ហេតុអ្វីបានជាថៃនៅតែរក្សាការកាត់ទោសប្រហារជីវិត?​

ក្រុមបាតុករមកពីអង្គការលើកលែងទោសអន្តរជាតិបានកាន់ផ្ទាំងក្រដាសបិទបាំងនៅខាងក្រៅគុកកណ្តាល Bang Kwang ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនៅទីក្រុងបាងកកប្រទេសថៃថ្ងៃទី 19 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ news.abs-cbn.com)

រដ្ឋាភិបាល​ថៃកាលពីថ្ងែច័ន្ទសប្ដាហ៍មុន​ បានដាក់ទោសប្រហារជីវិតបុរសម្នាក់ដោយចាក់ថ្នាំពុលសម្លាប់។ បុរស​រូបនោះឈ្មោះថា​ Theerasak Longji ត្រូវបានកាត់ទោសប្រហារជីវិតដោយសារតែគាត់ត្រូវបានតុលាការរកឃើញថា​ជាឃាតករ សម្លាប់​យុវជន​ម្នាក់ នៅឆ្នាំ២០១២​ ដោយចាក់ជនរងគ្រោះ២៤កាំបិត ដើម្បីប្លន់យកទូរស័ទ្ទដៃ។

ជនល្មើសឈ្មោះ Theerasak Longji ដែលត្រូវបានកាត់ទោសប្រហារជីវិតដោយចាក់ថ្នាំពុលសម្លាប់ ថ្ងៃទី ១៩ មិថុនា ២០១៨ (រូបភាព៖ បាងកកប៉ុស្ដិ៍)

ការកាត់ទោសប្រហារជីវិតបុរសរូបនេះ ត្រូវបាន​អ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួនរិះគន់ធ្ងន់ៗទៅលើការអនុវត្តបែបនេះរបស់ប្រទេសថៃ។ លោក​ ប្រេដ អាដាម នាយកអង្គការអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំអាស៊ី បាន​ហៅការកាត់ទោសប្រហារជីវិតទៅលើបុរសរូបនោះថា​ ​កំពុងតែដើរថយក្រោយយ៉ាងខ្លាំងលើបញ្ហាសិទ្ធិមុនុស្ស។ ក្រៅពីអង្គការលើកលែងទោស​អន្តរជាតិ (Amnesty International) ក៏បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសប្រទេសថៃដែរ ដោយលើកឡើងថា​ការកាត់ទោសប្រហារ​ជីវិតលើបុរសរូបនេះ ​ជារំលោភដ៏ធ្ងន់ធ្ងរលើសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។

នេះមិនមែនជារឿងថ្មីទេដែលក្រុមសិទ្ធិមនុស្សបាន​ធ្វើការថ្កោលទោសទៅលើប្រទេសថៃក្នុងការអនុវត្តច្បាប់​ប្រហារជីវិតទៅលើឧក្រិដ្ឋជន ហើយក្រុមសិទ្ធិមនុស្សទាំងនោះក៏តែងតែជម្រុញឲ្យប្រទេសថៃ​លុប​បំបាត់ចោលនូវការដាក់ទោសទណ្ឌបែបនេះដែរ។

បើទោះបីជាមានការរិះគន់ និងធ្លាប់បានសន្យាជាច្រើនលើកច្រើនសារហើយថា ខ្លួននឹង​លុបច្បាប់នេះចោល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ថៃនៅតែមិនអាចបោះចោល​ច្បាប់នេះបាននៅឡើយទេរហូតដល់ពេល​នេះ។

ក្រុមបាតុករមកពីអង្គការលើកលែងទោសអន្តរជាតិបានកាន់ផ្ទាំងក្រដាសបិទបាំងនៅខាងក្រៅគុកកណ្តាល Bang Kwang ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនៅទីក្រុងបាងកកប្រទេសថៃថ្ងៃទី 19 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ Reuters)

តើមូលហេតុ​អ្វីបានជាថៃនៅរក្សាការអនុវត្តទោសដ៏ចម្រូងចម្រាស់នេះ?

ក្រុមមន្រ្តីអង្គការលើកលែងទោសអន្តរជាតិ​បាន​ធ្វើសន្និសីទសារព័ត៌មានមួយនៅក្បែរកន្លែងគុកដែល​ Theerasak Longji ត្រូវបានគេ​ចាក់ថ្នាំពុលនៅថ្ងៃអង្គារសប្ដាហ៍មុន ដើម្បីធ្វើការថ្កោលទោសលើការកាត់​ទោស​នេះ។ សន្និសីទកាសែតក៏ធ្វើការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់អង្គការនេះ ប្រចាំប្រទេស​ថៃផង​ដែរ។ យោងតាមការចុះផ្សាយរបស់ការសែត The Nation របស់ថៃ​ ប្រជាជនថៃជាច្រើនបានចូល​មើលការផ្សាយផ្ទាល់នេះ ហើយពួកគេក៏បាន​សម្តែងក៏ខឹងសម្បារនិងរិះគន់​អង្គការលើកលែងទោសអន្តរជាតិថា​កំពុង​តែកាន់ជើង​ឃាតករដែល​បានសម្លាប់មនុស្សយ៉ាងឃៅ។ ប្រជាជន​ថៃទាំងនោះភាគច្រើន​ក៏បាន​លើក​ឡើង​ថា​ Theerasak Longji គឺសាកសមនឹងទទួលទោសបាន​នេះហើយ។

តាមការចុះផ្សាយរបស់កាសែត The Nation ដដែល​ ការស្ទង់មតិមួយដែល​ធ្វើឡើងក្នុងពេលថ្មីៗនេះបង្ហាញ​ថា​ក្នុងចំណោម​ប្រជាជន ៧៨០០០ នាក់ដែល​ចូលរួមការស្ទង់មតិ ប្រជាជនរហូតដល់៩៦ភាគនៅតែគាំទ្រឲ្យមានការកាត់ទោសប្រហាជីវិតដល់ឃាតករដែល​សម្លាប់មនុស្ស។

ជារួមបើទោះជាសហគមន៍អន្តរជាតិរិះគន់យ៉ាងណាក៏ដោយ ក៏ថៃនៅតែ​មិនអាចបោះបង់ចោលច្បាប់​នេះ​បាន​ភ្លាម នោះដោយសារតែមហាជនរបស់ប្រទេសនេះភាគច្រើននៅតែគាំទ្រ​ច្បាប់នេះ។

ទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសថៃតែងតែបង្ហាញជំហរនិងបេ្ដជ្ញាចំពោះសហគមន៏អន្តរជាតិ ពីចេតនាក្នុងការលុបចោលនូវការ​អនុវត្ត​ទោសប្រហារជីវិតទៅលើឧក្រិដ្ឋជន។​ ដកស្រង់សម្តីដោយសារព័ត៌មាន​ស្រេ្តតថាមរបស់សឹង្ហបុរី​កាលពីចុងឆ្នាំ​២០១៧កន្លងទៅ ប្រធាននាយកដ្ឋាន​ការពារសិទ្ធិនិងសេរីភាព​នៃក្រសួងយុត្តិធម៌ថៃលោកស្រី Pitikan Sithidej មានប្រសាសន៍ថាប្រទេសថៃកំពុងតែធ្វើការពិចារណាបោះបង់ចោលការ​អនុវត្ត​ទោស​​ប្រហារ​ជិីវិតចំពោះបទឧក្រិដ្ឋណា​ដែល​មិនធ្វើអោយប៉ះពាល់អាយុជីវិតអ្នកដទៃ។

ការអនុវត្តទោសប្រហារជីវិតនៅប្រទេសថៃនេះ មាននៅក្នុងច្បាប់សម័យទំនើបរបស់ថៃតាំងពីឆ្នាំ១៩៣៥មកម្ល៉េះ។ ចាប់តាំងពីច្បាប់នេះចូលជាធរមាន​រហូតដល់ពេលនេះមានអ្នកទោស​ចំនួន៣២៦នាក់ ដែល​ត្រូវបាន​កាត់ទោសប្រហារជីវិតដែលក្នុងនោះ៣១៩នាក់ត្រូវបានបាញ់សម្លាប់ដោយគ្រាប់កាំភ្លើង ហើយ៧នាក់​ត្រូវបានកាត់ទោសដោយការចាក់ថ្នាំពុល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ