ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ស្នើសុំទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមពលរដ្ឋ២៩២គ្រួសារ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈក្រុមពលរដ្ឋទាំងនោះឡើងមកតវ៉ានៅក្រសួងរៀបចំដែននៅថ្ងៃនេះ។
ក្នុងលិខិតចុះថ្ងៃទី២៥មិថុនានេះ អគ្គនាយិការក្រុមហ៊ុន ហេង អភិវឌ្ឍន៍ លោកស្រី សៀង ចាន់ហេង មានប្រសាសន៍ ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋ លោកស្រី ស្នើសុំទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណងបើវេទិកាសាធារណៈមួយ ដើម្បីរកការពិតថា ក្រុមហ៊ុនបានរំលោភយកដីពលរដ្ឋ ឬអត់?
ក្នុងលិខិតនោះលោកស្រី បញ្ជាក់ថា បើសិនរកឃើញថា ក្រុមហ៊ុនគាត់រំលោភយកដីពលរដ្ឋមែន លោកស្រីសុខចិត្តប្រគល់ដីជូនពលរដ្ឋវិញ និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែប្រសិនបើរកមិនឃើញថា ក្រុមហ៊ុនគាត់រំលោភយកដីពលរដ្ឋទេ លោកស្រីសុំឲ្យមានវិធានការផ្លូវច្បាប់ទៅលើពលរដ្ឋវិញ។
នៅថ្ងៃនេះ ពលរដ្ឋតំណាងពលរដ្ឋ២៩២គ្រួសារនៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងឃុំកណ្តោក ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ដែលអះអាងថា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រំលោភយកដីស្រែចម្ការពួកគេប្រមាណ៤៥០ហិកតា បានមករកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តី លោក ជា សុផារ៉ា ឲ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេដែលបានអូសបន្លាយជាង១០ឆ្នាំ៕