ជនជាតិបរទេស ៣៥នាក់ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញនេះ ក្រោយពីត្រូវបានរកឃើញថា បានស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។ នេះបើតាមសេចក្ដីរាយការណ៍របស់នគរបាលជាតិ។
សេចក្ដីរាយការណ៍នគរបាលជាតិ បានឲ្យដឹងបន្ថែមថា ជនជាតិនីហ្សេរីយ៉ា ៣៤នាក់ និងជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជាឃាត់ខ្លួននៅភូមិសន្សំកុសល ស្ថិតក្នុងខណ្ឌមានជ័យ អំឡុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យជនបរទេសនៅសង្កាត់បឹងទំពុន១ កាលពីថ្ងៃម្សិលមិញនេះ។
នគរបាលជាតិ បានចុះផ្សាយថា ជនបរទេសទាំងនោះ បានប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា៕