វិភាគ​៖​ ​បើ​​អឺ​រ៉ុប​​ផ្តាច់​​ប្រព័ន្ធ​​អនុ​គ្រោះ​ពន្ធ​ តើ​វិ​ស័​យ​​កា​ត់ដេរ​​ទៅ​​ជា​​យ៉ាង​​ណា​?​

ទិដ្ឋភាពនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ

នៅសប្តាហ៍មុននេះ រដ្ឋាភិបាលបានបញ្ជូនមនុស្សមួយក្រុមទៅសហភាពអឺរ៉ុប សម្រាប់​អ្វីដែលរដ្ឋាភិបាលហៅ​ថា ជាបេសកក​ម្ម​ពិ​សេ​​​ស ដើម្បីបញ្ចុះបញ្ចូ​ល​សហភាពអឺរ៉ុប កុំឲ្យប្លុកប្រទេ​ស​លោ​​ក​​សេរីមួយនេះ ផ្តាច់​ប្រ​ព័​ន្ធ​អនុគ្រោះ​ពន្ធ EBA​ ​ពី​ក​​​​​​ម្ពុជា។​

បេ​​សកកម្មពិសេសនេះ ​ទំនងជារដ្ឋាភិបាលចង់ទាក់ទាញការចាប់អារម្មណ៍​ពី​សហភាពអឺរ៉ុប កុំឲ្យភ្ជាប់ទំនាក់​ទំនងផ្នែកពា​ណិជ្ជ​​កម្ម ទៅ​​​នឹ​ង​បញ្ហានយោបាយ ទោះបីអឺរ៉ុបធ្លាប់ចេញសេចក្តីថ្លែងការណ៍គំរាមញឹកញាប់ថា នឹងពិចារណាលើប្រព័ន្ធអនុគ្រោះពន្ធនេះ​ក្ដី។

របាយការណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយ​កាលពីខែមេសាកន្លងទៅ បាន​ឲ្យ​ដឹង​ថា ប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង ​៥ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុប​ភា​គច្រើ​ន​គឺផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។

មួយវិញទៀត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍​ប្រា​ប់​នា​យករដ្ឋ​មន្ត្រីថា នៅឆ្នាំ​២០១៦​កន្លង​មក ​ក​ម្ពុជាបានចំណេញប្រាក់ ៦៧៦លានដុល្លារ​ពីប្រព័ន្ធអនុគ្រោះ​រ​បស់សហភាព​អឺរ៉ុបនេះ​។

ប៉ុន្តែ សហភាអឺរុប នៅខែមុន បានព្រមានជាថ្មីទៀតថា នឹងពិចារណាលើប្រព័ន្ធអនុគ្រោះពន្ធ​ដល់កម្ពុជា បើខ្លួនរកឃើញថា រដ្ឋា​ភិបាលកម្ពុជា ពិតជាមិនបានធ្វើឲ្យប្រសើរឡើងវិញ ពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពិសេសដំណើរការ​បោះឆ្នោ​តខា​ង​មុខ ទាំ​ងគ្មានគណបក្សប្រឆាំងចូលរួមនោះ។

បើកម្ពុជាទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធនេះ រាប់រយលានដុល្លារ​ក្នុង១ឆ្នាំៗបែបនេះ សួរថា តើ​​អនាគ​តវិស័​យកាត់ដេ​រទៅ​ជា​​​​យ៉ាងណា បើសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះព័ន្ធ?

អ្នកជំនា​ញ​សេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងថា ផលិតផលកាត់ដេរប្រមាណជា ៦០% នាំទៅលក់លើទី​ផ្សារអឺរុប និងសហ​រដ្ឋអាមេ​រិក ។ លោ​កថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ជំរុញដល់អត្រាកំណើនសេដ្ឋកិច្ចដល់ទៅ ៤០ភាគរយ និងផ្តល់លទ្ធភាព​ឲ្យអ្នក​វិនិ​​​យោ​​គនៅក​ម្ពុជា មានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។

ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ វិភាគថា បើរដ្ឋាភិបាលធ្វើឲ្យរបូតប្រព័ន្ធអនុគ្រោះពន្ធនេះមែន លោកថា វិស័យកាត់ដេរនឹ​ងជួ​ប​​ប​ញ្ហា​​ធ្ងន់​ធ្ងជាងគេ ឬបាត់បង់សមត្ថភាពប្រកួតប្រជែងដោយសារតែទំនិញទាំងអស់នាំទៅលក់នៅទីផ្សារអឺរ៉ុបត្រូវចាប់​ឲ្យបង់​ព​​ន្ធ។

កាលណាវាលែងមានប្រព័ន្ធអនុគ្រោះពន្ធ គឺផលិតផលកាត់ដេរ​របស់កម្ពុជា លែងមានល​ទ្ធភាពប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រ​ទេ​សក្នុងតំបន់ទៀតហើយ។ ជាពិសេសក្រៅពីសភា​ពអឺរ៉ុប និងអាមេរិកហ្នឹង យើ​ងមិនអាចនាំផលិតផលរប​ស់កម្ពុ​ជាទៅ​ល​ក់​នៅ​​អាហ្វ្រិក ឬនៅចិនអីបានទេ ពីព្រោះទីផ្សារទាំងអស់ហ្នឹង គ្មានលទ្ធភាពទិញផលិតផលដែលមានតម្លៃខ្ពស់ទេ ហើយយើង​ក៏​មិន​​អា​ច​ទៅ​​លក់ថោកបានដែរ

អ្នកជំនា​ញ​សេដ្ឋកិច្ច លោក ង៉ែត ជូ

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា វិភាគប្រហាក់ប្រហែលដែរថា បើរដ្ឋា​ភិបា​ល​ធ្វើឲ្យ​បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ លោកវិភាគថា ថៅកែ​រោងចក្រខ្លះ​ អាចនឹងរត់ចេញពីកម្ពុជា ដោ​យសារតែពួកគេ​គ្មានល​ទ្ធ​ភា​ព​ប្រកួ​ត​ប្រជែង ដោយសារការដឹកជញ្ជូននៅកម្ពុជាមានតម្លៃថ្លៃជាងប្រទេសជិតខាង រួមទាំងតម្លៃទឹក​ភ្លើងផងដែរ។

មួយវិញទៀត លោក មឿន តុលា ថា អំពើពុករលួយនៅកម្ពុជា ក៏មានកម្រិតខ្ពស់ជាងប្រទេសជិតខាងដែរ ដោយថា របា​យ​កា​រណ៍​របស់អង្គការពលកម្មអន្តរជាតិ ILOរកឃើញថា នៅឆ្នាំ២០១២ និយោជក បានចំ​ណាយក្រៅផ្លូវ​ការប្រ​មាណ​ជា ១​០%​​លើ​​ម​​​ធ្យោបាយដឹកជញ្ជូន។

បើសិនជាយើងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធហ្នឹង យើងត្រូវបង់ពន្ធស្មើ​មុខស្មើមាត់។ វាត្រូវតែមានផលប៉ះ​ពាល់ធ្ងន់​ដល់វិ​ស័យកា​​ត់ដេរហ្នឹង។ មិន​ដឹងថា រោងចក្រប៉ុន្មានរត់ចេញពីស្រុកខ្មែរ ហើយរោងចក្រប៉ុន្មានអាច​នៅ។ អញ្ចឹងនិយា​យឲ្យខ្លីទៅ វាអាច​ប៉ះពា​​ល់ដល់​មនុ​ស្សជាង ១លាននាក់ដែលធ្វើការក្នុងវិស័យហ្នឹង

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា បើកម្ពុជាបាត់បង់​ប្រព័ន្ធអនុគ្រោះ​ពន្ធ​​ពី​ស​ហភាពអឺរ៉ុបមែននោះ លោកវិភាគថា វិស័យកាត់ដេរអាចជួបហានិភ័យមុនគេ ដោយសារ​តែ ថៅ​រោងចក្រអា​​ច​ប្រ​​ឈមទៅ​នឹងបញ្ហាបង់ពន្ធលើផលិតផលនាំចេញផង អាចប្រឈមនឹងការតវ៉ារប​ស់កម្មករ បើប្រាក់ឈ្នួ​លរបស់​​ពួកគេ​នៅមា​នកម្រិតទាបនោះ។

លោកថា៖ «សម្ពាធទាំងពីរហ្នឹង។ សម្ពាធទាំងមិនសូវចំណេញ សម្ពាធនៅក្នុងស្រុកពេលដែលមានបាតុកម្មតវ៉ាអីទៀត។ អាហ្នឹងធ្វើឲ្យ​ក្រុមហ៊ុនដកខ្លួន រត់ម្តងមួយៗអញ្ចឹងទៅ។ ចុងក្រោយ វាប៉ះពាល់អ្នកណា? វាប៉ះពាល់ដល់អ្នកវិនិយោគចិន»។

យ៉ាងនេះក្តី គិតត្រឹមថ្ងៃចន្ទនេះ សហភាពអឺរ៉ុបនៅមិនទាន់ចេញសេចក្តីសម្រេចណាមួយ ផ្តាច់ប្រព័ន្ធអនុគ្រោះ​ពន្ធគ្រប់យ៉ាងលើ​ក​លែងតែ​អាវុធនេះនៅឡើយទេ បើទោះប្លុកលោកសេរីមួយនេះ ធ្លាប់ព្រមានញឹកញាប់ក៏ដោយ។

ទោះជាយ៉ាងណា អ្នកវិភាគបង្ហាញការយល់ឃើញ​របស់ពួកគេថា បើសភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ​ពីកម្ពុជាដោ​យ​សា​តែរ​ប​ត់នយោបាយមិនទទួលយកលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ វិស័យកាត់ដេ​រអាចនឹងរ​ងគ្រោះ​មុ​នគេ ដោយសារតែថៅកែរោងចក្រអាចនឹងបាត់បង់សមត្ថភាពប្រកួតប្រជែង វិវាទការងារអាចនឹងផ្ទុះឡើងជាបន្តបន្ទាប់ បើ​ថៅ​កែ​​រ​​ត់ចោ​លមិនបានទូទាត់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងប៉ះពាល់ដល់កម្មកររាប់មឺននាក់ដែលកំពុងបំពេញការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ