រដ្ឋាភិបាលកម្ពុជា បានប្រកាសចាត់វិធានការផ្លូវច្បាប់ទៅលើគេហទំព័រ ឬទំព័រហ្វេសបុកណាដែលបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលរដ្ឋាភិបាលថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ខណៈអ្នកដែលចែករំលែកព័ត៌មានទាំងនោះក៏ប្រឈមមុខផ្លូវច្បាប់ផងដែរ។
ក្នុងពិធីផ្សព្វផ្សាយសេចក្ដីប្រកាសអន្តរក្រសួងនៅព្រឹកថ្ងៃទី ៤ កក្កដានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានថ្លែងថា ចាប់ពីថ្ងៃស្អែកទៅ ក្រសួងទាំងបីនឹងផ្តើមអនុវត្តន៍នូវសេចក្តីប្រកាសអន្តរក្រសួងដើម្បីទប់ស្កាត់ព័ត៌មានមិនពិត ខណៈលោកបញ្ជាក់ថា អ្នកដែលចែករំលែកព័ត៌មានទាំងនោះ ក៏នឹងប្រឈមមុខនឹងច្បាប់ទាំងអស់។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ
ការប្រកាសចាប់ខ្លួនអ្នកដែលចែកចាយព័ត៌មានមិនពិតនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០២កក្កដាកន្លងមកនេះ បានបញ្ជាទៅកាន់ស្ថាប័នជំនាញ ឲ្យរៀបចំដំឡើងម៉ាស៊ីនសម្រាប់តាមដានអ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់រូបលោក។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ស្របចំពោះការចាត់វិធានការនេះ តែលោកបារម្ភថា ការសម្រេចនេះនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលពុំសូវមានចំណេះដឹងជាច្រើន។
លោកថា៖ «ការបង្កើតច្បាប់នេះ អ្នកដែលទទួលរងគ្រោះ គឺអ្នកដែលមិនបានយល់ដឹងខ្ពស់ ឬក៏គ្នាដែលមិនបានទទួលព័ត៌មានអី។ អញ្ចឹង នៅពេលដែលឃើញព័ត៌មានមក មិនបានវិនិច្ឆ័យរកការពិតនោះ គាត់ចែកបន្តទៅ។ អញ្ចឹង ការបង្កើតច្បាប់នេះ គឺអ្នកដែលទន់ខ្សោយទេដែលទទួលរងគ្រោះ តែសម្រាប់អ្នកដែលមានការយល់ដឹង គេមានការវិនិច្ឆ័យខ្ពស់ណាស់ទម្រាំគេចែកចាយព័ត៌មានណាមួយនោះណា»។
សេចក្ដីប្រកាសកាលពីថ្ងៃទី២៨ ខែឧសភា ដែលធ្វើឡើងដោយក្រសួងព័ត៌មាន ក្រសួងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងអង្គភាពជំនាញរៀងៗខ្លួន ក្នុងការសហការតាមដាន សិក្សាស្រាវជ្រាវ ស្វែងរកការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយល្មើសច្បាប់តាមគេហទំព័រ និងបណ្តាញសង្គម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
សេចក្ដីប្រកាសរួមនោះ បានកំណត់ថា ការផ្សព្វផ្សាយល្មើសច្បាប់ទាំងនោះ គឺជាការផ្សព្វផ្សាយ ឬចែករំលែក ខ្លឹមសារព័ត៌មានទាំងអស់ ដែលមានចេតនាបង្កចលាចលដល់វិស័យការពារសន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណី។
មន្ត្រីជាន់ខ្ពស់អង្គការលីការដូលោក អំ សំអាត យល់ថា វិធានការនេះគឺជាការរឹតត្បិត និងបង្កើនការបំភិតបំភ័យកាន់តែខ្លាំងទៅលើប្រជាពលរដ្ឋ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីរដ្ឋាភិបាលមានវិធានការជាបន្តបន្ទាប់ទៅលើមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយដែលមិនគាំទ្រខ្លួន។
លោកបន្ថែមថា ផលប៉ះពាល់នៃវិធានការថ្មីនេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពក្នុងការបញ្ចេញមតិ ដោយសារមនុស្សលែងហ៊ានបញ្ចេញយោបល់ ឬមតិរបស់ខ្លួននៅលើបណ្តាញសង្គមតទៅទៀត។
មន្ត្រីជាន់ខ្ពស់អង្គការលីការដូលោក អំ សំអាត
ស្ថិតិពីក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍កម្ពុជា បានឲ្យដឹងថា នៅចុងឆ្នាំ២០១៦ ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតនៅប្រទេសកម្ពុជាមានចំនួនជាង ៤លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង ១៦លាននាក់។ នៅដើមឆ្នាំ ២០១៨នេះ អ្នកប្រើប្រាស់ហ្វេសបុកនៅកម្ពុជាមានជាង ៦,៨ លាននាក់៕