ពលរដ្ឋមកពី៣ខេត្តជំរុញទៅលោក ជា សុផារ៉ា ពន្លឿនដោះស្រាយវិវាទដីធ្លី ខណៈជិតដល់ថ្ងៃបោះឆ្នោត

ពលរដ្ឋមកពី សៀមរាប កោះកុង និងកណ្ដាល មកតវ៉ារួមគ្នាជុំវិញបញ្ហាដីធ្លី នៅមុខក្រសួងរៀបចំដែនដី ថ្ងៃទី ២៥ មិថុនា ២០១៨ (រូបភាព៖ ឃុត សុគន្ធ)

ពលរដ្ឋមកពីខេត្តចំនួន៣ ជំរុញទៅក្រសួងរៀបចំដែនដី ពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ខណៈសល់ជាង ១ខែទៀតការបោះឆ្នោតនឹងមកដល់។

ប្រជាពលរដ្ឋប្រមាណ១០០នាក់មកពីខេត្តសៀមរាម កោះកុង និងខេត្តកណ្តាល នៅថ្ងៃនេះបានប្រមូលផ្តុំគ្នា ក្បែរក្រសួងរៀបចំដែនដីដើម្បីទាមទារទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ ខណៈជម្លោះដីធ្លីរបស់ពលរដ្ឋទាំងនោះអូសបន្លាយជាង១០ឆ្នាំគ្មានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។

ពលរដ្ឋមកពីខេត្តសៀមរាម អ្នកស្រី ទេស ជឿន ប្រាប់វីអូឌីថា អ្នកភូមិ៤៧គ្រួសារនៅឃុំរំចេក ស្រុកបន្ទាយស្រី មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយ ឈ្មោះ លី អ៊ុំអេង និង លី អ៊ុំឆាយ តាំងពីឆ្នាំ២០០៤ ដោយអ្នកស្រី អះអាងថា ក្រុមហ៊ុនបានរំលោភយកដីក្រុមពលរដ្ឋសរុប ១៤៧ហិកតា។

ប្រជាជនលក់ឲ្យក្រុមហ៊ុនតែ២ហិកតាទេ កម្មសិទ្ធិមាន។ ប៉ុន្តែហ៊ុមព័ទ្ធយកទាំង៥ហិកតា ហើយ ខេត្តស្រុក ចុះវាស់វែងរួចហើយចេញសាលាកបត្រឲ្យរួចហើយ នៅតែក្រុមហ៊ុនធ្វើផ្ទះ ធ្វើរបងព័ទ្ធប្រជាពលរដ្ឋអត់អាចចូលបាន ជាប្រភេទដីចម្ការស្រែអាស្រ័យផលស្រូវរាល់ឆ្នាំ ពីឆ្នាំ២០០៤រហូតពេលក្រុមហ៊ុន កាន់ទាំងអស់។ ស្រុកខេត្តមិនឲ្យពលរដ្ឋចូលក្នុងដីនោះបើមានទោស បើចូលគេបាញ់សម្លាប់ ប្រជាជនទទួលខុសត្រូវខ្លួនឯង

ពលរដ្ឋមកពីខេត្តសៀមរាម អ្នកស្រី ទេស ជឿន

ចំណែកពលរដ្ឋមកពីខេត្តកោះកុង លោក ឆាន់ ឃៀង ឲ្យដឹងថា ពលរដ្ឋ១០គ្រួសារនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ត្រូវបានមេឃុំ ឈ្មោះ ប៉ុន រ៉េ លួចក្លែងឯកសារយកដីស្រែចម្ការអស់១២ហិកតា ខណៈអ្នកភូមិរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ក្រោមតាំងពីឆ្នាំ២០០៨នៅតែគ្មានដំណោះស្រាយ។

លោកបន្ថែមថា«ឥលូវដីហ្នឹងគេឈូសឆាយអស់ហើយ គេយកអាអិចឈូសឆាយដំណាំពួកខ្ញុំអស់ហើយ ឥលូវហ្នឹងពួកខ្ញុំអត់មានដីអីធ្វើស្រែធ្វើចំការទេដោយសារគេឈូសឆាយចឹង»។

ការប្រមួលផ្តុំរបស់អ្នកមានជម្លោះដីធ្លីក្បែរក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ក៏មានអ្នកភូមិមកពីខេត្តកណ្តាលផងដែរ ដោយពលរដ្ឋម្នាក់ លោក អ៊ី វន្នី អះអាងថា ក្រុមពលរដ្ឋ២៩២គ្រួសារនៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងឃុំកណ្តោក មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់លោកស្រី សៀង ចាន់ហេង តាំងឆ្នាំ ២០០៤។

លោកបន្តថា ក្រុមហ៊ុននោះបានរំលោភយកដីពីពលរដ្ឋសរុបប្រមាណ៤៥០ហិកតា ដោយលោកថា ក្រុមអ្នកភូមិបានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាបន្តបន្ទាប់រហូតមក ប៉ុន្តែមិនទទួលបានដំណោះស្រាយនោះទេ។

ឆ្នាំ២០០៩យកគ្រឿងចក្រទៅឈូសឆាយដំណាំប្រជាពលរដ្ឋចោលទាំងអស់ ហើយបានធ្វើ ការបាញ់រះទៅលើប្រជាពលរដ្ឋបណ្តាលឲ្យពលរដ្ឋរងរបួស២នាក់។ ឥលូវពួកខ្ញុំអត់ចុះទៅបង្កកសិកម្មលើដីហ្នឹងទៀតទេ ដោយសារក្រុមហ៊ុនបានដាក់កំលាំងព័ទ្ធរំលោភយកទាំងអស់

ពលរដ្ឋម្នាក់ លោក អ៊ី វន្នី មកពីខេត្តកណ្តាល

ជុំវិញវិវាទដីធ្លីរបស់ក្រុមពលរដ្ឋទាំងនេះ វិអូឌីមិនអាចសុំការឆ្លើយតបពីភាគីម្ខាងទៀតបានទេ ខណៈមន្រ្តីរដ្ឋ បាលក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង បានអនុញ្ញាតឲ្យតំណាងពលរដ្ឋចូលទៅដាក់ញត្តិម្តងមួយក្រុមៗ ប៉ុន្តែមិនបានជួបលោក ជា សុផារ៉ា ទេ ហើយមន្រ្តីក្រសួងបានប្រាប់ទៅពលរដ្ឋឲ្យរងចាំចំលើយពេលក្រោយ ដោយមិនបានកំណត់ពេលវេលាជាក់លាក់ឡើយ។ នេះបើតាមតំណាងពលរដ្ឋតាមខេត្តនីមួយៗ។

មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា បានសម្រុកឡើងមកតវ៉ាដីធ្លីនៅរាជធានីភ្នំពេញ ដើម្បីជំរុញទៅស្ថាប័នពាក់ព័ន្ធ ពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ ខណៈក្រុមពលរដ្ឋដែលឡើងនៅថ្ងៃនេះ ក៏បានសុំទៅរដ្ឋមន្រ្តីលោក ជា សុផារ៉ា ជួយដោះស្រាយវិវាទដីធ្លី របស់ពួកគេឲ្យបានមុនបោះឆ្នោតដែរ។

កាល​ពីថ្ងៃ​ទី​ ១៣ខែមិថុនា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បានបញ្ជា​ទៅ​រដ្ឋបាល​ខេត្តនានា​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​រក្សាភាពអត់ធ្មត់ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ដើម្បីកុំឲ្យពលរដ្ឋឡើងមកតវ៉ាដល់ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ