ក្រុមអ្នកជួយសង្គ្រោះថៃនៅតែបន្តរកភ្ញៀវទេសចរដែលទូករបស់ពួកគេបានលិចកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បើទោះជាក្តីសង្ឃឹមមានតិចតួចក៏ដោយ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសរ៉យទ័រ អាជ្ញាធរថៃនៅថ្ងៃសៅរ៍នេះបានបន្តស្វះស្វែងរកជាថ្មីម្ដងទៀតនូវជនរងគ្រោះ២៣នាក់ដែលសេសសល់។
គិតរហូតមកដល់ពេលនេះចំនួននាក់ស្លាប់បានកើនដល់៣៣នាក់ហើយ។ ចំណែកអ្នកដែលត្រូវបានជួយសង្គ្រោះហើយនៅរស់រានមានជីវិតមានចំនួន៤៩នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដដែល។
កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ ភ្ញៀវទេសចរចិនចំនួន៩៣នាក់រួមជាមួយក្រុមនាវឹកនិងមគ្គុទេស ទេសចរណ៍ ជាជនជាតិថៃ១២នាក់ផ្សេងទៀត បានជួបព្យុះបក់បោកដែលមានរលកកម្ពស់៥ម៉ែត្រ ជាហេតុបណ្ដាលឲ្យទូករបស់ពួកគេលិចនៅពេលនោះ។
ថៃជាប្រទេសគោលដៅមួយដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកពីប្រទេសនានានៅជុំវិញពិភពលោក។ ក្នុងចំណោម ភ្ញៀវទេសចរដែលទៅកម្សាន្តនៅប្រទេសថៃភាគច្រើនជាជនជាតិចិន ហើយតំបន់ដែលក្រុមទេសចរចិនទាំងនោះចូលចិត្តទៅគឺតំបន់ឆ្នេរសមុទ្រ។