កម្ពុជាហៅទណ្ឌកម្មប្រឆាំងមេកងអង្គរក្សលោកនាយករដ្ឋមន្រ្តីជាការលំអៀងផ្នែកនយោបាយ

លោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង)

ក្រសួងការបរទេសកម្ពុជា និងស្ថាប័នរដ្ឋមួយចំនួនទៀត បានចេញសេចក្ដីថ្លែងការណ៍ជាបន្ដបន្ទាប់ ថ្កោលទោសសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងថាជាការលំអៀងផ្នែកនយោបាយ។

នៅថ្ងៃទី១២ខែមិថុនាថ្មីៗនេះ ក្រសួងរតនាគារជាតិអាមេរិក បានជូនដំណឹងពីការបង្កកទ្រព្យសម្បត្តិរបស់លោក ហ៊ីង ប៊ុនហៀង ដោយចោទមន្ដ្រីជាន់ខ្ពស់កម្ពុជារូបនេះ ថា បានបញ្ជាឲ្យកងអង្គរក្សវាយប្រហារលើប្រជាពលរដ្ឋកម្ពុជាដែលគ្មានអាវុធ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ រួមទាំងការវាយបង្ក្រាបលើក្រុមបាតុករ កាលពីឆ្នាំ២០១៣ និងការព្រួតវាយលើអតីតតំណាងរាស្ដ្របក្សប្រឆាំង ២រូប នៅមុខវិមានរដ្ឋសភា កាលពីឆ្នាំ២០១៥។

ប៉ុន្ដែ បន្ទាប់ពីការប្រកាសដាក់ទណ្ឌកម្មបែបនេះ ស្ថាប័នរដ្ឋ និងស្ថាប័នកងទ័ពមួយចំនួនបានរួមគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដោយថា បានបំពានអធិបតេយ្យភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងលម្អៀងផ្នែកនយោបាយទៅរកអតីតបក្សប្រឆាំង។ ស្ថាប័នទាំងនោះ រួមមាន ក្រសួងការបរទេសកម្ពុជា ក្រសួងការពារជាតិ ទីស្ដីការគណៈរដ្ឋមន្ដ្រី  ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី  រាជបណ្ឌិសភាកម្ពុជា និងអគ្គបញ្ជាការដា្ឋន។

ក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃម្សិលមិញ ក្រសួងការបរទេសកម្ពុជាបានថ្លែងការពារលោក ហ៊ីង ប៊ុនហៀង ថា ជាមនុស្សស្អាតស្អំ និងមិនបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មលើប្រជាពលរដ្ឋខ្លួនឯងនោះទេ។

សេចក្តីថ្លែងការណ៍ដដែលក៏បានរិះគន់សហរដ្ឋអាមេរិកថាកំពុងដើរតាមគន្លងចាស់ កាលពីអតីតកាល និងកំពុងជំរុញឲ្យមានការផ្លាស់ប្ដូររបបដឹកនាំមួយ តាមបែបមិនប្រជាធិបតេយ្យ។

ចំណាក់ការជាឯតោភាគីរបស់អាមេរិក ជាទង្វើដែលមានបង្កប់របៀបវារៈនយោបាយ និងមានការវិនិច្ឆ័យលម្អៀង […] សហរដ្ឋអាមេរិកហាក់បីដូចជាមើលមិនឃើញនូវគោលនយោបាយរបស់ខ្លួន ក្នុងការផ្លាស់ប្ដូររបបតាមបែបមិនប្រជាធិបតេយ្យ ដែលបាននាំមកនូវការបំផ្លិចបំផ្លាញប្រជាជន និងប្រទេសជាតិដ៏តូចមួយនេះ

សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃម្សិលមិញ

ប្រធានកងអង្គរក្សនាយករដ្ឋមន្ដ្រី លោក ហ៊ីង ប៊ុនហៀង ចាត់ទុកការចោទប្រកាន់របស់អាមេរិក ថា មិនមានមូលដ្ឋាន និងថា លោកក៏គ្មានប្រាក់តម្កល់ទៅធនាគារអាមេរិកដែរ។ លោកក៏បដិសេធថា មិនមានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សទេ ប៉ុន្ដែ លោករំលឹកថា អ្វីដែលកងអង្គរក្សធ្វើនៅមុខរដ្ឋសភា កាលពីឆ្នាំ២០១៥ គឺជាអនុវត្តច្បាប់ ហើយក៏ជាកំហុសរបស់អតីតតំណាងរាស្ដ្របក្សប្រឆាំងខ្លួនឯង។

កងអង្គរក្សមានតួនាទីក្ដាប់សភាពការណ៍ ហើយក្រោយពេលបញ្ចប់ប្រជុំនៅរដ្ឋសភានៅម៉ោង១២នោះ  ហ្វូងបាតុករគេបែកអស់ទៅហើយ ហើយគាត់ (អតីតតំណាងរាស្ដ្របក្សសង្គ្រោះជាតិ) ទៅជេរគេថា បាតុករពួកអាយ៉ងយួន មានយួនក្នុងរដ្ឋសភា អាហ្នឹងវាពាក់ព័ន្ធនឹងពាក្យសម្ដី យើងប្រមាថគេដែរ យើងនិយាយពីហេតុផលផង

ប្រធានកងអង្គរក្សនាយករដ្ឋមន្ដ្រី លោក ហ៊ីង ប៊ុនហៀង

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លោក Charles Santiago បានប្រកាសគាំទ្រចំណាត់ការរបស់អាមេរិកនេះ ថា ជាការត្រឹមត្រូវ និងដាស់តឿនដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា នេះជាគោលនយោបាយរបស់អាមេរិក ដែលជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនៅលើពិភពលោក។ លោកវិភាគថា ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងកាន់តែតានតឹងជាងនេះ ប្រសិនបើបញ្ហាសិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ្មានការផ្លាស់ប្ដូរទេនោះ។

អ្នកស្រាវជ្រាវពីការអភិវិឌ្ឍសង្គម លោក មាស នី

លោកបន្ដថា៖ «មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទេ វាជាការដែលប្រទេសមួយ​ គេការពារអ្វីដែលជាគុណតម្លៃរបស់ប្រទេសគេ ហើយការបង្កកទ្រព្យសម្បត្តិ ក៏មិនធ្វើក្នុងធនាគារបស់ស្រុកខ្មែរយើងទេ ប៉ុន្ដែគេបង្កកក្នុងធនាគារប្រទេសគេ។ បើសិនជាយើងនៅតែបន្ដធ្វើនូវដែលកំពុងធ្វើ ខ្ញុំគិតថា ស្ថានភាពទំនាក់ទំនងមិនប្រសើរឡើងទេក្នុងពេលអនាគត»។

ក្នុងបរិបទកម្ពុជា លោក ហ៊ីង ប៊ុនហៀង គឺជាមនុស្សដំបូងគេ ដែលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនៅក្រៅប្រទេស បន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក​​ កាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០១៧ បានអនុម័តសេចក្ដីសម្រេចមួយ ដែលនឹងដាក់បញ្ចូលមន្ដ្រីកម្ពុជាទៅក្នុងបញ្ជីខ្មៅ ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ