អ្នកភូមិខេត្តក្រចេះដែលរងគ្រោះពីករណីពុលទឹកព្រែកទេរ មិនទាន់ប្រើប្រាស់ទឹកព្រែកនេះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចកាលពីមុននៅឡើយទេរហូតមកដល់ពេលនេះ ខណៈដែលរដ្ឋាភិបាលឲ្យពួកគាត់ងាកមកប្រើប្រាស់ទឹកអណ្តូងស្នប់ជំនួសវិញ។
អ្នកភូមិមកពីឃុំកន្ទួតម្នាក់ដែលធ្លាប់ប្រើប្រាស់ទឹកព្រែកទេរ ហើយក៏ជាស្វាមីជនរងគ្រោះដែលពុលទឹកព្រែកនេះ លោក យ៉ោត បានឲ្យវីអូឌីដឹងថា មកទល់បច្ចុប្បន្នលោកមិនប្រើប្រាស់ទឹកអូរព្រែកទេរទៀតទេ ហើយគាត់ងាកមកប្រើទឹកអណ្តូងវិញ ព្រោះខ្លាចមានការពុលដូចលើកមុនទៀត។
អ្នកភូមិរូបនេះបានបន្តថា៖ «ខ្ញុំប្រើនូវទឹកអណ្តូង ប៉ុន្តែទឹកអណ្តូងជីកធម្មតា។ គោក្របីផឹកទឹកត្រពាំងទឹកអីយើងធម្មតា ខ្ញុំនៅស្រុកស្រែអញ្ចឹង ព្រោះពីមុនមកធ្លាប់មានប្រវត្តិពុលទឹកនឹងដែរ ព្រោះគេច្រើនតែខ្លាចពុលទៀត ខ្លាចមានជាតិពុលទៀត។»
មេភូមិស្រែនន លោក ផាត់ ឈុំ បានប្រាប់វីអូឌីថា ប្រជាជននៅភូមិលោកលែងមានការពុលបណ្តាលមកពីទឹកអូរព្រែកទេរទៀតហើយ ប៉ុន្តែទោះជាយ៉ាងណាក្រុមអ្នកភូមិក៏មិនយកទឹកពីព្រែកនេះមកប្រើប្រាស់ទៀតដែរ ដោយពួកគាត់ប្រើប្រាស់ទឹកអណ្តូងវិញ។ លោកថាក្រៅពីនេះ អាជ្ញាធរក៏ផ្តល់ធុងចម្រោះដល់ប្រជាជនក្នុង១គ្រួសារទទួលបាន១ផងដែរ។
អភិបាលរង និងជាអ្នកនាំពាក្យខេត្តក្រចេះ លោក ប៉ែន លីណាត ក៏បានបន្ថែមឲ្យដឹងថា ចំពោះទឹកអូរព្រែកទេរគឺគេបានបើកឲ្យប្រើប្រាស់វិញបាន ប៉ុន្តែខាងអាជ្ញាធរខេត្តក្រចេះ បានជំរុញឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកអណ្តូងវិញចំពោះការដាំស្ល និងទទួលទាន។
លោក ប៉ែន លីណាត បានឲ្យដឹងថា៖ «យើងបានរៀបចំតាមគោលដៅដែលភូមិប្រជាពលរដ្ឋតាមដងព្រែកទេរអស់ហើយ ចឹឹងយើងបានផ្សព្វផ្សាយអប់រំគាត់ឲ្យវិលមកប្រើប្រាស់ទឹកស្អាតនឹងវិញ ទោះបីទឹកព្រែកទេរនឹងវាល្អយ៉ាងណាក៏ដោយ ប៉ុន្តែវាល្អក់ចង់និយាយថាប្រភពនឹងវាល្អក់ យើងអត់អាចប្រើប្រាស់ វិលឲ្យគាត់ផ្លាស់ប្តូរឥរិយាបថមកប្រើប្រាស់ទឹកស្អាត គាត់ប្រើស្រោចដំណាំ ស្រោចអីបាន បាញ់ដំណាំ ប្រើទៅ ប៉ុន្តែយើងអប់រំឲ្យគាត់ ការដាំស្ល ការផឹក ការអីនឹង ឲ្យប្រើប្រាស់ទឹកអណ្តូងដែលយើងបានដាក់ជូនគាត់តាមគោលដៅអស់ហើយ»។
គួរឲ្យបញ្ជាក់ម្តងទៀតដែរថា សម្រាប់ទឹកព្រែកទេរនេះផងដែរ គឺមិនអាចយកមកផឹក ឬចំអិនម្ហូបបានឡើយ លើកលែងតែមានឧបករណ៍ចម្រោះឲ្យបានត្រឹមត្រូវទើបប្រជាជនអាចប្រើប្រាស់បាន។
កាលពីថ្ងៃទី០៣ ខែឧសភា ពលរដ្ឋ ២៣៤នាក់មកពីភូមិស្រែនន និង ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរីនៅខេត្តក្រចេះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលក្នុងនោះអ្នកភូមិ១៣នាក់ បានស្លាប់ និងមួយចំនួនទៀតធ្លាក់ខ្លួនឈឺ ដោយសារតែពូួកគាត់ប្រើប្រាស់ទឹកព្រែកទេរ។