អាមេរិក​​បន្ត​​ដាក់​​កម្ពុជា​​ជា​​ប្រទេស​​ជួញ​​ដូរ​​មនុស្ស​​​

របាយការណ៍​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០១៨ ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ២០១៨

សហ​រដ្ឋអាមេរិក​នៅ​តែ​ចាត់​ថ្នាក់​ប្រទេសកម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​ជួញ​ដូរ​មនុស្ស​ដដែល បើ​ទោះ​បី​ជា​ប្រទេស​នេះ​ខិតខំប្រឹងក្នុង​ការ​លុបបំបាត់​ក៏​ដោយ។

រដ្ឋាភិបាល​អាមេរិក​បាន​ចាត់​ថ្នាក់​បែប​នេះ​នៅ​ក្នុង​របាយការណ៍​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០១៨ ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា​កន្លង​មក​នេះ។

ក្នុង​របាយការណ៍​ដដែល​នេះ ក្រសួង​ការបរទេស​អាមេរិក​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ទី​២ ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​លុប​បំបាត់​ទាំង​ស្រុង​នូវ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឡើយ​ទេ បើទោះបី​ជា​ត្រូវ​បាន​រក​ឃើញ​ថា ប្រទេស​នេះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​អនុវត្ត​តាម​ច្បាប់​នេះ​ហើយ។

ក្រសួង​ការបរទេស​អាមេរិក​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ដដែល​នោះ​ថា អំពើ​ពុក​រលួយ​ដ៏​រីក​រាល​ដាល​នៅ​ក្នុង​ប្រទេស​នេះ បន្ត​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ ដំណើរការ​​តុលាការ និង​ការ​ផ្ដល់​សេវា​ដល់​ជន​រង​គ្រោះ។

ក្រៅ​ពី​អំពើ​ពុក​រលួយ ក្រសួង​ការបរទេស​អាមេរិក បាន​លើក​ឡើង​បន្ត​ថា អាជ្ញាធរ​កម្ពុជា​ពុំ​បាន​ចេញ​សេចក្ដី​ណែនាំ​ផ្លូវ​ការ​ណា​មួយ​សម្រាប់​អនុញ្ញាត​ឲ្យ​​ប្រើ​ប្រាស់​បច្ចេកទេស​ស៊ើប​អង្កេត​ដោយ​សម្ងាត់​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ឡើយ​ទេ។

បើ​តាម​របាយការណ៍​ដដែល​នោះ បញ្ហា​នេះ​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់​សមត្ថភាព​ប្រតិបត្តិការ​របស់​មន្ត្រី ក្នុង​ការ​នាំ​យក​ជន​ល្មើស​ជួញ​ដូរ​មនុស្ស​ទៅ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់។

អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ថាការ​អៈអាងអំពី​ អំពើ​ពុក​រលួយ និង​ការ​គ្មាន​វិធាន​ការ​របស់​រដ្ឋ​ចំពោះ​ការ​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​របស់​កម្ពុជា​ក្នុង​របាយ​ការណ៍​​នោះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ប៉ុន្តែ​​លោក​ស្រី​យល់​ស្របចំពោះ​ការចាត់​ចំណាត់​ថ្នាក់​នៃ​របាយការណ៍​នេះ។

ព្រោះមាន​តែ​បី​កម្រិត​ទេ! ទី១ គឺ​អ្នក​ដែលគ្មាន​ការ​ជួញ​ដូរ​មនុស្ស ឬ​មួយ​ក៏​មាន​ហើយ​ គឺ​អាច​បង្ក្រាប​បាន តែ​ខ្ញុំ​បាន​ឃើញ​ហើយ​ សូម្បី​តែ​សហ​រដ្ឋ​អាមេរិក​ខ្លួន​ឯង​ក៏​គាត់​ទទួល​យក​លេខ​ពីរ​ដែរ។ ហើយ​ប្រទេស​មួយ​ចំនួន​នៅ​ជិត​ខាង​យើង​ក៏​ធ្លាក់​ទៅលេខ​២​(ឃ្លាំមើល​) ឬ​លេខ​៣​ដែរ។ អញ្ចឹង​ការ​ដែល​ទទួល​បាន​លេខ​២​នេះ​វា​គឺ​ជា​កិត្តិយស​សម្រាប់​កម្ពុជា​ហើយ ដោយ​សារ​តែ​ក្រសែ​ភ្នែក​នៃ​អ្នក​ដែល​បាន​មើល​ពី​ខាង​ក្រៅ​មក​គាត់​ទទួល​យល់​បាន​គ្រប់​គ្នា​ថា​យើង​ពិតជា​បាន​ប្រឹង​ប្រែង

អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង

នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី មានប្រសាសន៍​យល់​ស្រប​ចំពោះ​ការ​រក​ឃើញ​របស់​សហរដ្ឋ​អាមេរិក ដោយ​ថា​រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​វិធានការ​បន្ថែម​ទៀត​ចំពោះ​បញ្ហា​ទាំង​ពីរ​នេះ​ ជា​ពិសេស​អំពើពុក​រលួយ​ដែល​លោក​ថា​ជា​មូល​ហេតុ​ចំបងដែល​ធ្វើ​ឲ្យ​ការ​ជួញ​ដូរ​មនុស្ស​នៅ​តែ​មាន​។

បើ​និយាយ​ទៅ​ បញ្ហា​ជួញ​ដូរ​មនុស្ស​ វា​នៅ​តែ​កើត​មានឡើង​ក្នុង​ស្រុក​ខ្មែរ​យើង គ្រាន់​តែ​ថា វា​ដូរជា​យុទ្ធ​សាស្ត្រ។ ឧទារហរណ៍​ប្រជា​ពល​រដ្ឋ​យើង​ទៅ​ធ្វើ​ការ​នៅថៃ គាត់​អត់​ដឹង​គេ​កេង​ប្រវ័ញ្ចគាត់ គេ​រំលោភគាត់ គេ​ជួញ​ដូរ​គាត់ លក់​គាត់​ឲ្យ​ទៅ​ធ្វើ​ការ​លើ​​ទូក​នេសាទ​អី​ផ្សេង​ៗ​អញ្ចឹង​ទៅ។ អញ្ចឹង​ ពេល​ដែល​យើង​ដឹង​ព័ត៌មាន​ហ្នឹង ​អង្គការ​ដែល​ធ្វើ​ការ​ខាង​ហ្នឹង ​គឺ​ចាប់​ផ្តើម​ជួយ​ពួកគាត់ បញ្ជូន​មកវិញ ហើយ​បញ្ហា​ហ្នឹង ​វា​នៅ​តែ​កើតមាន​ក្នុង​ស្រុកខ្មែរ

នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី

បើ​តាម​លោក​ ង៉ែត ធី ក្រៅពីពង្រឹងការ​​អនុវត្តន៍ច្បាប់​ដែល​មាន​ស្រាប់ អាជ្ញាធរ​កម្ពុជា​គួរតែ​ពង្រឹង​ការ​ផ្សព្វផ្សាយ និង​ធ្វើ​យ៉ាង​ណាបង្កើត​ការងារ​ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មានជីវភាព​ល្អ​ប្រសើរ​ជៀស​វាង​ការ​ធ្វើ​​ចំណាក​ស្រុក​នោះ​ ការ​ជួញ​ដូរ​មនុស្ស​ពិតជាអាច​លុប​បំបាត់បានច្រើន​។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​នោះ ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ភូមា ឡាវ និង​ម៉ាឡេស៊ី ខណៈ​ដែល​ប្រទេស​ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី នៅ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ពុំ​ទាន់​លុប​បំបាត់​បាន​ទាំង​ស្រុង​នូវ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឡើយ។

អាមេរិក​បាន​ចាត់​​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​បែប​នេះ​អស់រយៈ​ពេល ៣​ឆ្នាំ​ជាប់​ៗ​គ្នា ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ