កំណើនចំណូលសេដ្ឋកិច្ចពីវិស័យកសិកម្មក្នុងឆ្នាំ២០១៨ ត្រូវបានប៉ាន់ប្រមាណថាមានការកើនឡើងតិចតួចបើធៀបទៅនឹងឆ្នាំ២០១៧។
ក្រាហិ្វចកំណើនសេដ្ឋកិច្ចកម្ពុជាដែលចេញផ្សាយដោយធនាគារជាតិ បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨បង្ហាញថា វិស័យកសិកម្មមានការកើនឡើងត្រឹមតែជាង២ភាគរយប៉ុណ្ណោះ ខណៈឧស្សាហកម្មមានកំណើន១០,២ភាគរយ និងសេវាកម្ម ៦,៥ភាគរយ។
ធនាគារជាតិលើកឡើងថាការកើនឡើងជាង២ភាគរយនេះគឺប្រហាក់ប្រហែលទៅនឹងឆ្នាំមុខដូចគ្នា។
ការកើនឡើងមានចំនួនទាបនេះត្រូវបានធានាគារជាតិលើកឡើងថា ដោយសារតែមានការថមថយកម្លាំងពលកម្មពីស្រែចម្ការទៅធ្វើការក្នុងវិស័យផ្សេង ពិសេសការបម្រើការងារនៅបរទេស និងវិស័យកាត់ដេរ ដែលនាំឲ្យមានកំណើនប្រជាជនធ្វើចំណាកស្រុកច្រើន គួបផ្សំនឹងកំណើនការប្រើប្រាស់គ្រឿងយន្តសម្រាប់ជំនួសកម្លាំងពលកម្ម។
ធនាគារជាតិក៏បានឲ្យដឹងបន្ថែមថា វិស័យពីរដែលរក្សាឲ្យវិស័យកសិកម្មងើបឡើងគឺកំណើននៃដំណាំស្រូវ និងកៅស៊ូ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ហ៊ាន វណ្ណហន មានប្រសាសន៍ថា ការកើនឡើងតិចតួចនេះមិនចម្លែកនោះទេនៅពេលដែលសេដ្ឋកិច្ចប្រទេសមួយមានការរីកចម្រើន ហើយនេះជាសញ្ញាណល្អ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ហ៊ាន វណ្ណហន
ក្នុងរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣-២០១៧ បានបង្ហាញថាការក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ផ្ទៃដីដាំដំណាំស្រូវបានពង្រីកពីផ្ទៃដី៣,០៥លានហិកតានៅក្នុងឆ្នាំ២០១៣ កើនដល់ ៣,២១លានហិកតានៅ ឆ្នាំ២០១៧ ពោលគឺកើនឡើងប្រមាណ ៥ ភាគរយ។
ចំណែកផលិតកម្មស្រូវបានកើនពី ៩,៣៩លានតោន នៅឆ្នាំ២០១៣ ឡើងដល់១០,៥១លានតោននៅឆ្នាំ២០១៧គឺកើនជិត១២ភាគរយ។
ផ្ទៃដីកៅស៊ូកម្ពុជាសរុបបានកើនពីជាង ៣២៨ពាន់ហិកតានៅឆ្នាំ២០១៣ ដល់៤៣៦ពាន់ហិកតានៅឆ្នាំ២០១៧ កើនជិត ៣៣ភាគរយ។ ហើយការនាំចេញកៅស៊ូឆ្នាំ២០១៧ មានជិត ១៨៩តោន សើ្មនឹងទឹកប្រាក់ប្រមាណ២៩៩លានដុល្លារអាមេរិក បើធៀបនឹង ឆ្នាំ២០១៣ ដែលការនាំចេញមានប្រមាណ៨៦តោន ស្មើនឹងទឹកប្រាក់ ១៨៩.៤១លានដុល្លារអាមេរិក ដែលមានអត្រាកំណើនប្រចាំឆ្នាំ ២១.៧១ភាគរយ។
ប្រធានអង្គការសេដាក លោកស្រី តុង ចាន់ឃាង មានប្រសាសន៍ថាវិស័យកសិកម្មកម្ពុជាមួយរយៈចុងក្រោយនេះមានការកើនឡើង តែស្ថិតក្នុងបញ្ហាប្រឈមជាច្រើន ដែលរដ្ឋាភិបាលគួរតែមានដំណោះស្រាយដើម្បីរក្សាកំណើនសេដ្ឋកិច្ចក្នុងវិស័យនេះ។
ប្រធានអង្គការសេដាក លោកស្រី តុង ចាន់ឃាង
បើតាមលោកស្រី តុង ចានឃាង រដ្ឋាភិបាលគួរធ្វើយ៉ាងណាធានានូវតម្លៃទីផ្សារកសិកម្មសម្រាប់កសិករ បង្កើននូវហេដ្ឋារចនាសម្ព័នផ្លូវស្ពាន និងជាពិសេសគួរមានការយកចិត្តទុកដាក់ពង្រីកប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើនដល់កសិករ។
គួរបញ្ជាក់ផងដែរចាប់ពីឆ្នាំ២០១២មក វិស័យកសិកម្មហាក់កាន់តែមានការថមថយកំណើនដែលធ្លាក់ចុះរហូតដល់ប្រមាណ១ភាគរយប៉ុណ្ណោះនៃសេដ្ឋកិច្ចជាតិនៅឆ្នាំ២០១៤ និង២០១៥ ហើយទើបតែមានកំណើនឡើងវិញនៅរយៈពេល៣ឆ្នាំចុងក្រោយនេះបន្តិចប៉ុណ្ណោះ។ តែទោះជាយ៉ាងណារដ្ឋាភិបាលនៅតែអះអាងថាការធ្លាក់ចុះនៃវិស័យកសិកម្មនេះដោយសារតែមានការរីកចំរើននៃសេដ្ឋកិច្ច និងសម្បូរការងារដល់ប្រជាពលរដ្ឋ៕









