មេដឹកនាំ​ជប៉ុនប្តេជ្ញាធ្វើ​គ្រប់យ៉ាងដើម្បីជួយអ្នកដែលរស់រានមានជីវិតក្រោយគ្រោះទឹកជំនន់

នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានទៅពិនិត្យផ្ទាល់កន្លែងស្នាក់នៅសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Mabi ខេត្ត អូកាយ៉ាម៉ា (Okayama) នៅថ្ងៃទី 11 ខែកក្កដាឆ្នាំ 2018 (រូបភាព៖ theguardian.com)

គ្រោះធម្មជាតិទឹកជំនន់និងបាក់ដីនៅប្រទេសជប៉ុនដែលកើតឡើងកាលពីថ្ងៃ៥ កក្កដា និងចប់ទៅវិ​ញកាល​ពីថ្ងៃ​ទី៩ខែកក្កដា ​ឆ្នាំ២០១៨នេះ ជាគ្រោះមហន្តរាយអាក្រក់ជាង​គេក្នុងកំឡុងពេល៣៥​ឆ្នាំមក​នេះសំរាប់​ប្រទេស​ជប៉ុន​។

យោងតាមសារពត៌មាន Reuters  របស់អង់គ្លេស ចុះផ្សាយពីថ្ងៃទី១១បានអោយដឹងថា លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុននិយាយទៅការអ្នកយកពត៌មានថា រដ្ឋាភិបាលជប៉ុន​នឹងធ្វើគ្រប់យ៉ាងដែល​អាយជួយ​ទៅ​ដល់អ្នកដែលនៅ​រស់រានមានជីវិត។

យើងនឹងព្យាយាមដោះស្រាយការិយាធិតេយ្យទាំងអស់ដើម្បីធានានូវផលិតផលដែលជាតម្រូវ​ការរបស់ប្រជាពលរដ្ឋសំរាប់ជីវិតរបស់គេ ដើម្បី​ធ្វើអោយមានភាពប្រសើរឡើងក្នុងការរស់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន ដូចជាផ្តល់នូវម៉ាស៊ីន​ត្រជាក់​ពេលដែលកម្តៅក្តៅ និងធានាផ្ដល់​នូវលំនៅដ្ឋានបណ្តោះអាសន្ន ក៏ដូចជា​អ្វីៗដែលប្រជាពលរដ្ឋ​ត្រូវការសំរាប់​កសាងជីវិត​ពូកគេ​ឡើងវិញ

លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន

សារព័ត៌មាន​ដដែលបានបន្តអោយដឹងថា រដ្ឋាភិបាលលោក Shinzo Abe បានត្រៀម​នូវថវិកាចំនួន ៤រយពាន់​លាន​យ៉េន ប្រមាណជាជាង ៣,៦ពាន់លានដុល្លារសំរាប់ការស្តារឡើងវិញពីការបំផ្លិចបំផ្លាញ​របស់គ្រោះទឹក​ជំនន់​និង​បាក់ដី​នេះ។

តាមការចុះផ្សាយរបស់សារពត៌មាន the Japan Times  ចេញផ្សាយ​កាល​ពីថ្ងៃទី២២ ខែកក្កដា គ្រោះទឹកជំនន់​និងបាក់ដី​នៅ​ប្រទេស​​ជប៉ុន បានសម្លាប់មនុស្ស ២២៤ ហើយគេប៉ាន់ស្មានថា​ការ​បំផ្លាញរបស់មហន្តរាយមួយនេះ បើគិតជាថវិការអស់ប្រមាណជាជាង ១ពាន់លានដុល្លារអាមេរិច។

ប្រភពដដែលបានបន្តថា រដ្ឋាភិបាលជប៉ុន​បាន​ផ្តល់ជាជំនួយសាធារណៈដល់តំបន់ដែលទទួលរងគ្រោះទាំងនោះ​។  ចំពោះ​ការងារសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ រដ្ឋាភិបាលប្រទេសនេះនឹងបញ្ចេញ​ប្រាក់ទំនុកបម្រុង​ពិសេសក្រោម​ច្បាប់ស្តីពីជំនួយសាធារណៈពិសេសសម្រាប់ដោះស្រាយបញ្ហាគ្រោះមហន្តរាយ។

តាមសារព័ត៌មាន​ Mainchi របស់ជប៉ុនដែល​ចុះផ្សាយកាលពីថ្ងៃទី១៦នេះ កញ្ចប់ថវិកាជំ​នួយឧបត្ថម្ភដំបូងរបស់​រដ្ឋាភិបាល​ជប៉ុននឹងផ្តល់នូវជា​ការជួយសម្រួល​​ជាថវិកា​សំរាប់​ជំនួញ​ណា​ដែល​បំផ្លាញដោយទឹកជំនន់ដោយផ្តល់​នូវប្រាក់កម្ចី​ដោយគ្មាន​ការប្រាក់ទៅដល់ ក្រុមហ៊ុនកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទជាដើម ចំណែកឯក្រុមហ៊ុនខ្នាតតូចអាចមានពេលវេលាបន្ថែមក្នុងការសងបំណុលរបស់ពូកគេ។​

សារព័ត៌មាន ASIAN REVIEW កាលពីថ្ងៃទី​២០បានចុះផ្សាយពីគំរោង​ជួសជុលឡើងវិញនូវ​ហេដ្ឋា​រចនា​សម្ព័ន្ធនិងការខូចផ្សេងៗទៀត។ សមត្ថកិច្ចប៉ានស្មានការចំណាយទៅលើការជួសជុល ស្ពាន ថ្នល់ និងផ្លូវរថ​ភ្លើង​ជា​ដើមនោះ​ គិតជាទឹកប្រាក់ប្រមាណ ២,៣៩ ពាន់លានដុលា្លរ ។ ចំណែកឯ ៨៥លានដុល្លារផ្សេងទៀតត្រូវការសំរាប់ ស្តារដីចំការ ក៏ដូចជាផ្លូវថ្នល់ផ្សេងៗទៀត និង ២លានដុល្លារ សំរាប់ជួសជុលឃ្លាំងស្តុកនិងកន្លែងផ្សេង​ទៀតដែល​ជាកម្មសិទ្ធិរបស់សហករណ៍កសិកម្មនិងនេសាទ។

ខណៈដែលផលប៉ះពាល់នៃ​គ្រោះទឹកជំនន់នៅមិនទាន់អាចស្តារឡើងវិញបាន​ផង​ ប្រទេសជប៉ុនពេល​កំពុងតែជួប​រលក​កម្ដៅដែល​​បានកើនឡើងខ្លាំងរហូតដល់៤០អង្សារសេ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ ៧៧នាក់ និងជាង ៣០០០០​នាក់ ទៀតបញ្ជូនទៅមន្ទីរពេទ្យគិតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២២កក្កដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់​ងារ​សារព័ត៌មានជប៉ុន Kyodo ដែលចេញផ្សាយនៅថ្ងៃនេះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ