អង្គការ​​សិទ្ធិ​មនុស្សអន្តរជាតិមួយជំរុញ​ឲ្យ​ស៊ើប​អង្កេតនិង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីកម្ពុជា​១២​នាក់

របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី២៧មិថុនា បាន​បង្ហាញ​ឈ្មោះ​ឧត្តម​សេនីយកម្ពុជា​ចំនួន​១២​​នាក់ ​ដែល​ថា ​ជា​ឆ្អឹង​ខ្នង​បង្អែក​​នៃ​របប​នយោបាយ​ផ្តាច់​ការ​រំ​លោភ​សិទ្ធិ​មនុស្សដែល​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​អំណាច​របស់​​លោក ហ៊ុន សែន កាន់​តែ​ផ្តាច់​ការ (រូបភាព៖ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សអន្តរជាតិ (Human Rights Watch))

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សអន្តរជាតិ (Human Rights Watch) បាន​ស្នើ​ឲ្យ​សហ​គមន៍​អន្តរជាតិ​ស៊ើប​អង្កេត​និង​ដាក់​ទណ្ឌកម្ម​លើ​ឧត្តម​សេនីយ៍ជាន់​ខ្ពស់​១២​នាក់ នៃ​កង​កម្លាំង​ប្រដាប់អាវុធជាតិ​​​ ដែលអង្គការ​នេះ​រក​ឃើញ​ថាជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​នៃ​ការ​រក្សា​អំណាច​របស់​លោក​ ហ៊ុន សែន និង​ការ​រំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពី​ឆ្នាំ១៩៧៥។

ក្នុងរបាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី២៧មិថុនាដែល​​ VOD ទើបទទួល​បាន​នៅ​ថ្ងៃនេះ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ដែល​មាន​ទីតាំង​នៅសហ​រដ្ឋ​អាមេរិក​ បាន​បង្ហាញ​ឈ្មោះ​ឧត្តម​សេនីយ៍កម្ពុជា​ចំនួន​១២​​នាក់ ​ដែល​ថា ​ជា​ឆ្អឹង​ខ្នង​បង្អែក​​នៃ​របប​នយោបាយ​ផ្តាច់​ការ​រំ​លោភ​សិទ្ធិ​មនុស្សដែល​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​អំណាច​របស់​​លោក ហ៊ុន សែន កាន់​តែ​ផ្តាច់​ការ។

ឧត្តម​សេនីយ៍​ទាំង​១២​រូប​នោះ​រួម​មាន អគ្គមេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ លោក ប៉ុល សារឿន, អគ្គ​មេបញ្ជាការ​រង​កង​ទ័ព ​លោក គន់ គីម, មេបញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា, មេ​បញ្ជាការ​រង​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​​​ លោក រ័ត្ន ស្រ៊ាង, ​មេ​បញ្ជា​ការ​ភូមិភាគ​៤ លោក ជា​ ម៉ន, ​មេ​ប​ញ្ជា​ការ​​ភូមិភាគ​៥ លោក ប៊ុន សេង, ​​មេ​បញ្ជាការ​ភូមិ​ភាគទី២ លោក ជឿន សុវន្ថា, នាយ​រង​សេនា​ធិការ​ចម្រុះនិងជា​មេ​បញ្ជាការ​កង​ពល​តូច​ពិសេស​ឆត្រ​យោង៩១១ លោក ចាប ភក្តី, អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​លោក នេត សាវឿន, អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​លោក សុខ ផល លោក ម៉ក់ ជីតូ និង​លោក ជួន សុវណ្ណ។

​របាយការណ៍ដដែល​នោះ ​ក៏​បានបង្ហាញ​ថា អ្នក​ទាំង​១២​នាក់​នោះ សុទ្ធ​តែ​ជំពាក់​គុណ​បុណ្យលោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​​មាន​​ទំនាក់​ទំនង​ជា​មួយ​លោក ហ៊ុន សែន រាប់​ទស្សវត្ស​ន៍មក​ហើយ។

អង្គការ​សិទ្ធិ​មនុស្ស​នេះ ​បាន​សរសេរបន្ត​ថា ប្រវត្តិ​របស់​អ្នក​ទាំង​១២​រូប​នេះ ​បាន​ពាក់​ព័ន្ធ​ជា​ច្រើន​ក្នុង​អំពើ​ហិង្សា នយោបាយ​​​របស់​រដ្ឋ​កម្ពុជា ដែល​រាប់​ទាំង​ឃាតកម្មនយោបាយ​សំដៅគណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អ្នក​នយោបាយ​ប្រឆាំង​អហិង្សា​ផ្សេង​ទៀត ហើយ​កំណត់​ទិស​ដៅធានាឲ្យ​គណបក្សប្រជា​ជន​កម្ពុជា ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ដែល​រៀប​ចំដោយ​អ៊ុន​តាក់​នៅ​ឆ្នាំ​១៩៩៣។

របាយការណ៍​មួយ​របស់​អ៊ុន​តាក់ បង្ហាញ​ថា​របប​រដ្ឋ​កម្ពុជាជា​អ្នកទទួល​ខុស​ត្រូវចំពោះ​ព្រឹត្តិ​ការណ៍ សម្លាប់​អ្នក​នយោបាយ​ប្រឆាំង​ចំនួន៣៩​ករណី ដែល​បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​មនុស្ស​ចំនួន ៤៦​នាក់ និង​ការ​សម្លាប់​២៥​នាក់​ផ្សេង​ទៀត។ គោល​បំណង​សំខាន់​នៃ​ការ​សម្លាប់​នេះ ​គឺ​ដើម្បី​បំភិត​បំភ័យ​ពល​រដ្ឋ​ ហើយ​មាន​ការ​សម្លាប់​ភ្លាមៗ​សរុប​៤០​នាក់។ […] របាយការណ៍​របស់​ការិយាល័យ​សិទ្ធិមនុស្សអង្គការ​សហ​ប្រជា​ជាតិ​ខែ​សីហា ឆ្នាំ​១៩៩៧ បាន​ចងក្រង​ឯក​សារ​ អ្នក​ស្លាប់​ថា​មាន​ចំនួន​៤២​នាក់​ ហើយថាចំនួននេះ អាចមានដល់ ៦០ នាក់ដែលត្រូវបានគេសម្លាប់ដោយហេតុផលនយោបាយក្រៅប្រព័ន្ធតុលាការបន្ទាប់ពីរដ្ឋប្រហារហើយ

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សអន្តរជាតិ (Human Rights Watch)

អង្គការ​អន្តរជាតិ​មួយ​នេះ ​បាន​ស្នើ​ដល់​សហ​គមន៍​អន្តរជាតិ ជា​ពិសេស​អង្គការ​សហ​ប្រជាជាតិគាំទ្រនិង​ដាក់​សម្ពោធទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស៊ើប​អង្កេត​លើ​បុគ្គល​ ដែលមាន​​ឈ្មោះក្នុង​របាយការណ៍នេះ និង​ដាក់​ទណ្ឌកម្ម​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ។

នៅថ្ងៃនេះ​ផង​ដែរ ក្រសួង​ការ​ពារជាតិ​ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ច្រាន​ចោលនិង​​ថ្កោល​ទោស​របាយការណ៍​របស់​អង្គការ​ឃ្លាំ​​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិមួយនេះ។ ក្រសួងការពារជាតិចោទ​​ថា វា​ជា​របាយការណ៍​ប្រឌិត​ ញុះ​ញង់​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន និង ​មិន​សម​ហេតុផលមកលើ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​១២រូប​របស់​កម្ពុជា។

ការ​ប្រឌិត​របាយការណ៍​បែប​ឆ្កួត​លីលារបស់​ក្រុម​នេះ គឺ​ជា​ការ​រំ​លោភ​បំពាន​ម្តង​ហើយ​​ម្តង​ទៀតមក​លើ​អធិបតេយ្យ ឯករាជ្យ​ភាព និង​នីតិ​រដ្ឋ​របស់​ព្រះ​រាជា​ណា​ចក្រកម្ពុជា ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិតរបស់ជន​បរទេស​មួយចំនួន និងក្រុមអ្នកនយោបាយក្បត់ជាតិ ដែលបានប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិច​បំផ្លាញ​ដល់សន្តិភាព និង​សេចក្តី​សុខរបស់ប្រជាពលរដ្ឋខ្មែរ ហើយបើទោះបីជាផែនការបដិវត្តន៍ពណ៌នេះ បាន​បរាជ័យ​រហូត​​ដល់មាន​ការចាប់​ខ្លួន​មេខ្លោង​រួចហើយក៏ដោយ ក៏ក្រុមនេះខ្លះ នៅមិនទាន់បោះបង់ចោលគំនិត បំផ្លិចបំផ្លាញកម្ពុជានៅឡើយទេ

​សេចក្តីថ្លែង​ការណ៍​ច្រាន​ចោលនិង​​ថ្កោល​ទោស របស់ក្រសួងការពារជាតិ

ប្រាប់វីអូឌីនៅថ្ងៃនេះ អគ្គ​មេ​បញ្ជា​ការ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ​បដិសេធ​​ឆ្លើយ​តបចំពោះ​ការ​ចោទ​ប្រកាន់របស់​របាយ​ការណ៍​​នេះ ដោយ​ថា​ អង្គការ​នេះ​ធ្វើ​របាយការណ៍​អ្វី​ស្រេច​តែ​ចិត្ត​របស់​ខ្លួន​។

លោកថា៖ «អត់​មាន​ឆ្លើយ​តប​អី​ទេ! វា​ថា​អី​ថា​តែ​វា​ទៅ » ។

ចំណែក អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ ជា​អគ្គ​លេខាធិការ​អាជ្ញាជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន លោក ម៉ក់ ជីតូ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អង្គការ​នេះ និង​ថា​ ជា​ការ​ប្រឌិត​តាម​ចិត្ត​របស់ខ្លួន​ដើម្បី​បង្ខូច​ក្តេរិ៍​ឈ្មោះ​របស់​លោកនិង​ឧត្តម​សេនីយ​ផ្សេង​ទៀត​។

លោកថា៖ «គាត់​ថា ​ទៅ​ស្រេច​តែ​ចិត្ត​គាត់​ទៅ​គាត់​មាន​សិទ្ធិ​ថា ដល់​យើង​មិន​ដឹងថា​ម៉ិច​ឲ្យ​គាត់​វិញ បើ​នៅ​ស្រុក​ណា​នោះ។ បើ​នៅស្រុក​ខ្មែរ ប្តឹង​ទៅ​តុលាការ​ឲ្យ​រក​ខុសត្រូវហើយ។ […] ខ្ញុំ​ជឿ​ថា​អន្តរជាតិ​គេ មិន​ចេះ​តែ​ជឿ​គាត់​ទេ ព្រោះរបាយការណ៍​គាត់​ស្រេចតែ​គាត់​ថា​អញ្ចឹង​ នឹក​ឃើញ​ស្អប់​អ្នក​ណាថា​ឲ្យ​អ្នក​ហ្នឹង​ទៅ »។

ប្រធាន​ក្រុម​អ្នក​វិភាគវ័យ​ក្មេង លោក ហង្ស វិទូ យល់​ថារបាយការណ៍​របស់​អង្គការសិទ្ធិ​មនុស្ស​នេះ ​មិន​មែន​ជា​ការ​ស៊ើប​អង្កេត​ ដែល​លេង​សើច​នោះ​ទេ ខណៈ​លោក​បារម្ភថា ​នឹង​មាន​ឥទ្ធិ​ពលបន្ថែម​ដល់​ការ​សម្រេច​ចិត្ត​របស់​អន្តរជាតិ​​​ចំពោះ​កម្ពុជា។

កាលពី​ថ្ងៃ​ទី១២ខែមិថុនា រដ្ឋាភិបាលអាមេរិកបាន​បង្កកទ្រព្យសម្បត្តិ លោក ហ៊ីង ប៊ុន​ហៀង ដោយ​ថា ​មេ​កងអង្គ​រក្ស​រូបនេះ ​បាន​ជាប់​​ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។

ការដាក់ទណ្ឌកម្មនេះ ដោយ​ផ្អែក​លើច្បាប់​សិទ្ធិ​មនុស្សហ្គូប៊ល ម៉ាញីតស្គី (Global Magnitsky) ដែលបង្កើតឡើងកាលពីឆ្នាំ២០១៦ ដែល​អនុញ្ញាតឲ្យអាមេរិក​ដាក់ទណ្ឌកម្មលើជនណា​ដែល​ប្រព្រឹត្ត​អំពោះ​ពុក​រលួយ​និង​រំលោភសិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ