កាលពីចុងសប្តាហ៍មុនប្រជាពលរដ្ឋវៀតណាម ផ្ទុះការតវ៉ាទាំងក្នុងនិងក្រៅប្រទេស ប្រឆាំងរដ្ឋាភិបាលរបស់ពួកគេ ចំពោះគម្រោងរៀបចំច្បាប់ផ្តល់ដីកោះមួយចំនួនធ្វើជាដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនរបស់ចិន។
តំបន់សេដ្ឋកិច្ចដែលវៀតណាមគម្រោងធ្វើជាដីសម្បទានសេដ្ឋកិច្ចឲ្យចិននោះមានបីទីតាំងគឺភាគឦសានមួយកន្លែង នៅភាគអាគ្នេយ៍ និងនៅភាគនិរតីនៃប្រទេសនេះ។
ចលនានៅក្រៅប្រទេសក្រៅប្រទេសគ្រាន់តែលើកបដាសម្តែងឆន្ទៈ ប៉ុន្តែនៅក្នុងប្រទេសមានការដើរក្បួន លើកបដានៅតាមខេត្តក្រុងនានារួមទីក្រុងព្រៃនគរ និងហូជីមិញ ហើយក៏មានហិង្សាពេលប៉ះទង្គិចជាមួយសមត្ថកិច្ច។ បើទោះជាមានការចាប់ខ្លួនអ្នកតវ៉ាប្រមាណ១០០នាក់ មានការបាញ់គ្រាប់បែកផ្សែងនិងប្រើប្រាស់ដំបងខ្លះ ដើម្បីបំបែកបាតុករក៏ដោយប៉ុន្តែបាតុករមិនដកថយទេ។
លទ្ធផលពីការតវ៉ា
ក្រោយការផ្ទុះការតវ៉ាខ្លាំងនៅថ្ងៃទី១០ខែមិថុនា គឺក្រោយមួយថ្ងៃនៅថ្ងៃទី១១ខែមិថុនាសភាដែលមានសមាជិកសភាជាង៤០០នាក់ បានសម្រេចបោះឆ្នោតផ្អាកដំណើរការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ។
ជាតិសាសន៍ចិននិងវៀតណាម
ប្រជាពលរដ្ឋវៀតណាមនៅតែចាត់ទុកប្រទេសចិនជាសត្រូវប្រវត្តិសាស្ត្រ ដែលឈ្លានប្រទេសរបស់ពួកគេ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកវិទ្យាល័យប៉ូស្តុន លោករ៉ូប៊ឺត រ៉ូស ថ្លែងថា បញ្ហាជាតិនិយមគឺកាន់តែបង្កផលលំបាកកាន់តែខ្លាំងក្នុងការទំនាក់ទំនងដល់ប្រទេសជិតខាងទាំងពីរ។
ការស្រែកតាមឧបករបំពងសំឡេង និងបដាជាច្រើនបង្ហាញថា ពលរដ្ឋវៀតណាមទាំងនេះ មានការស្អប់ជនជាតិចិន។
ខ្លឹមសារប្រើប្រាស់ក្នុងពេលតវ៉ារបស់ពួកគេមានដូចជា៖
កាលពីឆ្នាំ២០១៤ ពេលរដ្ឋអំណាចទីក្រុងប៉េកាំងបណ្តេញមន្ត្រីវៀតណាមចេញពីកន្លែងបូមយកប្រេងនៅក្នុងតំបន់មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនោះ ក៏ផ្ទុះការតវ៉ាពីសំណាក់ពលរដ្ឋវៀតណាមដែរ។

កាលនោះពលរដ្ឋវៀតណាមផ្ទុះការតវ៉ាដោយហិង្សា បណ្តេញក្រុមហ៊ុននិងពលរដ្ឋចិន ចេញពីប្រទេសវៀតណាមនៅភាគខាងត្បូង រហូតដល់រដ្ឋអំណាចចិនយកនាវាដឹកពលរដ្ឋខ្លួនជាង១ម៉ឺននាក់ត្រឡប់ទៅប្រទេសកំណើតវិញ។ ហិង្សានៅពេលនេះ បណ្តាលឲ្យមនុស្សប្រមាណ២០នាក់ស្លាប់និងជាង១០០នាក់រងរបួស។
ពលរដ្ឋវៀតណាមនិងការប្រើប្រាស់សិទ្ធិ
រូបភាពខាងក្រៅគេតែងតែមើលឃើញថា វៀតណាមជាប្រទេសកុម្មុយនីស្តរឹតត្បិតសេរីភាពគ្រប់បែបយ៉ាង និងមានការបង្ក្រាបខ្លាំងលើក្រុមដែលហ៊ានប្រឆាំង។
ប៉ុន្តែបើពិនិត្យលើសេរីភាពនៃការទទួលបានព័ត៌មានគឺពលរដ្ឋនៃប្រទេសនេះហាក់ដូចជា ទទួលបានព័ត៌មានពេញលេញ ព្រោះច្បាប់នៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចិន និងលើកយកទៅជជែកនៅថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមិថុនា ប៉ុន្តែពលរដ្ឋផ្ទុះការតវ៉ានៅថ្ងៃទី១០ខែមិថុនា បានន័យថា ពួកគាត់ភាគច្រើនដឹងមុន ហើយដឹងច្បាស់ពីផលប៉ះពាល់នេះ។
អ្នកខ្លះថ្លែងថា ការផ្តល់ដីសម្បទាន៩៩ឆ្នាំនេះគឺការប្រើពេលរហូត២ទៅ៣ជំនាន់មនុស្សដូច្នេះពួកគេបារម្ភថា អាចនឹងធ្វើឲ្យបាត់បង់ដីទាំងនោះទៅចិនជាមិនខានទេ។
បើនិយាយពីការទទួលព័ត៌មាននិងការទំនាក់ទំនងគ្នារវាងពលរដ្ឋនៅក្នុងប្រទេសនេះ នៅតែមានភាពប្រសើរ។ ករណីដូចការងើបតវ៉ាព្រមៗគ្នាទាំងក្នុងនិងក្រៅប្រទេសនេះ បើពួកគេមិនបានទំនាក់ទំនងគ្នាមុន ឬ មិនបានដឹងពីសកម្មភាពរវាងគ្នានិងគ្នានោះ នឹងមិនអាចដំណើរតវ៉ាបានល្អយ៉ាងនេះទេ។
ការឆ្លើយតបរបស់រដ្ឋាភិបាល
រូបភាពជាច្រើនបង្ហាញពីសកម្មភាព ពលរដ្ឋចោលដុំថ្មទៅលើសមត្ថកិច្ច បាតុករដើរចូល សមត្ថកិច្ចដែលមានខែលនិងដំបងនៅជាប់ដៃនៅតែបន្តថយក្រោយ។
រូបភាពនេះ មិនមែនមានន័យថា វៀតណាមខ្វះកម្លាំងទ័ពសម្រាប់ទប់ទល់ជាមួយបាតុករនោះទេ បើវៀតណាមបញ្ចេញកម្លាំងប្រដាប់អាវុធច្រើនក៏អាចទប់ទល់បានហើយ ពលរដ្ឋក៏មិនអាចដើរទៅមុខទៀតបានដែរ។
មួយទៀតរដ្ឋាភិបាលបានស្តាប់ការលើកឡើងរបស់ពលរដ្ឋ បើទោះបីជាច្បាប់នៃប្រទេសនេះ មិនបានបើកសិទ្ធិការធ្វើបាតុកម្មក៏ដោយ ហើយរដ្ឋាភិបាលមិនបានចោទប្រកាន់ថា ក្រុមណាមួយជាអ្នករៀបចំ ជាអ្នកញុះញង់ ដើម្បីប្រើរូបភាពពលរដ្ឋក្នុងបំណងរារាំង ឬ ចង់ផ្តួលរំលំរដ្ឋាភិបាលនោះទេ។












