សហគមន៍ដែលមានជំលោះដីធ្លីនៅខេត្ត​កោះកុងត្រឡប់មក​តវ៉ា​នៅ​ភ្នំពេញ​ជាថ្មីទៀត

ពលរដ្ឋមកពីខេត្តកោះកុង ធ្វើដំណើរដោយថ្មើរជើង មកតវ៉ារឿងដីធ្លី នៅភ្នំពេញ ថ្ងៃទី ២៦ មិថុនា ២០១៨ (រូបភាព៖ Hayai Haiya)

ពល​រដ្ឋ​បាន​លើកឡើង​ថា ពួកគាត់មិនអាចទទួលយកបាន ពីដំណើរការដោះស្រាយរបស់ក្រុមការងារ ស្រុក និងខេត្ត ដែល​មិន​អនុវត្ត​ទៅតាម​គោល​ការ​ណ៍របស់​ពួក​គាត់ ដែលបានឯកភាពគ្នាជាមួយ និងក្រសួងដែនដីរួចហើយនោះ។ តែពេល​នេះបែរ​ជា​ក្រុម​ការ​ងារ​​បង្វែរពួក​គាត់ទៅ​កាន់​គោល​ដៅ​ថ្មី​ផ្សេងទៀត ហេតុនេះហើយទើបពួកគាត់កើតទុក្ខមិនសុខចិត្តនោះទេ ដូច្នេះហើ​យ​ទើប​ពួក​គាត់​សម្រេចចិត្តឡើង​មក​តវ៉ានៅ​ក្រសួង​បន្ត​ទៀត។

ពល​រដ្ឋតវ៉ា​ម្នាក់​អ្នក​ស្រី មាន ម៉ារីណា បាន​ឲ្យ​ដឹងថា​ មូល​ហេតុដែល​ពួកគេ​ចង់​ឡើង​មកតវ៉ានៅ​ភ្នំពេញ​សាជា​ថ្មី​នេះ​គឺ​ចង់​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដីលោក ជា​ សុផារ៉ា​ បក​ស្រាយឲ្យ​ច្បាស់​ជា​មួយ​ពួកគេ​លើ​ដី​ដែល​បាន​សម្រេច​កាល​ពី​លើក​មុន តែ​មិន​ត្រូវ​បាន​អាជ្ញា​ធរ​ស្រុកដោះស្រាយ​ជូន។

នៅថ្ងៃ​ទី២៤​ នេះ​ខាង​អភិបាល​រង អន​ ភារៈ ​ហ្នឹង​គាត់បាន​ បាន​មក​ប្រាប់​ថា​ដី​ដែល​ពល​រដ្ឋ​ចង់​បាន​ហ្នឹងខាង​ក្រុម​ហ៊ុ​ន​គេមិន​ឲ្យ​ទេដីរបស់​ប្រជា​ពល​រដ្ឋ​៣១៧គ្រួសារ​ហ្នឹង​ណា! គេ​ឲ្យ​ដីផ្សេង​ ហើយ​ដល់​ពេល​អញ្ចឹង​ទៅ​ប្រជា​ពល​រដ្ឋ​ជាង​៣០០គ្រួសារ​ហ្នឹង​គេអត់​ព្រម គាត់​ថា​បើអត់​ព្រម​ឲ្យ​គាត់​តាំង​ពី​មុន​សុំ​ប្រាប់​តាំង​ពី​មុន​មក​ប្រជា​ពល​រដ្ឋ​មាន​ជម្រើស​២ តាំង​ពីខែ​មុន​នោះគាត់​ស្រួល​ដោះស្រាយ​ តែដល់​ពេល​ឲ្យ​គាត់​ហើយ​ អត់​ឲ្យ​គាត់​វិញ ហើយ​ថ្ងៃ​ទី​៣០​ហ្នឹង​ត្រូវ​បញ្ចប់​រឿង​ ទាំង​សំណង​ទាំងដី​ ដល់​ថ្ងៃ​ទី​២៦​នេះ​ពួក​ខ្ញុំ​អត់​ឃើញ​មាន​ដោះ​ដូរ​អី ពួក​ខ្ញុំ​ក៏​ឡើង​ទៅសួរទេស​រដ្ឋ​មន្ត្រី​បន្តទៀត

ពល​រដ្ឋតវ៉ា​ម្នាក់​អ្នក​ស្រី មាន ម៉ារីណា

អភិបាល​រង​ខេត្តកោះ​កុង​លោក អន ភារៈ បាន​បដិសេធ​ថា រដ្ឋបាល​ខេត្ត​មិន​បានសម្រេច​ឲ្យ​ពល​រដ្ឋ​ផ្លាស់​ប្តូរ​ទី​តាំង​នោះ​ទេ ដោយ​ថា​នៅ​ដំណាក់​កាល​នេះ​គឺ​ថ្នាក់​ខេត្ត​ជា​មួយ​ក្រុម​ការ​ងារ​អន្តរក្រសួងកំពុង​ពិនិត្យ​រៀប​ចំ​ដោះ​ស្រាយ​តាម​ការ​ព្រម​ព្រៀងជា​មួយ​ពល​រដ្ឋ​។

លោក​ថា៖ « មិន​មែន​ទៅ​ទីតាំង​ថ្នីនោះ​ទេ គ្រាន់​តែ​ថា​យើង​មក​ពិភាក្សា​ជួបជុំ​គ្នា ដើម្បីឲ្យ​ក្រុម​ការ​ងារ​គេ​ពិនិត្យ​មើល​ដីធ្លីឲ្យ​ត្រឹម​ត្រូវ ព្រោះ​កាល​ពី​មុនគ្រាន់​តែ​ជា​ការ​សិក្សា​ ព្រោះ​យើង​មើល​ដីធ្លី​អីត្រឹម​ត្រូវ​ទៅ មិន​ទាន់​ដល់​ថ្ងៃ​ឯណា! ថ្ងៃ​៣០​ឯណោះ​បាន​ផុត​ថ្ងៃ ហើយ​ឥឡូវ​ថ្ងៃ​នេះ​ទើប​តែ​ម្ភៃ​ប៉ុន្មាន​នេះ យើង​ចេះ​តែ​នឹក​ឃើញទៅ​តាម​ចិត្ត​ចង់​អញ្ចឹង។ […]  ខ្ញុំ​មិន​ដឹង​យល់​ថា​មិច បើ​គាត់​ជឿ​តែ​តាម​ការ​ឃោសនា​របស់​មនុស្ស​មួយ​ចំនួនតូចអញ្ចឹង ហើយ​គាត់​ឃោសនា​ថា​ទៅភ្នំពេញ​បាន​លុយ​ ហើយ​ខ្ញុំ​ប្រាប់​ហើយ​ថា​គេ​មក​ដោះ​ស្រាយ​នៅថ្នាក់​ខេត្ត​នេះ! »

បើ​តាម​លោក​អន ភារៈ នៅពេល​ខេត្ត​ក្រុម​ការ​ងារ​មិន​ទាន់​អាច​រៀប​ចំ​បែង​ចែក​ដី​ធ្លីជូនពល​រដ្ឋ​បាន​នៅ​ឡើយ​ទេ ដោយ​ថា​កំពុង​សិក្សា។

អ្នកសម្រប​សម្រួល​អង្គការ​លី​ការ​ដូ​ប្រចាំ​ខេត្ត​កោះ​កុង​លោក ​ហ៊ួរ អ៊ីន មាន​ប្រសាសន៍​ថា ករណី​របស់​ពល​រដ្ឋ​៣១៧​គ្រួសារ​នេះ​ត្រូវ​បាន​ក្រសួងរៀប​ចំដែន​ដី​ដោះ​ស្រាយ​ចប់​រួច​រាល់​ហើយ​តាំង​ពី​ថ្ងៃ​ទី​៦ មិថុនា ដោយ​ទុកពេល​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​ក្រុម​ការ​ងារ​អន្តរ​ក្រសួង​​ចុះ​ដោះស្រាយនៅ​ត្រឹម​​ថ្ងៃ​ទី​៣០​មិថុនា​នេះ។ លោកបន្ថែមថា ករណីរបស់​ពួកគេ​មាន​ការ​ប៉ះពាល់​ច្រើន​ដល់​ដីអភិរក្ស ដែល​ត្រូវឲ្យ​មាន​ការ​ដោះស្រាយ​បន្តទៀត​ ដោយ​លោក​ស្នើ​ឲ្យ​ពល​រដ្ឋ​ និង​អាជ្ញាធរ​ដោះស្រាយ​ដោយ​សន្តិ​វិធី និង​គួរ​លើក​បញ្ហា​ដាក់​ទល់​មុខ​គ្នា​ដើម្បី​រក​ដំណោះស្រាយ។

ខ្ញុំ​យល់ថា​អាជ្ញាធរ​ខេត្តគួរ​តែ​ជជែក​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​ថា អ្វី​ដែល​អាច​ធ្វើ​បាន​ និង​អ្វីដែល​មិន​អាច​ធ្វើ​បាន។ មាន​ន័យ​ថា​ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​មក​ទៅហើយ​ប្រជា​ពល​រដ្ឋ​ក៏​សុំ​មាន​ការ​អត់​ធ្មត់​បន្តិច​ទៅ ព្រោះ​ថា​ការ​ដោះស្រាយ​គឺ​ចាប់​ផ្តើ​មពីថ្ងៃ២០ ដល់​ថ្ងៃ​៣០ សម្រាប់​ក្រុម​៣១៧​គ្រួសារ។ ព្រោះ​ថា​ក្រុម​ការ​ងារដែល​ចុះ​ដោះ​ស្រាយ​គឺ​ក្រុម​ការ​ងារ​ក្រសួង​ និង​អាជ្ញាធរ​ខេត្ត​ អញ្ចឹង​គួរ​តែ​មាន​ការ​អត់​ធ្មត់​ និង​ដោះស្រាយ​ទៅ​ដើម្បី​ជៀស​វាង​ការ​អូស​បន្លាយ​តទៅទៀត

អ្នកសម្រប​សម្រួល​អង្គការ​លី​ការ​ដូ​ប្រចាំ​ខេត្ត​កោះ​កុង​លោក ​ហ៊ួរ អ៊ីន

កាលពី​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ២០១៨​ ​សាលាខេត្តកោះកុង​បាន​សម្រេច​បង្កើត​ក្រុមការងារ​ខេត្ត​ដើម្បី​ចុះពិនិត្យនិងសិក្សា​ករណី​ទំនាស់​ដីធ្លីរបស់​ប្រជាពលរដ្ឋ​នៅក្នុងឃុំ​ជីខលើ ​ ស្រុក​ស្រែអំបិល​ និង​ឃុំ​កណ្តាល ស្រុក​បូទុមសាគរ។ នៅក្នុង​សេចក្តីសម្រេច​ក្រុមការងារនេះ​ត្រូវ​រាយការណ៍ជូន​អភិបាល​ខេត្ត​ ប៉ុន្តែមិន​បានបញ្ជាក់អំពីកាលកំណត់​ពេលណានោះទេ។

ពលរដ្ឋមកពីខេត្តកោះកុង ធ្វើដំណើរដោយថ្មើរជើង មកតវ៉ារឿងដីធ្លី នៅភ្នំពេញ ថ្ងៃទី ២៦ មិថុនា ២០១៨ (រូបភាព៖ Hayai Haiya)
ពលរដ្ឋមកពីខេត្តកោះកុង ធ្វើដំណើរដោយថ្មើរជើង មកតវ៉ារឿងដីធ្លី នៅភ្នំពេញ ថ្ងៃទី ២៦ មិថុនា ២០១៨ (រូបភាព៖ Hayai Haiya)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ