អាជ្ញាធរ​គ្រឿងញៀន​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ករណី​ជួញដូរ​ថ្នាំញៀន​១២០​គីឡូក្រាម

គ្រឿងញៀនដែលរឹបអូសបាន ១២០ គីឡូក្រាម (រូបភាព៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល)

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍​ប្រាប់ VOD នៅ​ថ្ងៃពុធនេះថា​ អាជ្ញាធរគ្រឿងញៀននឹងធ្វើការសិក្សាបន្ថែមទៀតថានរណាជាអ្នកនៅពីក្រោយខ្នងការជួញដូរដ៏ធំមួយនេះ​ ដោយលោកគិតថាជនសង្ស័យទាំងនោះ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទិញគ្រឿងញៀនទៅជួញដូរបន្ដបាននោះឡើយ។

កំពុងតែសួរនាំប្រមូលព័ត៌មាន ពេលវេលានៅសល់ច្រើនទៀតដើម្បីប្រមូលព័ត៌មានអោយគ្រប់ជ្រុងជ្រោយរកអោយឃើញអ្នកដែលពាក់ព័ន្ធ ព្រោះគ្រឿងញៀនមានតំលៃថ្លៃរាប់លានដុល្លារនោះ បើមនុស្សស្រែៗដូចជាកសិករអញ្ចឹងមានលុយណាហ្នឹងទី១ ទី២ អាចនឹងត្រូវគេប្រើប្រាស់រឺអោយប្រាក់ឈ្នួល

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

អាជ្ញាធរខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនសង្ស័យជនជាតិ​ខ្មែរបីនាក់ ​ដែលធ្វើដំណើរតាមរថយន្ដក្រុង​ភំ្នពេញសូរិយាដឹកជញ្ជូនអ្នកដំណើរមួយគ្រឿងពីព្រំដែនខ្មែរ-ឡាវមកភ្នំពេញកាលពីថ្ងៃទី២៦​ខែមិថុនាឆ្នាំ២០១៨ម្សិលមិញនេះ​​។ សមត្ថកិច្ចរកឃើញថា ជនសង្ស័យទាំងនោះបានដឹកជញ្ជូនថ្នាំញៀន​ ​មេតំហ្វេតាមីនក្រាមម្ស៉ៅ​ចំនួន១២០​គីឡូក្រាមក្នុងរថយន្តក្រុងនោះ។

អាជ្ញាធរ​បានអោយដឹងថាបុរសទាំងបីនាក់នោះសុទ្ធសឹងតែជាកសិករ ដោយពីរនាក់ជាអ្នកខេត្តស្ទឹងត្រែង​ និងមា្នក់ទៀតជាអ្នកខេត្តព្រះវិហារ​​។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ប្រាប់វីអូឌីថានេះជា​លើកទី១ហើយដែលអាជ្ញាធរចាប់បានគ្រឿងញៀនក្នុង​ចំនួនដ៏ច្រើនបែបនេះ។​

«ក្នុងពេលដែលខ្ញុំចូលបំរើការងារក្នុងវិស័យខាងគ្រឿងញៀនប្រមាណជាង២០​ឆ្នាំ លើកហ្នឹងជាលើកទី១ដែលធំមានបរិមាណច្រើនជាងគេ ដែលលើកទី២វាជាងប្រមាណ៥០គីឡូ ប៉ុន្ដែ​កាលពីលើកមុននោះមានដល់ទៅ៧០គីឡូពាក់ព័ន្ធទៅនឹងហេរ៉ូអ៊ីនតាំងពីយូរមកហើយ ប៉ុន្ដែយើងមិនមាន​ការតម្កល់ឯកសារ សម្រាប់តម្កល់អ្វីដែលមាន ហើយទទួលស្គាល់គឺមាន២ករណី លើក​នេះជាលើកទីមួយ​ដែលធំជាងគេ លើកទីពីរចំនួនជាង៥៥គីឡូ

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ការចាប់រឹបអូសគ្រឿងញៀន១២០គីឡូក្រាមនេះ​ ក៏ស្ថិតនៅក្នុងថ្ងៃតែមួយ​ដែលអាជ្ញាធរជាតិបានធ្វើពិធីអបអរសាទរទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១៩ និងបានដុតបំផ្លាញគ្រឿងញៀនចំនួន ៦៤គីឡូក្រាមនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រដែរ។

បើយោងតាមទិន្នន័យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​​គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហាញថា​ ករណីដែលចាប់មានចំនួនសរុប ៣,៧៥៥ករណី ក្នុងនោះចាប់បានសារធាតុញៀនគ្រប់ប្រភេទទំងន់ ១១៨គីឡូក្រាម ក្នុងនោះមានកញ្ឆាក្រៀម ២៣គីឡូក្រាម។ ចំណែកសម្ភារៈចាប់យកបានមានរថយន្ដ ៣៥គ្រឿង ម៉ូតូ ៨៥៣ គ្រឿង ទូរស័ព្ទ២៣០៦គ្រឿង ជញ្ជីង ១៨០គ្រឿង អាវុធខ្លី ៩ដើម អាវុធ ៩ដើម។ ចំនួនខាងលើនេះ​មិនទាន់​រាប់បញ្ចូលករណីថ្នាំញៀនចំនួន ១២០គីឡូក្រាម​ដែល​អាជ្ញាធរចាប់បានកាលពី​ថ្ងៃអង្គារ ទី២៦ ខែមិថុនា នេះទេ៕

គ្រឿងញៀនដែលរឹបអូសបាន ១២០ គីឡូក្រាម (រូបភាព៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល)

រាយការណ៍ដោយ សត្យា និង​ថុន ផល្លាវត្តី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ