អ្នក​ឃ្លាំ​មើល​គ្មាន​​ជំនឿ​​លើ​​អ្នក​​សង្កេតការណ៍​​ចិន​ ខណៈ​​ចិន​​មិន​​ធ្លាប់​​រៀប​ចំ​​ការ​​បោះ​ឆ្នោត​សកល​

លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកស៊ើបអង្កេតនៃអង្គការខុមហ្រ្វែល

ក្រុមអ្នកឃ្លាំមើល បានបង្ហាញជំនឿតិចតួចប៉ុណ្ណោះ​ថា ក្រុម​អ្នក​សង្កេត​ការណ៍​ចិន​ដែល​នឹង​ត្រូវ​បញ្ជូន​មក​តាម​ដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ នឹង​អាច​ជួយ​ជំរុញ​យន្តការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ខណៈ​ដែល​ក្រុម​អ្នក​សង្កេតការណ៍​ទាំង​នោះ មាន​ប្រភព​មក​ពី​ប្រទេស​ដែល​មិន​ធ្លាប់​រៀបចំ​ការ​បោះ​ឆ្នោត​សកល​ម្ដង​ណា​នោះ​ឡើយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ ហៅ​កាត់​ថា គ.ជ.ប. បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​កន្លង​មក​ថា ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ ២៣​នាក់ បាន​ចុះ​ឈ្មោះ​តាម​ដាន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នេះ ក្នុង​នោះ​អ្នក​សង្កេតការណ៍ ១១​នាក់ មក​ពី​ប្រទេស​ចិន​ផង​ដែរ។

គម្រោង​ចូល​រួម​តាម​ដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ពី​សំណាក់​ក្រុម​អ្នក​សង្កេតការណ៍​ចិន​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ពួកគេ​នឹង​វាយ​តម្លៃ​ពី​ការ​បោះ​ឆ្នោតនៅ​កម្ពុជា​នៅ​ចុង​ខែ​កក្កដា​នេះ​យ៉ាង​ដូចម្ដេច ខណៈ​ដែល​ជា​ចិន​ជា​ប្រទេស​​ប្រកាន់​របប​សង្គម​និយម​​គ្រប់​គ្រង​ដោយ​បក្ស​តែ​មួយ និង​មិន​ធ្លាប់​រៀបចំ​ការ​បោះ​ឆ្នោត​សកល​នោះ។

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា​ នេះជាការល្អដែលមានបរទេសច្រើនចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជា ប៉ុន្ដែ លោកថា ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទាល់តែអ្នកសង្កេតការណ៍ទាំងនោះ ធ្លាប់ឆ្លងកាត់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងធ្វើការវាយតម្លៃដោយផ្អែកលើតថភាពជាក់ស្ដែង។

លោកបន្ដថា៖ «ដំណើរការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ ទាល់តែប្រទេសធ្លាប់ឆ្លងកាត់ការបោះឆ្នោត បានដឹងរឿងអស់ហ្នឹង។ ប្រទេសមួយចំនួនដែលអត់មានបទពិសោធន៍ ខ្ញុំមិនដឹងថា ការវាយតម្លៃរបស់លោកអាចឲ្យការជឿជាក់ត្រឹមកម្រិតណា​នោះ​ទេ»។

មិន​ខុស​ពី​លោក កន សាវាង្ស ដែរ នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី ក៏​បាន​ចោទ​សួរ​អំពី​ការ​ចូល​រួម​របស់​អ្នក​សង្កេតការណ៍​ចិន​ ដែល​នឹង​ត្រូវ​បាន​បញ្ជូន​ឲ្យ​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នោះ​ដែរ ខណៈ​ដែល​លោក​កត់​សម្គាល់​ឃើញ​ថា នេះជាលើកទីមួយ ដែលប្រទេសកុម្មុយនីស្ដចិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជា។

លោកថា អ្នកសង្កេតការណ៍អន្ដរជាតិដែលមានការទទួលស្គាល់ ត្រូវវាយតម្លៃការបោះឆ្នោតចាប់តាំងពីដំណាក់កាលដំបូង​​ រហូតដល់ការបោះឆ្នោតត្រូវបានបញ្ចប់ ដោយផ្អែកលើតថភាពជាក់ស្ដែង អនុលោមតាមស្ដង់ដារនៃច្បាប់អន្ដរជាតិ និងបង្ហាញរបាយការណ៍ដែលខ្លួនរកឃើញ​ដាក់ជូនរដ្ឋាភិបាល។

តើការវាយតម្លៃរបស់អ្នកសង្កេតការណ៍អន្ដរជាតិ ទាមទារឲ្យគាត់សិក្សាច្បាប់ស្រុកខ្មែរ ច្បាប់អន្ដរជាតិ​បាន​ទេ? ព្រោះចៀសវាងការវាយតម្លៃទៅ វាស្រពិចស្រពិល ព្រោះចិន ប្រទេសគាត់ហ្នឹង​អត់ដែលបោះឆ្នោតប្រជាធិបតេយ្យ​ទេ ទាមទារឲ្យអ្នកសង្កេតការណ៍សិក្សាឲ្យបានហ្មត់​ចត់ ហើយធ្វើការវាយតម្លៃឲ្យសុក្រឹត្យ […] យើងរង់ចាំរបាយការណ៍គាត់មើល!

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី

VOD បានព្យាយាមទាក់ទងស្ថានទូតចិនប្រចាំកម្ពុជា​តាម​រយៈ​សារ​អេឡិចត្រូនិច ប៉ុន្ដែ ពុំមានការឆ្លើយតបនោះឡើយ រហូត​ដល់​រសៀល​ថ្ងៃ​ពុធ​នេះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទាត់ចោលក្ដីកង្វល់របស់អ្នកឃ្លាំមើលការបោះឆ្នោត ដោយថា ពួកគេប្រកាន់និន្នាការនយោបាយទៅប្រទេសសេរី និងថា ការជឿទុកចិត្តបាននៃការបោះឆ្នោត គឺអាស្រ័យលើការវាយតម្លៃរបស់ពលរដ្ឋបោះឆ្នោតតែប៉ុណ្ណោះ។

លោកបន្ដថា៖ «អ្នកវិភាគមួយចំនួន ខួរក្បាលសុទ្ធតែខាងលោកសេរី ទោះបីយ៉ាងណាក៏ដោយ គាត់មិនវាយតម្លៃខាងលោកកុម្មុយនីស្ដល្អទេ ដោយគាត់កាន់ជើងមេក្លោងរបស់គាត់។ អាហ្នឹង គឺនិន្នាការនយោបាយ»។

ជាមួយ​គ្នា​នេះ​ដែរ អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា បាន​ចាត់​ទុក​ការ​ចោទ​សួរ​ទៅ​លើ​វត្តមាន​នៃ​ការ​ចូល​រួម​របស់​អ្នក​សង្កេតការណ៍​ចិន​ថា មាន​លក្ខណៈ​រើស​អើង ខណៈ​ដែល​លោក​ថា ក្រុម​អ្នក​សង្កេតការណ៍​ចិន​ក៏​ជា​សាក្សី​រស់​ផង​ដែរ។

យើងចេះតែប្រើពាក្យមានលក្ខណៈរើសអើង ទោះបីជាគេកុម្មុយនីស្ដ ឬមិនកុម្មុយនីស្ដ យើងទេជាអ្នកវាយតម្លៃគេ ប៉ុន្ដែ គេក៏ជាមនុស្សរស់ម្នាក់។ បើយើងជាអ្នកប្រជាធិបតេយ្យ យើងត្រូវហ៊ានសម្លឹងមើលគេថា គេក៏ជាសាក្សីរស់ ហើយតាមច្បាប់បោះឆ្នោត ក៏មិននិយាយថា​ ទាល់តែមកពីប្រទេសនេះ ប្រទេសនោះទេ

អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប. កាល​ពី​ខែ​មិថុនា​កន្លង​នេះ បង្ហាញ​ថា ក្រៅ​ពី​ប្រទេស​ភូមា​ សិង្ហបុរី និង​ចិន គ្មាន​ទេ​ប្រទេស​​ជា​សមាជិក​សហគមន៍​អឺរ៉ុប បាន​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​របស់​ពួកគេ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ចុង​ខែ​កក្កដា​នេះ​ឡើយ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ផ្ដាច់​ជំនួយ​ដល់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ គ.ជ.ប. ហង្ស ពុទ្ធា រំពឹង​ទុក​ថា អ្នក​សង្កេតការណ៍​អន្តរជាតិ​ប្រហែល ២០០​នាក់ នឹង​បញ្ជូន​អ្នក​សង្កេតការណ៍របស់​ពួកគេ មក​ឃ្លាំង​មើល​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ