ភរិយា​សព​លោក​កែម​ ឡី​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បុណ្យ​រំលឹក​ខួប​២​ឆ្នាំ​

អ្នកស្រី ប៊ូ រចនា អំពាវនាវអោយមហាជនចូលរួមពិធីបុណ្យរំលឹកខួបប្ដីអ្នកស្រី នៅប្រទេសអូស្ត្រាលី ថ្ងៃទី ២៧ មិថុនា​២០១៨ (រូបភាព៖ ហ្វេសប៊ុក SK Media)

ភរិយាសពលោក កែម ឡី  អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមក្នុងពិធីបុណ្យរំលឹកខួប២ឆ្នាំស្វាមីរបស់អ្នកស្រី ​ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៧ ខែកក្កដាខាងមុខនេះ នៅប្រទេសអូស្ត្រាលី។

នៅក្នុងវីដេអូឃ្លើបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក អ្នកស្រី ប៊ូ រចនា មានប្រសាសន៍ថា ​​ការរៀបចំពិធីបុណ្យរំលឹកខួប២ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក កែម ឡី នឹងធ្វើនៅវត្តពុទ្ធរង្ស៊ី ហៅវត្តធំ ក្នុងប្រទេសអូស្ត្រាលី។

អ្នកស្រី ប៊ូ រចនា​ មានប្រសាសន៍ថា ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យនេះ ​​អ្នកស្រីនឹងបរិចា្ចក៤០ភាគរយដើម្បីឲ្យយកជួយប្រជាពលរដ្ឋខ្មែរដែលទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គម និងជួយដល់ជនភៀសខ្លួនផងដែរ។   អ្នកស្រីបន្តថា ការសម្រេចបរិច្ចាកថវិកានេះ ដោយសារ អ្នកស្រីចង់បន្តបេសកម្មរបស់ស្វាមីអ្នកស្រីដែលបានធ្វើការងារជួយសង្គមកន្លងមក។

ថវិកាដែលបានពីកម្មវិធីបុណ្យនាងខ្ញុំនឹងបរិច្ចាកទៅខាងសហគមន៍ដែលគាត់បាន យកទៅចាត់ចែងនៅក្នុងការជួយសង្គ្រោះដល់អ្នកដែលរងគ្រោះនៅក្នុងប្រទេសខ្មែរ ហើយនឹងជនភៀ​សខ្លួន​ផ្សេងៗទៀត ដែលគាត់ជួបទុក្ខវេទនាខ្វះខាត។ សូមអញ្ចើញចូលរួមពិធីបុណ្យខួប ២ ឆ្នាំស្វាមីនាងខ្ញុំឲ្យបានច្រើនផង

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី

កូនសិស្សលោក កែម ឡី គឺ លោក មួង សូនី មានប្រសាសន៍ថា លោកនិងយុវជនផ្សេងទៀតនឹងរៀបចំបារព្ធពិធីរំលឹកខួប២ឆ្នាំនេះដែរ ដោយធ្វើនៅកន្លែងខ្មាន់កាំភ្លើងបានបាញ់សម្លាប់ លោក  កែម ឡី។

​ខ្ញុំជាកូនសិស្សខ្ញុំមានសកម្មភាពពីរ សកម្មភាពទី១ , យើងនឹងធ្វើការផុសតាមហ្វេសប៊ុករំលឹកខួបនៃការសម្លាប់របស់គាត់ ហើយយើងនឹងផុសអំពីកេរ្តិ៍មរតក ស្នាដៃរបស់គាត់ផ្សេងៗទៀតតាមហ្វេសប៊ុកយើងរៀងៗខ្លួន។ ចំណែកទី ២ យើងមិនដឹងថា យើងអាចធ្វើបានអត់ទេ យើងមានគម្រោងយកផ្កា យកទៅដាក់នៅកន្លែងដែលគេបាញ់លោកបណ្ឌិត កែម ឡី ស្លាប់តែម្ដងហើយយើងធ្វើការអុជធូកអីតិចតួចនៅកន្លែងហ្នឹង

លោក មួង សូនី កូនសិស្សលោក កែម ឡី

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី ចាត់ទុកការបរិច្ចាកថវិកានេះ ថាជារឿងល្អ។ លោកបន្តថា លោកចង់ឲ្យយុវជន និងប្រជាពលរដ្ឋរៀបចំពិធីរំលឹកខួប២ឆ្នាំនៅក្នុងប្រទេសកម្ពជាដែរ។​​

អ្នកស្រី ប៊ូ រចនា និងកូនប្រុស ៥នាក់ ​របស់​អ្នក​ស្រី បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ បន្ទាប់​ពី​រស់នៅ​ដោយ​លាក់​ខ្លួន​​ក្នុង​ប្រទេស​ថៃជិត២ឆ្នាំ ចាប់​តាំង​ពីលោក​ កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​​បាញ់សម្លាប់​កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៦។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត  នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី។

ក្រោយ​ការ​កាត់​ទោស ជួប សម្លាប់ កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ កន្លង​ទៅ តុលាការ​បាន​ប្រកាស​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់​ទោស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ