សហភាព​អឺរ៉ុប​បញ្ជូន​ប្រតិភូ​ពិសេស​មក​កម្ពុជា​មុន​សម្រេច​សើ​រើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​

សហភាពអឺរ៉ុប បានបញ្ជូនគណៈប្រតិភូពិសេសរបស់ខ្លួនមកកម្ពុជា ដើម្បីស្វែងរកការពិតពាក់ព័ន្ធនឹងកាតព្វកិច្ចគោរពសិទ្ធិមនុស្ស មុននឹងសម្រេចសើរើ​ប្រព័ន្ធអនុគ្រោះពន្ធ។ ករណីនេះ អ្នកនាំពាក្យបក្សកាន់អំណាចស្វាគមន៍ដំណើរបេសកកម្មនេះ ប៉ុន្ដែ អះអាងថា រដ្ឋាភិបាលបានគោរពសិទ្ធិមនុស្ស និងអនុវត្តតាមច្បាប់។

លិខិតចុះថ្ងៃទី៤ ខែកក្កដាម្សិលមិញ ដែលដាក់ជូនទៅគណៈកម្មការសហភាពអឺរ៉ុប បានឲ្យដឹងថា សមាជិកសភាអឺរ៉ុប ១៨រូប មកពីប្រទេសចំនួន ១៨ នៃសហភាពអឺរ៉ុប បានប្រកាសគាំទ្រការសម្រេចបញ្ជូនគណៈប្រតិភូពិសេសមកកាន់ប្រទេសកម្ពុជា ដែលចាប់ផ្ដើមបេសកកម្មរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១១ ខែកក្កដា ក្នុងឆ្នាំនេះ។

ក្នុងលិខិតនោះ សមាជិកសភាសហភាពអឺរ៉ុប ប្រកាសគាំទ្រថា គួរតែមានវិធានការជាក់លាក់លើភាគីកម្ពុជា ប្រសិនបើស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្ស គ្មានការកែប្រែទេនោះ។ សមាជិកសភាសហភាពអឺរ៉ុបក៏ប្រកាសគាំទ្រផងដែរចំពោះការផ្ដាច់ជំនួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងអំពាវនាវទៅរដ្ឋជាសមាជិក កុំដាក់អ្នកសង្កេតការណ៍អន្ដរជាតិ ឃ្លាំមើលការបោះឆ្នោតចុង​ខែកក្កដា​នេះ។

VOD បានទាក់ទងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ប៉ុន្ដែ ទូរសព្ទចូលគ្មានអ្នកទទួល។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បាន​ស្វាគមន៍វត្តមានគណៈប្រតិភូពិសេសរបស់សហភាពអឺរ៉ុបនេះ ប៉ុន្ដែ លោកថា រដ្ឋាភិបាលកម្ពុជា បានអនុវត្តតាមច្បាប់ ពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យល្អប្រសើរហើយ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ចោទ​បុគ្គលមួយចំនួនថា កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបំពានអធិបតេយ្យភាពកម្ពុជា តាមរយៈការអំពាវនាវកុំឲ្យដាក់អ្នកសង្កេតការណ៍ និងវាយតម្លៃពីដំណើរការបោះឆ្នោតជាមុន​ថា គ្មានភាពសេរី និងយុត្តិធម៌ជាដើម។

រដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនដឹកនាំ តែងតែបើកចំហរ ស្វាគមន៍ ដើម្បីស្វែងរកការពិត […] យើងកំពុងតែអត់យល់ថា តើ​បុគ្គលដែលរស់នៅលោកខាងលិចមួយចំនួន អ្នកនយោបាយទាំងអស់នោះ តែងតែនិយាយមិនដាច់ពីមាត់ថា ចង់បានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្ដែ នៅពេលមានការបើកចំហររបស់កម្ពុជា គាត់តែងតែនិយាយថា កុំមកចូលរួមសង្កេតការណ៍។ យើងកំពុងឆ្ងល់ថា តើពួកគេចង់បានការពិតនៅកម្ពុជា គឺអ្វី?

អ្នកនាំពាក្យគណបក្សប្រជាជន លោក សួស យ៉ារ៉ា

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា ការបញ្ជូនគណៈប្រតិភូពិសេសរបស់អឺរ៉ុបមកកម្ពុជានេះ នឹងជួយឲ្យពួកគេមានពេលវេលាកាន់តែច្រើន ដើម្បីស៊ើបអង្កេតបញ្ហារំលោភសិទ្ធិមនុស្សផ្សេងទៀត មុននឹងឈានដល់ការសម្រេចដាក់ទណ្ឌកម្មណាមួយ។

លោកវិភាគថា បើអឺរ៉ុបដាក់ទណ្ឌកម្មមែន វានឹងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនវិនិយោគរបស់ចិន និងប្រជាពលរដ្ឋខ្មែររាប់លាននាក់។

អាហ្នឹងវាក៏អាចជាជម្រើសមួយសម្រាប់សហភាពអឺរ៉ុបក្នុងការសម្រេចថា ដាក់ទណ្ឌកម្ម ឬមិនដាក់ទណ្ឌ […]អំពីភាពអត់ឃ្លាន ការតវ៉ាពីសំណាក់កម្មករជាច្រើនដែលគាត់អត់ការងារធ្វើ គាត់នឹងធ្វើទុកបុកម្នេញ […] រដ្ឋាភិបាលនឹងឈឺក្បាលមែនទែន ប្រសិនបើគ្មានការដោះស្រាយអំពីបញ្ហាសិទ្ធិមនុស្សដែលកំពុងប្រឈមបច្ចុប្បន្ន

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ

បេសកកម្មស្វែងរកការពិតជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះ កើត​ឡើង​បន្ទាប់ពីមានសេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុបស្ដីពីដំណោះស្រាយនយោបាយនៅកម្ពុជា កាលពីខែធ្នូឆ្នាំមុន និងតាមសំណើរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីខែកុម្ភៈឆ្នាំ២០១៨។

រដ្ឋាភិបាលកម្ពុជាបានទទួលរងការដាស់តឿនជាច្រើនដង ឲ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន និងការព្រមានពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ដូចជា ការរំលាយអតីតបក្សប្រឆាំង ការបន្ដឃុំខ្លួនលោក កឹម សុខា និងការគំរាមកំហែងកាន់តែខ្លាំងលើអង្គការសង្គមស៊ីវិល និងបណ្ដាសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោត។

ការបញ្ជូនគណៈប្រតិភូពិសេសរបស់សហភាពអឺរ៉ុបមកកាន់កម្ពុជានេះ ក៏ត្រូវបានគេមើលឃើញថា កើតឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា បានបញ្ជូន​បេសកកម្មពិសេស​មួយទៅសហភាព​អឺរ៉ុប ​ដើម្បីបញ្ចុះបញ្ចូល និង​ទប់ស្កាត់វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធនេះ។

តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» នៅឆ្នាំ២០១៧ កម្ពុជា​បាន​នាំចេញផលិតផលវាយនភណ្ឌ និងកសិកម្មទៅទីផ្សារអន្ដរជាតិដ៏ធំមួយនេះ ដែលមានទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារអាមេរិក»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ