មន្ត្រី​​​ថា​ បទ​​ល្មើស​​គ្រឿង​​ញៀន​​ថយ​ ខណៈ​​ដែល​​ឃាត់​​ខ្លួន​​មនុស្ស​​​ជិត​​៨​​ពាន់​​នាក់​​នៅ​​ឆមាស​​ទី​​១​

ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើក១៩ ថ្ងៃទី ២៦ មិថុនា ២០១៨

មន្ត្រី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា មនុស្ស​ជិត ​៨​ពាន់​​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ ​ថា បទល្មើសគ្រឿង​ញៀន​បាន​ថយ​ចុះ នៅ​ក្នុង​ឆមាស​ទី​១​ដើម​ឆ្នាំ​នេះ។

អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វិរិទ្ធ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា បទ​ល្មើស​គ្រឿង​ញៀន ៣៩៨៩​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃទី​០១ ខែ​មករា រហូត​ដល់​ចុង​ខែ​មិថុនា​កន្លង​មក​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៧៩១៧​នាក់ ដោយ​ជាង ៥៨​ភាគរយ ត្រូវបាន​ចាប់​ខ្លួន​ក្រោម​ការ​សង្ស័យ​ថា បានជួញដូរគ្រឿង​ញៀន ខណៈ​ដែល​សមត្ថកិច្ច​រឹប​អូស​បាន​គ្រឿង​ញៀន​សរុប​ដល់​ទៅ ២៤៤​គីឡូក្រាម និង​កញ្ឆា​ក្រៀម ២៥គីឡូក្រាម។

មន្ត្រី​នគរបាល​រូប​នេះ បាន​អះអាង​ថា ទំហំ​បទល្មើស​គ្រឿង​ញៀន​ បាន​ថយ​ចុះ​ពី​ ៤៣៣១​ករណីនៅ​ឆមាស​ទី​១​ឆ្នាំ​មុន មក​នៅ​ត្រឹម ៣៩៨៩​ករណី​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨នេះ ឬ​ថយ​ចុះ​ប្រហែល ១៤ភាគរយ ខណៈ​ដែល​ចំនួន​ជន​ល្មើស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ក៏​បាន​ថយ​ប្រហែល ២៥​ភាគរយ ឬ​ថយ​ចុះពី​ចំនួន ៩៦៩៤នាក់​នៅ​ឆមាស​ទី​១​ឆ្នាំ​មុន មក​នៅ​ត្រឹម​ចំនួន ៧៩១៧​នាក់។

ទោះជាយ៉ាងណា បរិមាណគ្រឿងញៀនដែល​ត្រូវ​រឹប​អូស​បាននោះ បាន​កើនឡើង បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​បាន​គ្រឿង​ញៀន​ដល់​ទៅ ១២០​គីឡូក្រាម ដែល​ត្រូវ​បាន​រក​ឃើញនាំចូល​ពី​ប្រទេស​ឡាវ​តាម​ព្រំដែន​ច្រក​ត្រពាំងក្រៀល កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​កន្លង​មក​នេះ។

លោក មាស វិរិទ្ធ ក៏បានប្រាប់វីអូឌីបន្ថែមថា អ្នកជាប់ពន្ធនាគារពាក់ព័ន្ធបទល្មើសគ្រឿងញៀន បាន​កើនដល់ទៅដល់ជាង​ ៥៧% គិតមកដល់បច្ចុប្បន្ននេះ ខណៈ​ដែល​លោក​ថា អាជ្ញាធរ​បាន​ក៏បានពង្រីកពន្ធនាគារបន្ថែម ដើម្បីទុកជម្លៀសអ្នកជាប់ពន្ធនាគារ​ពីកន្លែងណាដែល​ចង្អៀតទៅកន្លែង​ទូលាយ ហើយចំពោះពួកប្រព្រឹត្តបទល្មើសគ្រឿងញៀន គឺនៅតែបន្តទោសនៅពន្ធនាគាររហូតដល់ចប់។

បទល្មើស​គ្រឿង​ញៀន ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​រៀង​រាល់​ថ្ងៃ​កាល​ពី​ឆ្នាំ​មុន ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ដល់​ទៅ​ជាង ១​ម៉ឺន ៧​ពាន់​នាក់ នៅ​ក្នុង​យុទ្ធនាការ​​បង្ក្រាប​គ្រឿង​ញៀន​នៅ​ឆ្នាំ​ដំបូង​របស់​រដ្ឋាភិបាល។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៦​ថា ជា​ចំណុច​ខ្សោយ​មួយរបស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ