គ.ជ.ប​៖​ អ្នក​អង្កេត​ការណ៍​កើន​ឡើង​ជាង​១​ម៉ឺន​នាក់​ប្រៀប​ធៀប​អាណត្តិ​មុន​

រូបភាពសកម្មភាពកិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ថ្ងៃទី ២៧ មិថុនា ២០១៨ (រូបភាព៖ NEC)

គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត(គ.ជ.ប) បង្ហាញរបាយការណ៍ថា ចំនួន​អ្នកចុះឈ្មោះអង្កេតការណ៍បោះឆ្នោតសម្រាប់អាណត្តិទី៦នេះ កើនឡើងជាង១ម៉ឺននាក់ បើប្រៀបធៀបជាមួយអាណត្តិទី៥កន្លងទៅមានតែជាង៤ម៉ឺននាក់​។​

អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ថា គិតថ្ងៃនេះ ចំនួនអ្នកអង្កេតការណ៍មានជាង៥ម៉ឺននាក់ មកពីស្ថាប័នចំនួន៨២ផ្សេងគ្នា។​លោកបន្តថា ចំនួននេះនឹងកើនឡើងទៀត ដោយសារការទទួលឈ្មោះអ្នកសុំអង្កេតការណ៍បន្តរហូតដល់ថ្ងៃទី១៨ខែកក្កដា។​

អង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន​ដែលប្រកាសមិនដាក់អ្នកអង្កេតការណ៍រួមមាន ខុមហ្វ្រែល និចហ្វ្រិក និង អង្កការតម្លាភាពកម្ពុជា។ អង្គការទាំងនេះបញ្ជាក់ថា ការមិនដាក់អ្នកអង្កេតការណ៍ដោយសារតែបញ្ហាស្ថានភាពនយោបាយមិនល្អនិងការភ័យខ្លាចមានការចោទប្រកាន់ផ្សេងៗ។​

មន្រ្ដីជាន់ខ្ពស់អង្គការខុមហ្រ្វែល លោក កន​ សាវាង្ស ​មានប្រសាសន៍ថា ការវាស់វែងលើការបោះឆ្នោតនោះយុត្តិធម៌ឬអត់ វាមិនផ្អែកតែលើចំនួនអ្នកអង្កេតការណ៍មួយមុខទេ។​

កាលណាគេវាយតម្លៃ គេមើលលើគោលការណ៍ មើលទៅលើផ្លូវច្បាប់ និតិវិធី ច្បាប់ផ្សេងៗ គ្រាន់តែមើលថាស្ថាប័ននៃការចូលរួមនឹង លោកចូលរួមគ្រាន់តែជាសាក្សី ជាភ្នែក ជាច្រមុះប៉ុន្ដែវាក៏អាស្រ័យទៅលើស្ថាប័នដែរ ជាស្ថាប័នចូលរួមនឹងជាអ្នកណា ហើយមួយទៀតគោលការណ៍នៃលទ្ធផលនៃរបាយការណ៍នៃអ្នកដែលចូលរួមនឹងអាចឲ្យគេជឿទុកចិត្តបានអត់ បានក្នុងកម្រិតណា

មន្រ្ដីជាន់ខ្ពស់អង្គការខុមហ្រ្វែល លោក កន​ សាវាង្ស

នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា អ្នកអង្កេតការណ៍៥ម៉ឺននាក់ អាចដាក់នៅគ្រប់ការិយាល័យបោះឆ្នោតបាន ប៉ុន្តែលោកបារម្ភពីសមត្ថភាពនិង ឯករាជ្យភាពរបស់អ្នកទាំងនោះ។​

បញ្ហាទី១ ត្រង់គុណភាព តើពួកគាត់អាចទទួលបានគុណភាពបណ្ដុះបណ្ដាលល្អឬយ៉ាងណា  ហើយការសង្កេតការណ៍នឹងវាមានឯករាជ្យភាព ឬអព្យាក្រឹត្យបានឬទេ ពីព្រោះគាត់តំណាងឲ្យម្ចាស់ឆ្នោត អ្នកសង្កេតការណ៍នឹងឲ្យមានអព្យាក្រឹត្យល្អឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតនឹងទុកចិត្តបាន

នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី

ទោះយ៉ាងណា លោកហង្ស ពុទ្ធា បញ្ជាក់ថា អ្នកអង្កេតការណ៍ទាំងនោះ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។​

លោកបានបន្ដថា៖ “យើងតែងតែគោរពអញ្ជើញគ្រប់តំណាងភាគីពាក់ព័ន្ធ មកជួបប្រជុំគ្នា យើងផ្ដល់ឯកសារជូន ហើយបើអង្គការនោះត្រូវការមន្រ្ដីជំនាញយើងក៏ធ្វើការបណ្ដុះបណ្ដាលជូនទៀត

ការបោះឆ្នោតអាណត្តិទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។ ចំណែកប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានជាង៨លាននាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ