យុគ ចិន្តា ថាកូនស្រីនឹង​បន្តតំណែង​ពិធីការិនីនៅ CTN

អ្នកនាង យុគ ចិន្ដា និងកូនស្រី

មកទល់ពេលនេះ អ្នកនាង​ យុគ ចិន្តា​ បានបញ្ចេញមុខកូនស្រីកាន់តែ​ច្រើន​នៅក្នុងពិភពសិល្បៈ ដោយ​​អ្នកនាង​​បានប្រកាសសរសើរមិន​ដាច់ពីមាត់ថា ​​កូនស្រី​ យុគ ដាពេជ្រ ហៅអម គឺជាកូនស្រីតែម្នាក់របស់ខ្លួន ​បើទោះជាអ្នកនាងមិនដែលបង្ហើបអោយដឹង​ពីអត្តសញ្ញាណ​​អតីតស្វាមី ដែលជា​​​ឪពុក​​ក្មេង​សូម្បីតែម្ដង។ ​​​​ពីមុន​អ្នកនាងប្រកាសត្រឹមថា ​កូនស្រីមាន​​ទេពកោសល្យ​​ផ្នែក​​ចម្រៀង និងតន្ត្រី ប៉ុណ្ណោះ​ ប៉ុន្តែ​​​ក្នុងថ្ងៃ​​ខួប​កំណើត​កូនស្រី​មុននេះ អ្នកនាង​បែរជា​ប្រកាសថា អ្នកនាង​​​នឹង​បណ្ដុះកូនស្រីអោយស្នងតំណែង​​​​ពិធីការិនី​ជំនួស​ខ្លួន បន្ថែមទៀត។

អ្នកនាង​ យុគ ចិន្តា បានថ្លែង​​​​​ក្នុងពិធីខួប​កំណើតកូនស្រី​គម្រប់វ័យ​១៥​ឆ្នាំ កាលពីថ្ងៃទី១៦ ​មិថុនា ថា អ្នកនាង​​នឹង​អោយ​​​​​​កូនស្រី​​​​​​​ក្លាយខ្លួនជា​ពិធីការិនី​​​​​​ជំនួសខ្លួន ​​ក្នុងពេលដ៏ខ្លី ​​​ដោយសារតែអ្នកនាង​យល់ថា​មានតែ​​អាជីពជាពិធីការិនី​​មួយ​គត់ ដែលអាចធ្វើអោយកូនស្រីរបស់អ្នកនាង​​​​​នៅល្បីបានយូរ និង​ឈរជើង​បានយូរ សំខាន់អោយតែមាន​​កម្មវិធីចេញមុខ និង​​មានទេពកោសល្យ​​​បានល្អ។ អ្នកនាងថា​​អាជីពចម្រៀងអោយតែ​វ័យ​​ចាស់បន្តិច នឹង​បាត់ការ​គាំទ្រ​​​ហើយ ប៉ុន្តែបើធ្វើពិធីការិនី គឺ​​​​​​​ទោះជាចាស់​ក៏នៅតែមានទីផ្សារនោះដែរ ​ដោយអ្នកនាង​បញ្ជាក់ថា​​គឺ​កាន់​កម្មវិធី​ជា​របៀប​មនុស្ស​​វ័យកណ្ដាល ឬ​វ័យ​ចាស់​។

អ្នកនាងបាន​​​ទាំងអួតសរសើរថា​​កូនស្រីរបស់ខ្លួនមានទេពកោសល្យ​គ្រប់គ្រាន់​​​​ក្នុង​នាមជាតារាសិល្បៈមួយរូប ដែលអាច​​ឈោងឆាប់អាជីពពិធិនីដូច​ខ្លួនបាន ​ដោយសារតែនាង​មានដុង​សិល្បៈ ដោយចេះតែទាំងច្រៀង តន្ត្រី ភាសា និង​​​សំខាន់​គឺ​បានវោហារ​​​ ដោយអ្នកនាង​បញ្ជាក់ថាកូនស្រីថែមទាំងមានកំប្លុកកំប្លែង​​ចង់ល្អជាងអ្នកនាង​​​​​​ផង។ អ្នកនាងបញ្ជាក់​ថា​អត់បាន​បង្ខំ​កូនស្រីអោយ​​​​ហក់ចាប់សិល្បៈដូចខ្លួននោះទេ ​​តែ​​បណ្ដាលមកពី​​​​កូន​មានដុង​​គ្រប់គ្រាន់ ហើយអ្នកនាងក៏ចង់​​​​ជំរុញអោយដល់គោលដៅ ទើបអ្នកនាងត្រូវ​តែបណ្ដុះបណ្ដាល។

អ្នកនាង យុគ ចិន្ដា និងកូនស្រី ក្នុងពិធីខួបកំណើត ១៥ឆ្នាំកូនស្រី

អ្នកនាងកូនស្រីរបស់ខ្លួនអាច​​​លេងព្យាណូបានស្ទាត់ ចេះរាំ​របាំ​ប៉ាឡេ និងចេះច្រៀង​​​​​​អុបប៉េរ៉ា បានស្ទាត់ ​ដោយ​​​​​​​​ក្រៅពី​សិក្សា​ភាសា​ខ្មែរ ​កូនអ្នកនាង​ក៏រៀនចិន ​និង​អង់គ្លេស​​​​​​​​​​​ស្របគ្នា​​ផងដែរ ទើបអ្នកនាង​យល់ថា​​កូនស្រីរបស់ខ្លួនបាន​​ត្រូវបានបណ្ដុះអោយក្លាយជាពិធីការិនី គឺពិតជា​​​ធ្វើបានល្អ ​​ដោយសារតែ​​អ្នកនាងថា​កូន​ស្រី​ចេះច្រើន​ទម្រង់សិល្បៈ និង​ ​​​​ចេះភាសា។

អ្នកនាង យុគ ចិន្តា ​​បញ្ជាក់​​ថា​​​​ក្នុងពេលដ៏ខ្លី អ្នកនាង​​នឹង​អោយកូនស្រី​​បង្ហាញ​​​​​មុខ​ក្នុងនាមជាពិធីការិនី ប៉ុន្តែ​​មិនទាន់ច្បាស់ពីពេលវេលា​នោះទេ ដោយសារតែ​អ្នកនាងចង់​​​​​​​ពង្រឹង​សមត្ថភាព​​​​​​កូនស្រី​អោយមានសមត្ថភាព​អោយ​រឹងមាំសិន។ ក្នុងនោះ​​អ្នកនាង​​ក៏ត្រូវការអោយកូន​​ពេញរូបពេញរាង​ជាង​​នេះដែរ ​​ដើម្បី​កុំអោយនៅស្ទើរពេក​ក្នុងពេល​​​​​អោយកូនស្រី​កាន់​​តំណែង​ក្នុងកម្មវិធី​ណា​មួយ នៅ​CTN My TV ដែលអ្នកនាង​បម្រើការនៅទីនោះ​។ ​

យុគ ដាពេជ្រ ហៅ អម បានថ្លែង​បញ្ជាក់ថា​​​​​​​តាំងពី​ដើម​ដល់ធំ​ ម្ដាយរបស់ខ្លួន​​មិនដែល​បង្ខំអោយនាង​​​រៀ​ន​ភ្លេង ​ហាត់ច្រៀង និង​​សិក្សា​ទម្រង់​​សិល្បៈនោះទេ គឺ​នាង​ជាអ្នក​​ស្នើ​សុំ​​​ទាំងអស់។ ដោយឡែកសម្រាប់​អាជីព​ពិធីការិនី​​ ដ្បិតថា​​នៅពេលនេះ ​​​នាងមិនទាន់មានទំនុកចិត្ត​ថា​អាច​ធ្វើ​បាន ប៉ុន្តែ​ផ្អែកតាមការ​សន្សំ​​សមត្ថភាព និង​ការជ្រោមជ្រែងរបស់ម្ដាយ ​នាង​​បញ្ជាក់ថា​ខ្លួនពិតជា​អាច​ធ្វើបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ