គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​យ៉ាង​តិច​៣៥​នាក់ របួស​១២៧​នាក់​មួយ​សប្ដាហ៍​ដើម​ខែ​នេះ

រូបភាពពី អគ្គស្នងការនគរបាលជាតិ

យ៉ាង​ហោច​ណាស់​មនុស្ស ៣៥​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ ១២៧​នាក់​ទៀត បាន​រង​របួស​​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ត្រឹម​តែ​មួយ​សប្ដាហ៍​ដើម​ខែ​កក្កដា​នេះ ក្នុង​នោះ​​​មនុស្ស ៣​នាក់ បាន​ស្លាប់​នៅ​ថ្ងៃដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

របាយការណ៍​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ ៥៥​លើក បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣៥​នាក់ ហើយ​មនុស្ស ១២៧​នាក់​បាន​រង​របួស ក្នុង​នោះ​រង​របួស​ធ្ងន់ ៦៥​នាក់។

របាយការណ៍​ដដែល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មនុស្ស ៣​នាក់​បាន​ស្លាប់ និង ១១​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី ៦។

បើ​តាម​របាយការណ៍​នគរបាល​ចរាចរណ៍ អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​កើន​ឡើង ៦​ភាគរយ ពោល​គឺ​បាន​កើន​ឡើង​ពី​ចំនួន ៥២​លើក​កាលពី​សប្ដាហ៍​ទី​១​ខែ​មិថុនា មក​ដល់​ចំនួន ៥៥​លើក​នៅ​ក្នុង​សប្ដាហ៍​ទី​១​ខែ​កក្កដា​នេះ។

រីឯ​តួលេខ​អ្នក​ស្លាប់​វិញ បាន​កើន​ឡើង​ដល់​ទៅ ៣០​ភាគរយ ខណៈ​ដែល​ចំនួន​អ្នក​រង​របួស​បាន​កើន​ឡើង​ខ្ពស់​រហូត​ដល់ ១១២​ភាគរយ​ឯណោះ បើធៀប​ទៅ​នឹង​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​សប្ដាហ៍​ទី​១​ដើម​ខែ​មិថុនា​កន្លង​មកនេះ។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ លោក រុន រ័ត្នវាសនា បាន​ប្រាប់​​កាល​ពី​ថ្ងៃ​ទី​០៤​កក្កដា​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​កើត​ឡើង​ចំនួន ១៩៦៣​​លើក​នៅ​ទូទាំង​ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៩៣០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ២៣៩៩​នាក់​រង​របួស នៅ​ក្នុង​ឆមាស​ទី​១​ដើម​ឆ្នាំ​២០១៨​នេះ។

ប៉ុន្តែ មន្ត្រី​នគរបាល​ចរាចរណ៍​រូប​នេះ បាន​ឲ្យ​ដឹង​ថា តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ បាន​ថយ​ចុះ ១៤​ភាគរយ បើធៀបទៅ​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​បាន​ថយ​ចុះ​ពី​​ចំនួន ១៩០៧​លើក​កាល​ពី​ឆមាស​ទី​១​ឆ្នាំ​២០១៧ មក​នៅ​ត្រឹម​តែ ១៦៣៣​លើក​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ។

ទោះជាយ៉ាងណា លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ​តែ​ម្នាក់​គត់ ខណៈ​ដែល​ចំនួន​មនុស្ស​រង​របួស បាន​ថយ​ចុះ​យ៉ាង​ច្រើន​រហូត​ដល់ ៦០៧​នាក់ ឬ​បាន​ថយ​ចុះ​រហូត​ដល់​ទៅ​ជាង ២០​ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ