើខ្លួន។ ថ្ងៃមួយ អ្នកស្រីថា ថៅកែយល់ច្រលំថា គាត់ជាអ្នក​ធ្វើ​អោយ​ឆ្លងចរន្ដអគ្គិសនី ដែលបណ្ដាល អោយដាច់​ភ្លើងក្នុងតំបន់នោះ ហើយ​ថៅកែ បានស្តីបន្ទោសនិងវាយអ្នកស្រី ដោយពុំស្តាប់មូលហេតុ។

ម្ចាស់ផ្ទះគាត់ថាខ្ញុំអ្នកធ្វើដាច់មិនទាន់ពិនិត្យក្រយៅដៃដឹងចោទខ្ញុំអញ្ចឹង ខ្ញុំថាមិនបានធ្វើដាច់ទេ បងគាត់ទេអ្នកធ្វើដាច់[…]ឈរៗគាត់ដាក់ គាត់វៃយករំពាត់ត្រយរ ខ្សែរតីវៃពីក្រោយខ្នង ខ្ញុំអត់មានតដៃអីទេ ខ្ញុំប្រតេប្រតាយវិញ[…]ខ្ញុំក៏រត់ចូលបន្ទប់ខ្ញុំក៏យំទៅ

អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

ចាប់ពីថ្ងៃដែលថៅកែធ្វើបាបអ្នកស្រីមក គឺថៅកែបានបង្ខំអោយលេបថ្នាំញៀន១​គ្រាប់រៀងរាល់ថ្ងៃ​​​។​​​ អ្នកស្រីថា ពួកគេ​បាន​ដាក់ការងារអោយ​ធ្វើកាន់តែច្រើននិងធ្ងន់ធ្ងរជាងមុន ហើយពេលធ្វើខុសម្តងៗ គឺគេតែងតែប្រើ​អំពើហិង្សា​។​​​​​​ អ្នកស្រី អាចទ្រាំទ្រការងាលំបាក​គ្រប់យ៉ាងបាន តែអ្នកស្រី​មិនអាច​អត់ធ្មត់​បាន នៅពេលកូនប្រុសម្ចាស់​ផ្ទះបៀតបៀនផ្លូវភេទ ខណៈ​ឪពុកម្ដាយ​មិន​នៅ​ផ្ទះ ទើបអ្នកស្រី​ចង់មក​ស្រុក​កំណើត​វិញ។

អ្នកស្រីបានរៀបរាប់ទាំងគិតមួយសន្ទុះនិងអោនមុខមើលក្រចកហើយនិយាយថា៖

ខ្ញុំដើរក្នុងផ្ទះ ទៅយក​ដាក់​សាច់​​​អោយឆ្កែស៊ី ឆ្កែនៅក្នុងផ្ទះ ពេលល្ងាចម៉ោង៥​គាត់ចេញពីលើផ្ទះ​មកចេញពីលើបន្ទប់របស់គាត់​មកពីជាន់លើ ហើយខ្ញុំដេកខាងក្រោម […] ហើយរកចាប់ខ្ញុំ តែខ្ញុំរត់ គេវៃ​ ដឹងខ្លួនម៉ោង១០នៅបន្ទប់ខ្លួនឯង

អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

ក្រោយថ្ងៃកើតហេតុអ្នកស្រីថា អ្នកស្រី បានខ្ចី​ទូរសព្ទថៅកែ ដើម្បីទាក់ទងពូ​ឲ្យជួយ​អន្តរាគមន៍​ត្រឡប់​មក​ប្រទេស​កំណើត​វិញ តែក្រោយមកម្ចាស់ផ្ទះបានដឹង ហើយក៏វាយអ្នកស្រី និងឆក់ខ្សែរភ្លើងរហូតដល់សន្លប់។

លោក ភួង​ ប៉ក់ អាយុ៥៦ឆ្នាំ ជាពូបង្កើតរបស់អ្នកស្រី បានទាក់ទងទៅក្រុមហ៊ុនឲ្យ​​​ជួយអន្តរាគមន៍។ ក្រោយ​មក​ក្រុមហ៊ុន​បានយកអ្នកស្រីចេញពីផ្ទះនោះ។

លោក ប៉ក់ បានប្រាប់វីអូឌីតាមទូរស័ព្ទថា៖​​​

ហើយដល់ពេលទៅដល់ហ្នឹងក្មួយខ្ញុំ វាតេទៅដូចឆ្កួតហ្នឹងណា ប្រើទូរស័ព្ទតេមកខ្ញុំ​ តេមកថា ជួយខ្ញុំផង ខ្ញុំក៏តេទៅក្រុមហ៊ុនវិញថា វាឆ្កួតនៅប្រទេសម៉ាឡេស៊ីនោះ

លោក ភួង​ ប៉ក់ អាយុ៥៦ឆ្នាំ ជាពូបង្កើតរបស់អ្នកស្រី រស់

មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅឆ្នាំ២០១០ អង្គការលីកាដូ បាន​ជួយ​អន្តរាគមន៍​​ឲ្យអ្នកស្រីត្រលប់មកពីប្រទេសម៉ាឡេស៊ី។

ចំពោះករណីអ្នកស្រី​រស់ លោក សំអាត ឲ្យដឹងថា នៅពេលត្រលប់មក​ដល់ប្រទេសកម្ពុជា​វិញ អ្នកស្រី​មាន​សុខភាព​មិនល្អ និង មានវិបត្តិផ្លូវ​ចិត្តធ្ងន់ធ្ងរ ដោយសារការ​ធ្វើបាប​ពីថៅកែ។ ​ក្រោយមក អង្គការលីកាដូ ​បាន​បញ្ជូន​​​អ្នកស្រីទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

«ពេលដែលមកគាត់មានបញ្ហាផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ អញ្ចឹង ​គឺយើងជួយសម្រួលគាត់​ក្នុងការព្យាបាលរហូតទៅដល់បានធូរស្រាល […] ពី២០១០ មកគាត់​មិនមានលទ្ធភាព​ធ្វើអី​ […] ពីព្រោះ​មកដល់​ដំបូង គឺគាត់ក្លាយ​សឹងតែទៅជាបាត់បង់ស្មារតីទៅហើយ […] គាត់មានស្លាកស្នាម ហើយ […] យើងមិន​អាច​សួរ​អ្វីគាត់​បាន ពីព្រោះគាត់មិនអាចឆ្លើយសំនួរយើងបាន

មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត

បន្ទាប់ពីការព្យាបាលជិត៨ឆ្នាំ ជម្ងឺរបស់អ្នកស្រី រស់ ​បានធូរស្បើយជាងមុន​ ហើយអ្នកស្រី​អាចមានលទ្ធភាព​ធ្វើការ​ដូច​ដើមវិញ។​​​ កាលពីខែមេសាឆ្នាំ២០១៨ អ្នកស្រី បានមកធ្វើការនៅផ្ទះសំណាក់មួយ​​​ ក្នុងរាជធានីភ្នំពេញ​ជា​មួយ​កូន​​ស្រី​អាយុ៦ឆ្នាំ ក្រោយពីលែងលះជាមួយប្ដី ដោយសារតែរស់នៅមិនចុះសម្រុងគ្នាអស់រយៈពេល៦ឆ្នាំមក។

ឆ្លងកាត់ភាពលំបាកជាច្រើនឆ្នាំ អ្នកស្រី រស់ បានផ្តាំផ្ញើទៅប្រជាពលរដ្ឋខ្មែរ ទាំងអស់ត្រូវប្រុងប្រយ័ត្ន​មុនសម្រេច​ចិត្តទៅធ្វើការក្រៅប្រទេស ក៏ដូចជាប្រទេសម៉ាឡេស៊ី ដើម្បីរួចផុតពីការធ្វើបាបនិងបៀតបៀនផ្លូវភេទពីថៅកែ។

ផ្ដាំផ្ញើកុំអោយចាញ់បោកគេដូចខ្ញុំអញ្ចឹង ទៅម៉ាឡេស៊ីគេធ្វើបាប ថៅកែធ្វើបាបខ្ញុំ កុំជឿតាមគេថា​ទៅហ្នឹងស្រួល​អី​ ទាល់តែយើងទៅខ្លួនឯងបានដឹងថាពិបាក

អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី ៩ ខែកម្ភៈ ឆ្នាំ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ​​​ បានជួប លោក Dato Sri Richard Riot Anak Jaem រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី ដើម្បីបន្តពិភាក្សា​​​​​​​​​លើ​​​ការអនុវត្តអនុស្សរណៈ​នៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីការជ្រើសរើស ការបញ្ជូន និងការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។

ភាគីទាំងពីរបានឯកភាពគ្នា ចាប់ផ្តើមដំណើរការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី លើកដំបូងនាដើមខែមិថុនា ឆ្នាំ២០១៨ នេះ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានដំណើរការបញ្ជូនពលការទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនៅឡើយទេ ពីព្រោះក្រសួងត្រូវការពេលមួយរយៈទៀតដើម្បីពិនិត្យលើកិច្ចព្រមព្រៀងបច្ចេកទេសពាក់ព័ន្ធជាមួយនឹងកម្មវិធីនៃការបណ្ដុះបណ្ដាលមុនពេលចេញដំណើរហើយនិងប្រព័ន្ធគ្រប់គ្រងពលការនី។

ទោះបីជាមានកិច្ចព្រមព្រៀងរវាងកម្ពុជានិងម៉ាឡេស៊ីយ៉ាងណាក៏ដោយ លោក ហេង សួរ គិតថាចំនួនពលការនីដែលទៅធ្វើការនៅទីនោះនឹងតិចជាងមុន ពីព្រោះឥឡូវកម្មការនីធ្វើការនៅរោងចក្រកាត់ដេរទទួលបានប្រាក់ខែខ្ពស់។​​​

ទោះបីជាយើងផ្ដល់ជម្រើសជូនគាត់ក៏ដោយ គាត់ស្ម័គ្រចិត្តក៏ដោយ ប៉ុន្ដែខ្ញុំមិនគិតថាមានចំនួនច្រើនដែលចង់ទៅធ្វើការនៅម៉ាឡេស៊ីទៀតទេ ដោយសារតែទី១ប្រាក់បៀវត្សនៅយើងនេះក៏មានការកើនឡើងជាពិសេសវិស័យកាត់ដេរ ដែលយើងកំពុងតែត្រូវការពលការនីកម្មការនីនេះ គឺមានប្រាក់បៀវត្សជារួមប្រហែលជាខ្ទង់២០០ ហើយបើសិនជាមានការងារថែមម៉ោងរឺមួយក៏អីផ្សេងៗគឺវាអាចឡើងប្រហាក់ប្រហែលជា២៥០ដែរ អញ្ចឹងធៀបទៅនឹងប្រាក់នៅឯម៉ាឡេស៊ីនេះគឺវាមានភាពប្រហាក់ប្រហែលគ្នាមែនទែន

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ

លោក សំអាត នៅតែមានការព្រួយបារម្ភសុវត្ថិភាពលករខែ្មរទៅធ្វើការនៅក្រៅប្រទេស ហើយលោក​​​លើកទឹកចិត្តឲ្យពលរដ្ឋខ្មែររការងារធ្វើនៅក្នុងប្រទេសវិញ។

​បើយើងរកការងារធ្វើក្នុងស្រុកនេះបាន គួរតែធ្វើក្នុងស្រុក​ទៅព្រោះ ការសំរេច ចិត្តចេញទៅឆ្ងាយអញ្ចឹងវាអាចនឹងមានការប្រឈមមុខ […] មើលក្រុមហ៊ុនហ្នឹង អោយបានច្បាស់លាស់ហើយ មានការធានា ត្រូវរកទាំងប្រព័ន្ធនៃការការពារ បានន័យថា គាត់ទៅនោះត្រូវមានលេខទូរស័ព្ទមានអី សំរាប់ទាក់ទង ដូចជាស្ថានទូត​ កុងស៊ុល ឬ ក៏អង្គការផ្សេង នៅពេលមានបញ្ហាជាពិសេសរដ្ឋាភិបាលក្រសួងការងារ

មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត

កាលពី​ខែ​តុលា ឆ្នាំ​២០១២ រដ្ឋាភិបាលបានសម្រេចផ្អាកបណ្ដោះអាសន្នដោយមិនឲ្យមានការបញ្ចូនពលករបម្រើ​តាម​ផ្ទះទៅប្រទេសម៉ាឡេស៊ី ដោយសារតែមានករណីធ្វើបាបពលករនៅទីនោះគ្រប់រូបភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត តែបើបើយោងតាមអ្នកនាំពាក្យក្រៃសួងការងារបានឲ្យដឹងថា គិតមកដល់សព្វថ្ងៃនេះនៅប្រទេសម៉ាឡេស៊ីមានពលករចំនួនជាង៣ម៉ឺននាក់ នៅតែបន្ដធ្វើការនៅទីនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ