ជនជាតិដើមភាគតិចក្នុងខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ អំពាវនាវទៅអាជ្ញាធរ ជួយកសាងហេដ្ឋារចនាស័ម្ពន្ធក្នុងសហគមន៍ ខណៈអ្នកភូមិ៥២គ្រូសារទៀតកំពុងបន្តរស់នៅលើទីទួលសុវត្តិភាពដោយមិនព្រមទទួលយកសំណងគោលនយោបាយរបស់រដ្ឋាភិបាល។
ជនដើមភាគតិចពូនងរស់នៅភូមិក្បាលរមាសអ្នកស្រី ស្រាំង ឡាញ់ ប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកភូមិមិនព្រមចាកចេញដោយសារពួកគាត់បានទៅស្នាក់អាស្រ័យ និងរស់នៅតំបន់នោះតាំងពីដូនគាត់ពួកគាត់មកម៉្លេះ។
ជនដើមភាគតិចពូនងរស់នៅភូមិក្បាលរមាសអ្នកស្រី ស្រាំង ឡាញ់
ជនជាតិដើមភាគតិចពូនងម្នាក់អ្នកទៀតអ្នកស្រី ចើ នាង និយាយថា ចាប់តាំងសាងសង់ទំនប់វារីអគ្គិសនីនោះមកសហគមន៍ត្រូវបានបាត់បង់ហេដ្ឋារចនាសម្ព័នទាំងអស់ ដូចជាសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។
អ្នកស្រីបន្តថា សព្ទថ្ងៃពួកគាត់៥២គ្រួសារដែលមិនព្រមចាកចេញកំពុងបន្តរស់នៅលើទីទួលសុវត្តិភាពជិតភូមិចាស់ ខណៈរងចាំអាជ្ញាធរជួយកសាងហេដ្ឋារចនាស័ម្ពន្ធឲ្យសហគមន៍វិញ។
ជនជាតិដើមភាគតិចពូនងម្នាក់អ្នកទៀតអ្នកស្រី ចើ នាង
អ្នកស្រីបន្តថា កូនៗអ្នកភូមិមិនបានរៀនសូត្រដិតដល់នោះទេ ដោយសារខ្វះគ្រូបង្រៀន និងពេលឈឺម្តងៗជួបការលំបាក់ខ្លាំងព្រោះគ្មានគ្រូពេទ្យ ដោយតម្រូវឲ្យដឹកទៅព្យាបាលនៅទីរួមខេត្តដែលនៅឆ្ងាយពីភូមិ។ ស្រ្តីរូបនេះបន្តទៀតថា កាលចុងឆ្នាំ២០១៨ អាជ្ញាធរខេត្តបានសន្យាជួយកសាងហេដ្ឋារចនាស័ម្ពន្ធជូនពួកវិញដែរ។
អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុម សារឿន ប្រាប់វីអូឌីថា រវល់ប្រជុំនៅថ្ងៃនេះ ដោយមិនអាចនិយាយជំវិញបញ្ហានោះបាន។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស រាល់ការអភិវឌ្ឍន៍ គឺត្រូវធ្វើការសិក្សារស្រាវជ្រាវពីផលប៉ះពាល់សង្គម និងបរិស្ថានជាមុនដើម្បីជៀសវៀងផលប៉ះពាល់ធ្ងន់ធ្ងរ។
លោកបន្តថា ជំវិញគម្រោងសាងសង់ទំនប់វ៉ារីអគ្គិសនីសេសានក្រោម២នេះ រដ្ឋាភិបាលហាក់មិនបានសិក្សារស៊ីជម្រៅនិងមិនបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋនោះទេ ដែលបណ្តាលឲ្យពលរដ្ឋមួយចំនួនមិនព្រមចាកចេញបែបនេះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា
គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៤ និងបានបើកតួប៊ីនទី១នៅឆ្នាំ២០១៧ដែលមានកម្លាំងជាង៥០មេហ្គាវ៉ាត់ម៉ោង ហើយតួប៊ីនទាំង៨ផ្សេងទៀតនឹងត្រូវបើកនៅចុងឆ្នាំ២០១៨ ដោយអាច ផលិតថាមពលបានសរុប៤០០មេហ្គាវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនីក្នុងប្រទេស៕