បក្សកាន់អំណាច​ប្រាប់ម​ន្ត្រីបក្សខ្លួន​ឲ្យជួយពលរដ្ឋទៅសុំ​អត្តសញ្ញាណប័ណ្ណពីម្ចាស់បំណុលឲ្យបានមុនបោះឆ្នោត​​

អត្តសញ្ញាណប័ណ្ណ

គណបក្សកាន់អំណាចប្រាប់ទៅមន្ត្រីក្រោមឱវាទជួយសម្រួលជូនប្រជាពលរដ្ឋឲ្យទៅ​យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនពីម្ចាស់បំណុល ឬមីក្រូហិរញ្ញវត្ថុមួយចំនួនមក​វិញដើម្បីយកទៅប្រើប្រាស់ពេលបោះឆ្នោតនាចុង​ខែកក្កដានេះ​។

លិខិត​របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ដែលបាន​​ចេញផ្សាយកាលពីម្សិលមិញ​ បានរៀបរាប់ថា​កន្លងមក​មានប្រជាពលរដ្ឋមួយចំនួន​បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន​ទៅដាក់បញ្ចាំសុំខ្ចីប្រាក់ពីម្ចាស់បំណុល​ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ក្នុងលិខិតដដែលនេះ អគ្គលេខាធិការគណបក្សប្រជាជន​កម្ពុជា លោក សាយ ឈុំ បានណែនាំឲ្យ​​​ប្រធានក្រុមការងារ និងប្រធានគណៈកម្មធិការគណ​បក្សរាជធានីខេត្ត ត្រូវ​ពន្យល់ណែនាំប្រជាពលរដ្ឋឲ្យទៅសុំ ឬខ្ចីអត្តសញ្ញាណប័ណ្ណពីម្ចាស់បំណុល​មកវិញ ដើម្បី​​យកទៅបញ្ជាក់«ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត »ឲ្យបាន​ត្រឹម​ថ្ងៃ២៧ខែ កក្កដា វេលាម៉ោង​៥.៣០នាទីល្ងាច​។

ទោះជាយ៉ាងណាក្នុងលិខិតនោះមិនបានបញ្ជាក់ពីចំនួនប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលយកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំនៅម្ចាស់បំណុល ឬមីក្រូហិរញ្ញវត្ថុនោះទេ។​

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានពន្យល់ថា បើប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយ​បាត់អត្តសញ្ញាណប័ណ្ណ ឬខូច ឬដាក់បញ្ចាំនៅម្ចាស់បំណុល ឬគ្រឹះស្ថានមីក្រូហិរញត្ថុ ក៏អាចទៅបោះឆ្នោតបានដែរ ប៉ុន្តែពួកគាត់ត្រូវ​ទៅសុំ«ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត»នៅឃុំសង្កាត់របស់ខ្លួន ដោយភ្ជាប់ជាមួយរូបថត ៣គុណ៤ ចំនួនពីរសន្លឹក និងសាក្សីដែលមានឈ្មោះបោះឆ្នោតចំនួនពីរនាក់។

សុំឲ្យប្រជាពលរដ្ឋព្យាយាមទៅជួបជាមួយគណកម្មាធិការឃុំសង្កាត់រៀប​ចំការបោះឆ្នោត​​ បើសិនជាលោកអត់មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាប់នៅក្នុងដៃទេ

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

អ្នកនាំពាក្យ​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អីុន មានប្រសាសន៍ថា សារក្នុងលិខិត​​របស់គណបក្សប្រជាជនកម្ពុជា​​មានទាំងផលវិជ្ជមាននិងអវិជ្ជមាន ។

ជួយប្រជាពលរដ្ឋឲ្យមានសិទ្ធិទៅបោះឆ្នោត ជារឿង​ល្អ។ ប៉ុន្តែវិធីប្រើប្រាស់ខ្ញុំគិតថា វាមិនសូវ​សមស្រប មិនសូវ​ត្រឹមត្រូវ​ ដោយសារយើងបានប្រើរចនាសម្ព័ន្ធ បង្កើតឥទ្ធិពលនៅក្នុងស្ថាប័នរដ្ឋ ដើម្បីធ្វើការ វាមិនត្រឹមត្រូវទេ។ ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ យើងនឹងលុបបំបាត់​រចនាសម្ព័ន្ធបក្ស ដើម្បីកុំឲ្យមាន​ឥទ្ធិពលមិនល្អទៅលើស្ថាប័នមន្ត្រីរាជការ​

អ្នកនាំពាក្យ​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អីុន

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា លិខិតរបស់គណបក្សកាន់អំណាច​ដែលប្រាប់ឲ្យមន្ត្រីក្រោមឱវាទជួយ​សម្រួល​ឲ្យប្រជាពលរដ្ឋទៅសុំ ឬខ្ចីអត្តសញ្ញាណប័ណ្ណពីម្ចាស់បំណុល​មកវិញ គ្រាន់តែធ្វើឡើងដើម្បីកេងចំណេញនយោ​បាយ​​តែប៉ុណ្ណោះ។

ផល​ប្រយោជន៍នយោបាយ បើគណបក្សគាត់ជួយខ្នះខ្នែង សម្រាប់ដកយកស្នើសុំយកមកវិញ​។ ប៉ុន្តែជម្រើសមួយទៀតតាមផ្លូវច្បាប់ គាត់អាច​ធ្វើខ្លួនឯងបាន​។ ណែនាំប្រាប់គាត់ទៅ! ហើយគាត់ទៅសាលាសង្កាត់ទៅគេរៀបចំធ្វើឲ្យហើយ​ ហើយសៀវភៅគ្រួសារ​ទៅ​

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី

សេចក្ដីជូនដំណឹង​​របស់​ធនាគារជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២២ ឧសភា បាន​ព្រមាន​ចាត់វិធានការដាក់ទណ្ឌកម្មពិន័យ និងឈានដល់ដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញាតចុះបញ្ជី បញ្ឈប់សកម្មភាពអាជីវកម្ម ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុណា ដែល​នៅតែ​បន្តសកម្មភាព​យក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ របស់​ប្រជាពលរដ្ឋ ដើម្បី​ជា​ថ្នូរ​នឹង​ការធានា​ដល់​ការផ្ដល់ប្រាក់​កម្ចី​របស់​ខ្លួន​នោះ​។

តាមប្រតិទិន គ.ជ.ប ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦នឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី​២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០​បក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ