សាលាដំបូងខេត្តកំពង់ធំបានសម្រេចចោទប្រកាន់ អតីតមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករិះគន់ស្ថាប័នដែលលោកធ្លាប់ធ្វើការ។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកំពង់ធំ ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សន សំនៀង ត្រូវបានតុលាការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យពីបទ បរិហាកេរ្តិ៍ជាសាធារណៈ (តាមបណ្តាញសង្គមហ្វេសប៊ុក) និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។ ករណីនេះចៅក្រមស៊ើបសួរបញ្ជាឲ្យប្រធានពន្ធនាគារខេត្តនេះ ឃុំខ្លួនជនត្រូវចោទដើម្បីរង់ចាំការបន្តនីតិវិធីផ្លូវច្បាប់។
ក្នុងសន្និសីទកាសែតនាព្រឹកនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានថ្លែងថា លោក សំនឿង បានប្រើហិង្សាលើគ្រួសារ បាញ់បោះដោយសេរី ដេញចាប់ឈើ និងចុះចាប់គ្រឿងញៀន ខុសពីតួនាទី និងនិយាយក្នុងហ្វេសប៊ុកញុះញង់នាំឲ្យមានចលាចលអាចធ្វើឲ្យសាធារណៈមានភាន់ច្រឡំជាដើម។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា ដែលអះអាងបានតាមដានករណីនេះ ជំរុញទៅស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងយុត្តិធម៌ត្រូវធ្វើការស៊ើបអង្កេតសំណុំរឿងនេះឲ្យបានល្អិតល្អន់ ដោយថាដើម្បីឲ្យភាគីពាក់ព័ន្ធទទួលបានយុត្តិធម៌។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា
នៅក្នុងបណ្ដាញសង្គមឈ្មោះ «យមរាជលោកិយ៍» ដែលត្រូវបានចែកចាយតគ្នា ឈ្មោះ សន សំនៀង បានផ្សាយផ្ទាល់ជាបន្តបន្ទាប់នៅអំឡុងខែកក្កដានេះថា ខ្លួនត្រូវបានបាត់បង់ដំណែងក្នុងកងរាជអាវុធហត្ថទាំងអយុត្តិធម៌ ដោយសារការបង្ក្រាបបទល្មើសគ្រឿងញៀន ១៧២ គីឡូក្រាម កាលពីឆ្នាំ ២០១៣ ដែលលោកថាជារបស់បុគ្គលមានឥទ្ធិពល។