សារព័ត៌មានលោកសេរី និងសារព័ត៌មានចិនផ្សាយខុសគ្នាពីទិដ្ឋភាពមុនការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោត កន្លងទៅ

ស្របពេលដែល​ការបោះឆ្នោតជ្រើសរើស​តំណាង​រាស្រ្តអាណត្តិទី៦នេះកាន់តែខិតជិតមកដល់ សារព័ត៌មាន​ធំៗ​ជា​​ច្រើន​​មាន​​ទាំងរបស់ប្រទេសប្រជាធិបតេយ្យនិងសង្គមនិយម​ តាមដាន​និងចុះ​ផ្សាយ​​អំពីបញ្ហា​នេះ។

សារព័ត៌មាន​អនឡាញអាសុីថាមយ៍​ របស់ហុងកុងដែលចុះផ្សាយនៅដើមខែនេះ​​ បានហៅការបោះឆ្នោតខាងមុខថាជា «ការប្រណាំងសេះតែឯង» ​បើទោះបីជាមាន២០គណបក្សចូលរួមឈរឈ្មោះក៏ដោយ ព្រោះតែគូប្រជែងរបស់​គណបក្ស​កាន់​អំណាច គឺសុទ្ធតែជា​គណបក្ស​តូចតាចតែប៉ុណ្ណោះ។ សារពត៌មាននេះបានបន្តថា លោក ហ៊ុន សែន និង​គណ​បក្សប្រជាជន បានជម្រុះគណបក្សប្រឆាំងចេញពីការបោះឆ្នោតដែលធ្វើអោយពិបាកក្នុងការបង្ហាញពីភាព​ត្រឹម​ត្រូវយុត្តិធម៌នៃការបោះឆ្នោតខាងមុខ។

សារព័ត៌មានដដែលនេះបានអោយដឹងទៀតថា គណបក្ស១៩ផ្សេងទៀតដែលឈរឈ្មោះបោះឆ្នោតនោះ ​ប្រហែលគ្រាន់​តែ​ជា​កា​របង្កើតឡើងរបស់គណបក្សកាន់អំណាចក្នុងគោលបំណង​ធ្វើអោ​យ​មាន​​ការ​បោះឆ្នោតត្រឹមត្រូវ​យុត្តិធម៌​តែ​ប៉ុណ្ណោះ ហើយបើទោះជាយ៉ាងណាក៏មានអ្នកគាំទ្រតិច​ពេកដែលមិនដឹង​ថានឹង​ទទួល​​បាន​កៅអីប៉ុន្មាន​នោះទេ។​

ប្រភពខាងលើក៏បានចុះផ្សាយបន្តថា ខាងគណបក្សកាន់អំណាច​ និង​សកម្មជនគណប្រជាជនកម្ពុជា បានធ្វើ​ការ​យ៉ាង​មមារញឹក​ក្នុង​​យុទ្ធនា​​​ការឃោសនា​ការបោះឆ្នោត២០១៨ តែបើទោះបីជាសកម្មភាពឃោសនា​បោះឆ្នោតនេះ​ ប្រព្រឹត្តទៅ​យ៉ាង​រលូនក៏ដោយ​ក៏​គណបក្ស​កាន់អំណាចមួយនេះ​នៅតែមាន​ការព្រួយ​បារម្ភ​ចំពោះសន្លឹកឆ្នោត​ដែលខ្លួន​នឹង​ទទួល​​បាន​ ដោយសារតែ​កាល​ពី​ការ​បោះឆ្នោតអាណត្តិមុនសមាជិកគណបក្សប្រជាជនមាន​ចំនួនរហូតទៅដល់​ ៥,៣ លាន​នាក់ ​ខណៈ​ដែល​សន្លឹក​ឆ្នោត​ដែលទទួលបានគឺត្រឹមតែ ៣,៥ លានសន្លឹកតែប៉ុណ្ណោះ​។​

ទស្សនាវដ្ដី Forbes  របស់​អាមេរិចចុះផ្សាយកាលពីដើមខែនេះបានអោយដឹងថា​ រតនាគារអាមេរិកប្រកាសដាក់​ទណ្ឌ​កម្ម​​បង្កក​ទ្រព្យ​សម្បត្តិ​ កាលពីខែមុននេះ (America’s Global Magnitsky Act) ដើម្បីព្រមានលោក ហ៊ុន សែន ក្នុង​គោលបំណង​ទាមទារការ​បោះឆ្នោត​ប្រជាធិបតេយ្យ យុត្តិធម៌និងត្រឹមត្រូវសំរាប់ឆ្នាំ២០១៨នេះ។

​វេបសាយពត៌មានវិភាគមួយដែលមានឈ្មោះថា eurasia review របស់អាមេរិកបានសរសេរថា ប្រជាពល​រដ្ឋកម្ពុជា​នៅ​មានភាពស្រពិចស្រពិលក្នុ​ងការចូលរួមបោះឆ្នោត​អាណត្តិ​នេះ​​ដោយសារ​តែពួកគេ​ត្រូវ​ជ្រើស​រើសរវាង​ការអភិវឌ្ឍនសេដ្ឋកិច្ច​និងប្រជាធិបតេយ្យ។​ ហើយបញ្ហាសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​ ការអភិវឌ្ឃសេដ្ឋកិច្ច​នឹងជាប្រធាន​បទ​សំខាន់​សំរាប់យុទ្ធនាការបោះឆ្នោតអាណត្តិនេះ។

ចំណែក​សារពត៌មាន Financial Time ដែល​មានមូលដ្ឋាននៅទីក្រុងឡុង កាលពីថ្ងៃចន្ទសប្តាហ៍មុននេះបានផ្សាយពី​ការ​ចំណាយ​របស់​នាយក​រដ្ឋមន្រ្តី​​ ហ៊ុន សែន ​​ពេល​ចុះជួបជាមួយកម្មករ។ កម្មករ និង​ សហជីពម្នាក់ៗ​ទទួលបាន​ស្រោម​សំបុត្រ​​ដែលមាន​ទឹកប្រាក់ ២ម៉ឺនរៀល ឬ ៥ដុល្លារ ក្នុងនោះ និង​​១០០ដុល្លារបើសំរាប់អ្នកដែលមានផ្ទៃពោះ។ ​រដ្ឋាភិបាលបាន​ប្រកែក​ថាវា​មិនមែនជាលុយ​សំណូក​នោះ​ទេ ​ដោយសារតែជំនួបទាំងអស់ធ្វើឡើងមុនពេលការ​ធ្វើយុទ្ធ​នា​​ការ​បោះឆ្នោត​ជា​ផ្លូវ​ការរយៈ​ពេល​២១ថ្ងៃ។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានប្រាប់វីអូឌីថា ចំណាត់ការកន្លង​មករបស់​រដ្ឋាភិបាល​រួមមាន​ការរំលាយ​អតីតគណបក្សសង្គ្រោះជាតិជាដើមនោះគឺគ្រាន់តែធ្វើស្របទៅតាមច្បាប់កម្ពុជាតែប៉ុណ្ណោះ។

ការរំលាយ​អតីត​គណបក្សប្រឆាំង​មិនមែនដើម្បី​ចង់​ឈ្នះ​ឆ្នោតហើយរំលាយ​គេទេ អា​ហ្នឹង​​​ជាការចោទប្រកាន់ដោ​យ​រំលោភ​ទៅលើការពិត ​[…] បើសិនណាជាអតីតបក្សប្រឆាំងមិនមាន​ពិរុទ្ធ​ភាព​ធ្វើខុស​ច្បាប់​ធ្ងន់​ធ្ងរទេ អាហ្នឹងតុលាការកំពូលក៏អត់មានហេតុផល អី​ដើម្បី​រំលាយ​អតីតគណបក្សប្រឆាំងហ្នឹងដែរ ដោយសារតែ​យើងធ្វើ​ខុសច្បាប់

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្ត

ចំណែកឯរឿងចុះជួបកម្មករ លោក សុខ ឥសាន បញ្ជាក់ថា នាយករដ្ឋមន្ត្រីមានសិទ្ធក្នុងការចុះជួបពួកគាត់ទាំងនោះ។​

យើងធ្វើស្របទៅតាម គោលការណ៍​ច្បាប់​ដែល​មាន​ចែងបាទ ដូច្នេះការជួបកម្មករនេះមិន​​មែន​​ប្រធានគណបក្ស​ប្រជាជននោះទេគឺនាយករដ្ឋមន្រ្ដី ពីព្រោះកម្មករដែល​ជួបរាប់ម៉ឺននាក់​នេះគឺកម្មករ​ចំរុះនិន្នាការ​នយោបាយ អញ្ចឹងយើងមិន​អាច​ចោទប្រកាន់​គណបក្ស​ប្រជាជន​ថាធ្វើ​អ្វី​ខុសច្បាប់បានទេ

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្ត

ដោយឡែកទីភ្នាក​ងារសារព័ត៌មានរដ្ឋចិនស៊ិនហួរ មិន​បានផ្សាយ​ច្រើនទេទាក់ទង​នឹងអវត្តមាន​របស់អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​​ក៏ដូចជាយុទ្ធសាស្រ្តនានារបស់គណបក្សប្រជាជនដើម្បីយកឈ្នះក្នុងការបោះឆ្នោតខាងមុខនេះ។​ ​ សារ​ព័ត៌​​​មាន​នេះ​ផ្សាយតែ​ពីដំណើរការមុនការបោះឆ្នោតតែប៉ុណ្ណោះ ពោលគឺផ្ដោតតែលើ​ការឃោសនា​រកសម្លេង​ឆ្នោត​របស់​គ​ណបក្ស​ប្រជា​ជន និង​គណបក្សនានា។

សារព័ត៌មាននេះបានដកស្រង់សំដី លោក ហ៊ុន សែន ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​ដំបូងថា ​៖​

បើស្រលាញ់សន្តិភាព ការអភិវឌ្ឍន៍ សូមបោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា»។ ទោះយ៉ាងណា​ស៊ិនហួរ​ក៏​មិនបាន​ភ្លេច​និយាយ​ពី​អតីត​គណបក្សសង្រ្គោះ​ជាតិ​ដែរ ប៉ុន្តែសារព័ត៌មានរបស់ចិន​មួយនេះសង្កត់ធ្ងន់​តែលើមូលហេតុ​ដែលជម្រុញ​ឲ្យ​តុលាការ​កម្ពុជា​​​រំលាយអតីត​បក្សប្រឆាំង​មួយ​នេះតែប៉ុណ្ណោះ

យោងទៅតាម​​បញ្ជីឈ្មោះបោះឆ្នោតចុងក្រោយគេបង្អស់របស់​គណកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត​ ចំនួន​ប្រជាពល​រដ្ឋ​​ដែលបានចុះ​ឈ្មោះបោះឆ្នោត​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦នេះ​ មានចំនួនជិត ៨,៤​ លាននាក់​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ