លោក ផែង វណ្ណៈ ដែលជាមន្ត្រីយោធាព្រមានប្រើទាំងច្បាប់និងក្រៅច្បាប់លើអ្នកលួចហ្វេសប៊ុក

លោក ផែង វណ្ណៈ។ (ហ្វេសប៊ុក៖ Pheng Vannak)

មន្ត្រីយោធាដែលសកម្ម​ក្នុងការ​ប្រើប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុកលាតត្រដាងបញ្ហាផ្សេងៗនៅក្នុងសង្គមនោះ បានព្រមានចាត់វិធានការលើអ្នកលួចផេកហ្វេសប៊ុករបស់លោក ទាំងយន្តការផ្លូវច្បាប់និងក្រៅច្បាប់។​

លោក ផែង វណ្ណៈថ្លែងកាលពីម្សិលមិញថា ហ្វេសប៊ុករបស់លោកត្រូវបាន​ជនអនាមិកលួចយកទៅគ្រប់គ្រង ហើយប្រើប្រាស់សារវាយប្រហារលើលោក នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ។​

លោក ផែង វណ្ណៈ បញ្ជាក់ថា លោកមិនដែលមានជម្លោះជាមួយ​​លោក​នេត សាវឿនទេ ហើយថា លោក នេត សាវឿន ជាថ្នាក់ដឹកនាំល្អធ្លាប់បានជួយបណ្តុះបណ្តាលលោកទៀតផង។​ អតីតមន្ត្រីក្រមខណ្ឌនគរបាលហើយបច្ចុប្បន្នដូរទៅក្របខណ្ឌយោធារូបនេះ បញ្ជាក់ថា លោកនឹងចាត់ការទាំងផ្លូវច្បាប់និងក្រៅផ្លូវច្បាប់លើអ្នកដែលលួចផេករបស់លោក​។

ចឹងទេខ្ញុំចង់ផ្តាំទៅអាចោរលួចផេក អញផ្តាំទុក បើសិនជាសមត្ថកិច្ចរកឃើញគេធ្វើតាមច្បាប់ហើយ ពូជហ្អែងគ្រួសារហ្អែង អាញ់អត់ឲ្យរួចខ្លួនទេ អាញ់ប្រាប់ឲ្យហើយ។​ ហ្អែងធ្វើដាក់អញប៉ុណ្ណាអញអត់ឲ្យហ្អែងរួចខ្លួនទេ។ ធ្វើតាមច្បាប់ជារឿងមួយដាច់ដោយឡែក តែការធ្វើក្រៅច្បាប់ក៏អញធ្វើដែរ អញអត់ឲ្យហ្អែងរួចខ្លួនទេ ហ្អែងត្រៀមខ្លួនទៅ។

លោក ផែង វណ្ណៈ

លោកផែង វណ្ណៈថ្លែងថា លោក​បានប្តឹងករណីនេះទៅកាន់សមត្ថកិច្ចពាក់ព័ន្ធហើយ  ចំណែកការចាត់ការក្រៅច្បាប់នោះ លោកមិនបានបញ្ជាក់លម្អិតថា នឹងចាត់ការតាមរបៀបណានោះទេ។​

អ្នក​នាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាតិ បាន​ប្រាប់​វីអូឌី​កាលពីថ្ងៃទី១១ខែមិថុនា​ថា លោក ផែង វណ្ណៈ គឺ​ជា​មន្ត្រី​យោធា​ស័ក្តិ ៤​កន្លះ បន្ទាប់​ពី​ផ្ទេរ​ពី​ក្រសួង​មហាផ្ទៃ។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម​លោក ប៉ា ច័ន្ទរឿន យល់ឃើញថា អ្នកប្រើប្រាស់​បណ្តាញសង្គមនៅកម្ពុជាបច្ចុប្បន្នខ្សោយទាំងសមត្ថភាពបច្ចេកទេសនិងសីលធម៌។​

បញ្ហាសមត្ថភាពបច្ចេកទេសលោកថា៖«នៅក្នុង​សង្គម​យើង​សព្វ​ថ្ងៃ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដូច​ជា​ហ្វេស​ប៊ុក​ហ្នឹង​ បញ្ហាOnline គឺជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ទី១អាចអ្នក​ប្រើ​ប្រាស់​ខ្លួន​ឯងមិនយកចិត្ត​ទុក​ដាក់​លើសុវត្ថិភាព​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង។»។

ចំណែក​បញ្ហា​សីលធម៌សង្គម​វិញ​លោកថា អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចូល​ចិត្ត​តែរឿង​អវិជ្ជមាន​ដែលមិនមានប្រយោជន៍​ដល់ខ្លួនឯងនិងសង្គម។​

បញ្ហាសីលធម៌ស្រុកយើង​សព្វថ្ងៃវាក្រិន សង្គមសព្វថ្ងៃរីកចម្រើន​តែសេដ្ឋកិច្ចអគារខ្ពស់ឡើងទៅលើ  សម្ភារព្រោង​ព្រាត  ឡាន ម៉ូតូពេញដីផ្ទះពេញណាពេញណី ប៉ុន្តែស្មារតីសតិសម្បជញ្ញៈ យើងនិយាយមួយ​ទៀតថា សីលធម៌សង្គម​មិនរីកចម្រើន​ដូចសម្ភារនៅក្នុង​សង្គម​យើងទេ។​

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម​លោក ប៉ា ច័ន្ទរឿន

នៅអំឡុងឆ្នាំ២០១៣ ពេលដែលស្ថានភាពនយោបាយមានភាពតានតឹង​លោក​ផែង វណ្ណៈ​ ក៏ធ្លាប់​បាន​បង្ហោះរូបកាំភ្លើង​តាម​ហ្វេសប៊ុក ហើយសរសេរព្រមានបាញ់​សម្លាប់​អតីត​មេដឹកនាំ​គណបក្សសង្គ្រោះជាតិ​លោក​កឹម សុខា ប៉ុន្តែមិនមាន​ចំណាត់ការផ្លូវច្បាប់​ណាមួយលើរូប​លោក​នោះទេ។​

រូបភាព៖ ហ្វេសប៊ុក ផែង វណ្ណៈ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ