លោក​ ហ៊ុន សែន​ ជំរុញ​​ឲ្យ​​ដាក់​​ទណ្ឌកម្ម​​លើ​​ទាហាន​​ទាំង​​អស់​​លើស​ពី​​​​ឧត្ដម​សេនីយ៍​​១២​​រូប​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស មិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហុយ ព្រឹកថ្ងៃទី ០២ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្មទៅ​នឹង​របាយការណ៍​​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់ទណ្ឌ​កម្ម​លើ​ឧត្តម​សេនីយ៍ជាន់​ខ្ពស់ ​១២​នាក់ ដែល​ក្រុម​សិទ្ធិ​មនុស្ស​មួយ​នេះ​ហៅ​ថា ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​នៃ​ការ​រក្សា​អំណាច​របស់​លោក​ ហ៊ុន សែន និង​ការ​រំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពី​ឆ្នាំ១៩៧៥​មក។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​របាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដោយ​បាន​និយាយ​ថា ឧត្ដម​សេនីយ៍​ ១២​រូប​ បាន​ជាប់​ពាក់​ព័ន្ធ​​យ៉ាង​ច្រើន​នៅ​ក្នុង​អំពើ​ហិង្សា​នយោបាយ​​​នៅ​កម្ពុជា ដែល​រាប់​ទាំង​ឃាតកម្មនយោបាយ​ទៅ​លើ​គណបក្ស​ ហ៊្វុន ស៊ិនប៉ិច និង​អ្នក​នយោបាយ​ប្រឆាំង​អហិង្សា​ផ្សេង​ទៀត ហើយ​កំណត់​ទិស​ដៅធានាឲ្យ​គណបក្សប្រជា​ជន​កម្ពុជា ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ដែល​រៀប​ចំដោយ​អ៊ុន​តាក់​នៅ​ឆ្នាំ​១៩៩៣​។

បើ​តាម Human Rights Watch ឧត្ដមសេនីយ៍​កំពូលៗ​ទាំង ១២​រូប​នោះ រួម​មាន​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន, អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព លោក គន់ គីម, មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា, មេ​បញ្ជាការ​រង​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​​​ លោក រ័ត្ន ស្រ៊ាង, ​មេ​បញ្ជា​ការ​ភូមិភាគ ​៤ លោក ជា​ ម៉ន, ​មេ​ប​ញ្ជា​ការ​​ភូមិភាគ ​៥ លោក ប៊ុន សេង, ​​មេ​បញ្ជាការ​ភូមិ​ភាគទី ២ លោក ជឿន សុវន្ថា, នាយ​រង​សេនា​ធិការ​ចម្រុះ និងជា​មេ​បញ្ជាការ​កង​ពល​តូច​ពិសេស​ឆត្រ​យោង ៩១១ លោក ចាប ភក្តី, អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​លោក នេត សាវឿន, អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ លោក សុខ ផល លោក ម៉ក់ ជីតូ និង​លោក ជួន សុវណ្ណ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ ​បាន​ស្នើ​ទៅ​​សហ​គមន៍​អន្តរជាតិ ជា​ពិសេស​អង្គការ​សហ​ប្រជាជាតិ ឲ្យ​គាំទ្រ និង​ដាក់​សម្ពាធទៅ​លើ​​រដ្ឋាភិបាល​កម្ពុជា​ ស៊ើប​អង្កេត​លើ​ឧត្ដមសេនីយ៍​ទាំង​នេះ និង​ដាក់​ទណ្ឌកម្ម​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ។

ជា​ប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​នេះ ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន​សែន​សុខ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នៅ​ព្រឹក​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ​ការដាក់ទណ្ឌកម្មលើឧត្ដមសេនីយ៍​ទាំង ១២រូបនោះ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ។ ផ្ទុយ​ទៅ​វិញ លោកចង់ឲ្យអាមេរិក​ដាក់ទាហាន ១១ម៉ឺននាក់ ដោយថា អ្នកដែល​គាំទ្ររដ្ឋាភិបាលមិនមែនមានតែ ១២នាក់នោះទេ។

សូមផ្តាំទៅ ប៊្រែត អាដាម មេទាហ៊ាននៅកម្ពុជា​ គេថា​ តិច​ណាស់ ​ទាល់តែដាក់ទាំងអស់​បានវាគ្រប់​ ព្រោះមិនមែនមានតែនាយទាហ៊ានត្រឹម​តែ ១២នាក់ទេ ដែលស្មោះត្រង់ជាមួយ ហ៊ុន សែន ដែលស្មោះត្រង់ជាមួយរដ្ឋាភិបាល​ ទាហានមួយប្រទេស​ គេសុំឲ្យលោកដាក់ទាំងអស់​ ១១ម៉ឺននាក់។ ​ដាក់ទាំងអស់មក!​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី មានប្រសាសន៍ថា បើរដ្ឋាភិបាលមិនខ្វល់ពីការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺគិតតែប្រយោជន៍ក្រុម ឬបក្សពួក ដោយមិនគិតប្រយោជន៍ជាតិជាធំទេ ​ទោះជាបរទេសបង្ហាញរបាយការណ៍ ឬផ្តល់ជាអនុសាសន៍ដល់កម្ពុជា ​ក៏មិនទទួលបានផលវិជ្ជមានឡើយ​។

ទោះបីជាមានអនុសាសន៍យ៉ាងណា ក៏គេ​មិនយកត្រចៀកស្តាប់ដែរ ប៉ុន្តែ បើសិនជា​យើងគិត​ប្រយោជន៍​ជាតិជាធំ រដ្ឋាភិបាលគួរតែ​ពិនិត្យមើល​ ហើយ​ត្រូវ​ធ្វើអ្វីខ្លះ​ ដើម្បីកែតម្រូវ​នូវស្ថានភាពនយោបាយឲ្យ​មក​ស្ថិតនៅភាព​ប្រក្រតីឡើង​វិញ​

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី មាន

កាលពី​ថ្ងៃ​ទី១២ ខែមិថុនា រដ្ឋាភិបាលអាមេរិកបាន​បង្កកទ្រព្យសម្បត្តិ លោក ហ៊ីង ប៊ុន​ហៀង ដោយ​ថា ​មេ​កងអង្គ​រក្ស​​លោក ហ៊ុន សែន រូបនេះ ​បាន​ជាប់​​ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។

ការដាក់ទណ្ឌកម្មនេះ ដោយ​ផ្អែក​លើច្បាប់​សិទ្ធិ​មនុស្ស គ្លូប៊ល មែកនីតស្គី (Global Magnitsky) ដែលបង្កើតឡើងកាលពីឆ្នាំ២០១៦ និង​អនុញ្ញាតឲ្យអាមេរិក​ដាក់ទណ្ឌកម្មលើជនណា​ដែល​ប្រព្រឹត្ត​អំពោះ​ពុក​រលួយ ​និង​រំលោភសិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ