សម្មជនបរិស្ថាន និងអ្នកឃ្លាំមើលការកាប់ឈើខុសច្បាប់ បានរិះគន់ចំពោះចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី ដែលសម្រេចដោះលែងថៅកែរកស៊ីឈើជនជាតិវៀតណាមម្នាក់ ដែលចូលមកប្រមូលទិញឈើដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។
កាលពីថ្ងៃទី១៧ខែមិថុនានេះ ចៅក្រមស៊ើបសួរលោក សាន ប៊ុនធឿន បានសម្រេចដោះលែងជនត្រូវចោទជាជនជាតិវៀតណាមម្នាក់ ឈ្មោះ ផាម ថេគឿន ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់នៅក្នុងសេចក្តីសម្រេចមិនឃុំខ្លួននោះឡើយ។
មន្រ្តីកម្មវិធីចងក្រងសហគមន៍ និងធនធានធម្មជាតិ នៃសមាគមអាដហុកដែលតាមឃ្លាំមើលករណីនេះ លោក ប៉ែន ប៉ុណ្ណារ៍ បានបង្ហាញការខកចិត្តចំពោះការសម្រេចនោះ ហើយលោកដាក់ការសង្ស័យថា ករណីតុលាការដោះលែងឈ្មួញឈើជនជាតិវៀតណាមរូបនេះអាចជាប់ពាក់ព័ន្ធអំពើពុករលួយ។
មន្រ្តីកម្មវិធីចងក្រងសហគមន៍ និងធនធានធម្មជាតិ នៃសមាគមអាដហុក លោក ប៉ែន ប៉ុណ្ណារ៍
សមាជិកបណ្ដាញនិស្សិតឯករាជ្យ ដែលធ្វើការការពារធនធានធម្មជាតិ និងប្រឆាំងការជួញដូរឈើឆ្លងដែនខុសច្បាប់លោក ហេង ស្រស់ មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះសកម្មភាពកាប់ និងដឹកជញ្ជូនឈើ ខុសច្បាប់ចេញពីខេត្តរតនគិរីឆ្លងដែនទៅប្រទេសវៀតណាម គឺកើតឡើងច្រើន ដោយអាជ្ញាធរមូលដ្ឋានទប់ស្កាត់មិនមានប្រសិទ្ធិភាពនោះឡើយ។
លោក ហេង ស្រស់ ក៏សង្ស័យថា ករណីចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរីសម្រេចដោះលែងថៅកែជនជាតិវៀតណាមនោះអាចជាប់ពាក់ព័ន្ធការសូកប៉ាន់ណាមួយនោះដែរ។
លោកបន្ថែមថា«បទល្មើសព្រៃឈើនៅក្នុងស្រុក វើនសៃ ហ្នឹង គឺគេប្រមូលចូលទៅដាក់ក្នុងតំបន់សេសានក្រោមពីរ។ ហើយបន្ទាប់មកក៏ប្រមូលដឹកចេញទៅប្រទេសវៀតណាម បើនិយាយទៅក្នុងមួយយប់ៗ វាដឹកចេញរាប់រយឡាន។ ហើយនៅក្នុងស្រុកវើនសៃហ្នឹងទៀត ពាក់ព័ន្ធជនជាតិវៀតណាមគាត់ចូលមករកស៊ីឈើហ្នឹង សូម្បីតែចៅហ្វាយខេត្តពីមុនហ្នឹងក៏ត្រូវបានព្រះរាជអាជ្ញាប្តឹងឲ្យជាប់ពន្ធធនាគាររហូតដល់ទៅ១៦ឆ្នាំដែរ ប៉ុន្តែក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំទៅវិញ។ អាហ្នឹងបើនិយាយរួមទៅវាគ្មានអ្វីក្រៅពីការសូកប៉ាន់នោះទេ»។
វីអូឌីមិនអាចសុំការឆ្លើយតបពីចៅក្រមស៊ើបសួរ លោក សាន ប៊ុនធឿន បានទេ ករណីដោះលែងឈ្មួញឈើជនជាតិវៀតណាមនេះ។
ជុំវិញការការដោះលែងនេះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរីលោក ជា ពេជ្យ ប្រាប់វីអូឌីនៅថ្ងៃនេះថា លោកក៏កំពុងរៀបចំឯកសារប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ដែរ។
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរីលោក ជា ពេជ្យ
ថៅកែរកស៊ីឈើជនជាតិវៀតណាម លោក ផាម ថេគឿន ត្រូវបាននគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីឃាត់ខ្លួនកាលពីថ្ងៃទី១៤មិថុនា ខណៈរូបគាត់កំពុងត្រួតពិនិត្យឈើនៅចម្ការស្វាយចន្ទីនៅមាត់ទន្លេសេសាន្ត ក្នុងភូមិប៉ុងលើ ឃុំប៉ុង ស្រុក វើនសៃ និងបានបញ្ជូនទៅតុលាការ ក្រោយសង្ស័យថាជនត្រូវចោទរូបនោះបានមករស់នៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់៕









