កម្មករព្រួយបារម្ភខ្លាចនិយោជកកាត់ប្រាក់ឈ្នួលក្នុងករណីពួកគេមិនចូលរួមបោះឆ្នោត

កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

តំណាងសហជីព  អះអាងថា កម្មករនៅតាមរោងចក្រមួយចំនួនបង្ហាញការព្រួយបារម្ភខ្លាចថៅកែរោងចក្រកាត់ឈ្នួលនិងបញ្ឈប់ពួកគេចេញ ដោយថាបើសិនពួកគេមិនបានទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្មករនៅតាមរោងចក្រមួយចំនួនបង្ហាញក្ដីបារម្ភខ្លាចថៅកែរោងចក្រដាក់ពិន័យរដ្ឋបាលនិងការឈប់ពីការងារ បើសិនជាពួកគេមិនបានទៅបោះឆ្នោត។

កម្មករមួយចំនួនគាត់អត់ដែលទៅបោះឆ្នោតទេ។ អ្នកខ្លះគាត់ទៅបោះឆ្នោតដែរ ប៉ុន្តែទៅខ្លះអត់ខ្លះ អ្នកខ្លះដែលមិនទៅបោះឆ្នោត ហើយអ្នកខ្លះគាត់អត់ចង់បោះឆ្នោតដល់ពេល អញ្ចឹង ខ្លាចអ្នកដែលអត់ទៅបោះឆ្នោត ឬអ្នកអត់ចង់បោះឆ្នោត គេសួរហេតុអីបានមិនទៅបោះឆ្នោត អញ្ចឹងមានបញ្ហា។ អញ្ចឹងបានជាខ្ញុំសូមបញ្ជាក់ថា បើសិនជាកម្មករយល់ថាការបោះឆ្នោតនេះ វាពិតជាត្រឹមត្រូវហើយយើងស្រឡាញ់គណបក្សណាមួយអាហ្នឹងយើងទៅបោះឆ្នោតទៅ។ ហើយបើសិនជាយើងយល់ឃើញថា យើងអត់ចង់បោះទេ អាហ្នឹងជារឿងរបស់យើង អាហ្នឹងវាសិទ្ធិ

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស យល់ថា រដ្ឋាភិបាល និង រោងចក្រមានកាតព្វកិច្ចក្នុងការផ្ដល់ថ្ងៃឈប់សម្រាកដល់ប្រជាពលរដ្ឋ ដើម្បីឲ្យទៅចូលរួមបោះឆ្នោត ប៉ុន្តែការទៅឬមិនទៅបោះឆ្នោតប្រជាពលរដ្ឋ ជាអ្នកសម្រេចខ្លួនឯង។ លោកបន្តថា   ប្រជាពលរដ្ឋមានសិទ្ធិសម្រេចចិត្តក្នុងការទៅ ឬមិនទៅបោះឆ្នោត ដោយគ្មាន ការបង្ខិតបង្ខំ ពីភាគីខាងរោងចក្រ ឬស្ថាប័នណាមួយឡើយ  ហើយសិទ្ធិនេះដែរក៏មានការធានាដោយច្បាប់រដ្ឋធម្មនុញ្ញផង។

លោកថា៖«អត់ច្បាប់មានចែងក្នុងលក្ខខណ្ឌបែបហ្នឹង សូម្បីស្ថាប័ន គ.ជ.ប ក៏ដោយ ស្ថាប័នក្រសួងការងារក៏ដោយ អត់មានចែងប្រាប់ថា ប្រជាពលរដ្ឋត្រូវបោះឆ្នោតប៉ុន្មានថ្ងៃហ្នឹងទេ​ បើមិនទៅទេ  អត់មានទឹកខ្មៅទេ មកវិញត្រូវទទួលទោសត្រូវពិន័យនោះ វាអត់មាននិយាយ បែបហ្នឹង។ អញ្ចឹងប្រសិនជាមានករណីបែបហ្នឹង ដែលឲ្យឈប់សម្រាកហើយប្រជាពលរដ្ឋ មិនបានទៅឲ្យមានទឹកខ្មៅអីមកវិញ មានករណីហ្នឹង វាជាការំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋទៅហើយ វាខុសមិនត្រឹមត្រូវទេ បើមានករណីបែបហ្នឹង»។

អ្នកជំនាញច្បាប់លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា កម្មករកម្មាការិនីទាំងអស់មានសិទ្ធិក្នុងការសម្រេចចិត្តថា ទៅឬមិនទៅបោះឆ្នោតបាន។ លោកបន្តថា ប្រសិនបើកម្មករឈប់សម្រាកហើយ ប៉ុន្តែពួកគេមិនបានបោះឆ្នោតនោះ ក៏ខាងរោងចក្រឬថៅកែ មិនអាចដាក់វិន័យ ផ្នែករដ្ឋបាលណាមួយមកលើកពួកគេបានឡើយ។

និយាយរួមវាអត់មានច្បាប់កំណត់ថាបើមិនទៅបោះឆ្នោតកាត់ប្រាក់ខែឬក៏ដាក់គុកអីមានអត់មានទេ។ យើងចេះតែភ័យដូចមនុស្សខ្លាចងងឹតអញ្ចឹង ដោយសារមិនមានកំណត់ ដូច្នោះ វាជាសិទ្ធិមានជាសេរីភាពរបស់គាត់។ ដូចនេះគាត់ទៅបោះមិនទៅបោះជារឿងរបស់តើ

អ្នកជំនាញច្បាប់លោកមេធាវី សុក សំអឿន

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹង ឲ្យម្ចាស់សហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន៣ ថ្ងៃដើម្បីបានចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខនេះ  ដោយរក្សាទុកប្រាក់ឈ្នួលនិងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិតដដែល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ