បក្សនយោបាយមួយចំនួន​មិនដាក់បញ្ហាជនអន្តោប្រវេសន៍ក្នុង​សារអាទិភាពសម្រាប់ឃោសនា​ទេ

ជនជាតិចិនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីពេលកន្លងទៅ (ដោយ បូ សាវី)

គណបក្សនយោបាយមួយចំនួន បានអះអាងថា ពួកគេ​មិនបានដាក់បញ្ចូលសារដែល​ជាគោលនយោបាយ​ស្តីពី​​​ជនអន្តោប្រវេសន៍ នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត​នោះទេ ដោយ​លើកហេតុផល​ផ្សេងៗគ្នា​​។

អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច​ លោក ញ៉េ​ប ប៊ុនជិន​ មានប្រសាសន៍ថា គណបក្សរបស់លោកបានដាក់សារអាទិភាពសំខាន់ៗសំរាប់ឃោសនារកសំឡេងឆ្នោតមាន១៤ចំណុច រួមមាន ជួយប្រជាពលរដ្ឋក្រីក្រ រកទីផ្សារជូនកសិករ ដោះស្រាយដី សម្បទាន និងដោះស្រាយកម្ចីមីក្រូហិរញ្ញវត្ថុជូនប្រជាពលរដ្ឋជាដើម។

ដោយ​ឡែក បញ្ហាអន្តោប្រវេសន៍ លោក ប៊ុនជិន អះអាងថា ក៏មាននៅក្នុងសៀវភៅគោលនយោបាយដែរ ប៉ុន្តែលោកថា គណបក្សមិនបានយកទៅដាក់នៅក្នុងចំណុច​អាទិភាពនោះទេ ដោយថា នៅពេលគណបក្សរបស់លោកឈ្នះឆ្នោត នឹងធ្វើឲ្យសេដ្ឋកិច្ច​រីកចំរើន ហើយបញ្ហា​ទាំងអស់នឹងដោះស្រាយ​បាន។

ជីវភាពប្រជាពលរដ្ឋដែលក្រ ដែលយើង​ធ្វើម៉េច​ឲ្យគាត់​មានជីវភាពស្រួល​ មិនមែនមានទេ គ្រាន់តែឲ្យគាត់មានជីវភាពធូស្រាល​ កុំជំពាក់លុយគេ មានការងារធ្វើ​នៅក្នុងស្រុក ដូចការពារ​ដេញយួន

អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច​ លោក ញ៉េ​ប ប៊ុនជិន​

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ ប្រហាក់ប្រហែលនឹងលោក ប៊ុនជិន ដែរ ។

យើងត្រូវរៀបចំសេដ្ឋកិច្ចប្រទេសមួយខ្លាំង ឲ្យប្រជាពលរដ្ឋចេះដឹង បានយើងឈានទៅដល់ដោះស្រាយជនអន្តោប្រវេសន៍ រឿងផ្សេងៗបាន

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន

អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក កូវ គា មានប្រសាសន៍ថា មូលហេតុ​ដែលនាំឲ្យគណបក្សរបស់លោកមិ​នដាក់​ជនអន្តោប្រវេសន៍ក្នុង​​ចំណុចអាទិភាពទាំង៨របស់គណបក្ស នៅពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយសារគណបក្សរបស់លោក​យល់ថា បច្ចុប្បន្ននេះ ការដឹកនាំបក្សកាន់អំណាចធ្វើឡើងតាមរយៈអំណាច​ប្រមូលផ្តុំ​។

បើយើងចង់ដោះស្រាយមុន ដំបូងយើង​ត្រូវ​​បំបែកអំណាច ទាមទារភាពជាម្ចាស់របស់យើងមក​វិញសិន ឲ្យយើងមានអំណាច​សិន​[…]ទើបយើងមានសិទ្ធិទាមទារ​អ្វីបាន ប៉ុន្តែរាល់ថ្ងៃ​ អ្វីក៏យើងអត់ដល់​ពេលយើងចេះតែទាមទា​រ

អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក កូវ គា

ចំណែក អ្នកនាំពាក្យគណបក្សគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាចមិនមានសារផ្ញើទៅម្ចាស់ឆ្នោតជុំវិញជនអន្តោប្រវេសន៍នោះទេ។

យើងអត់មានសារអ្វីចំឡែកទេ យើងធ្វើទៅតាម​ការជាក់ស្តែង​ស្រប​ទៅតាមកម្មវិធីនយោបាយ​គណបក្ស​តែប៉ុណ្ណោះ បញ្ហា​សំខាន់​គឺមានគណបក្សប្រជាជន មានសម្តេច​តេជោហ៊ុន សែន មានសន្តិភាព និងមានការអភិវឌ្ឍន៍ប្រទេសជាតិ

អ្នកនាំពាក្យគណបក្សគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News ដែលចេញផ្សាយកាលពីខែមេសាកន្លងទៅ ​​មេដឹកនាំវៀតណាមបានស្នើសុំឲ្យ​កម្ពុជា ផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួន ១៧​ម៉ឺន​នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ